ប្រធានផ្នែកព័ត៌មានទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ កំពុងពិនិត្យពីលក្ខខណ្ឌច្បាប់ ដើម្បីឆ្លើយតបទៅនឹងកងកម្លាំងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ដែលប្រើកងកម្លាំងនាំខ្លួនភ្នាក់ងារទូរទស្សន៍នេះប្រចាំខេត្តមណ្ឌលគិរី ពីបទចោទប្រកាន់ផ្សាយព័ត៌មានបរិហារកេរ្តិ៍។ មន្ត្រីសិទ្ធិមនុស្ស អំពាវនាវឲ្យស្ថាប័នពាក់ព័ន្ធ ស៊ើបអង្កេតករណីចោទប្រកាន់គ្នានេះ។
ប្រធានផ្នែកព័ត៌មានទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ នៅមិនទាន់សម្រេចចិត្តជាក់លាក់ថា នឹងធ្វើការតបតបែបណា ខណៈដែលកងកម្លាំងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បាននាំខ្លួនភ្នាក់ងារយកព័ត៌មានរបស់អង្គភាពនេះ ក្នុងបទចោទថាផ្សាយព័ត៌មានបរិហារកេរ្តិ៍។
នៅវេលាម៉ោងជាង ៨ ព្រឹកថ្ងៃទី១១ ខែកុម្ភៈ កងកម្លាំងរាជអាវុធហត្ថចំនួនពីររថយន្តតូចមានគ្នាប្រមាណ ៥នាក់ទៅ ៦នាក់ ប្រដាប់ដោយអាវុធ បាននាំខ្លួនភ្នាក់ងារទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ ប្រចាំខេត្តមណ្ឌលគិរី គឺលោក វ៉ាន់ ទិត្យ ពីគេហដ្ឋានរបស់លោកនៅភូមិអូរអាម ឃុំស្រែខ្ទុំ ស្រុកកែវសីមា ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត រហូតមកទល់នឹងម៉ោងជាង ១០ ទើបអនុញ្ញាតឲ្យទៅលំនៅឋានវិញ។
ប្រធានផ្នែកព័ត៌មានទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ លោក ឯម ប៉ុនធឿន ចាត់ទុកការនាំខ្លួនភ្នាក់ងារក្រោមការគ្រប់គ្រងរបស់អង្គភាពទូរទស្សន៍ដោយគ្មានដីកានាំខ្លួន ជាការរំលោភច្បាប់ស្ដីពីក្រមនីតិព្រហ្មទណ្ឌ។ លើសពីនេះទៀត អំពើនេះគឺជាការធ្វើឲ្យប៉ះពាល់ដល់សេរីភាពអ្នកសារព័ត៌មាន និងរំលោភទៅលើច្បាប់ស្ដីពីរបបសារព័ត៌មាននៅប្រទេសកម្ពុជា។ លោកអះអាងថា បានផ្សាយព័ត៌មានទាក់ទិនទៅនឹងការចោទប្រកាន់មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ជាប់ពាក់ព័ន្ធជំនួញឈើខុសច្បាប់ ទើបធ្វើឲ្យកងកម្លាំងអាវុធហត្ថ ប្រើកងកម្លាំងនាំខ្លួនអ្នកយកព័ត៌មានទូរទស្សន៍នេះ។ លោកថា បើទោះជាយ៉ាងណា ការរាយការណ៍នោះបានធ្វើឡើងត្រឹមត្រូវតាមវិជ្ជាជីវៈសារព័ត៌មាន៖ « យើងអត់យកកំហឹងទល់កំហល់ទេ យើងអត់យកច្បាប់ព្រៃដូចគេចាប់ខ្លួនយើងទេ។ យើងកំពុងសិក្សាជាមួយអ្នកច្បាប់ ថាតើយើងធ្វើអ្វីបាន ដើម្បីការពារសិទ្ធិសេរីភាពសារព័ត៌មានផង និងការពារសេចក្តីថ្លៃថ្នូរអ្នកសារព័ត៌មានយើង»។
ឆ្លើយតបការចោទប្រកាន់នេះ មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី លោក សាក់ សារាំង អះអាងថា ការនាំខ្លួនអ្នកសារព័ត៌មាននេះ ធ្វើឡើងតាមក្រមនីតិវិធីនៃការនាំខ្លួនត្រឹមត្រូវ ដោយមានការឯកភាពពីមន្ត្រីអយ្យការ ក្នុងករណីបទល្មើសបរិហារកេរ្តិ៍ជាក់ស្តែង។ លោកបដិសេធថា មិនមានជាប់ពាក់ព័ន្ធជំនួញឈើខុសច្បាប់នោះទេ ទើបនាំខ្លួនអ្នកសារព័ត៌មានមកសាកសួរបញ្ជាក់ការពិត៖ « យើងគ្មានធ្វើខុសស្អី មន្ត្រីនគរបាលយុត្តិធម៌យើងធ្វើអ្វីឆ្លងព្រះរាជអាជ្ញាទាំងអស់។ អ្នកសារព័ត៌មាន ត្រូវមានក្រមសីលធម៌ បើពិតយើងផ្សាយចុះ តែបើមិនពិតពាក់ព័ន្ធបរិហារកេរ្តិ៍ហើយ»។
អ្នកយកព័ត៌មានឲ្យទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ ប្រចាំខេត្តមណ្ឌលគិរី លោក វ៉ាន់ ទិត្យ បញ្ជាក់ឲ្យដឹងថា លោកមិនបានសរសេរព័ត៌មានពាក់ព័ន្ធមន្ត្រីអាវុធហត្ថធ្វើជំនួញឈើនោះទេ គឺព័ត៌មាននេះជាការផ្សាយរបស់ផ្នែកព័ត៌មានរបស់អង្គភាពទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩។ លោកចាត់ទុកការប្រើកងកម្លាំងនាំខ្លួនលោកមកសាកសួរ ថាជាការគំរាមកំហែងស្មារតីអ្នកសារព័ត៌មាន។
មន្ត្រីសម្របសម្រួលនៃសមាគមអាដហុក (ADHOC) ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា កត់សម្គាល់ថា សមត្ថកិច្ចកងរាជអាវុធហត្ថ គឺជានគរបាលយុត្តិធម៌ មានសិទ្ធិនាំខ្លួនជនសង្ស័យណាដែលជាប់ទាក់ទិនបទល្មើសជាក់ស្តែង ដោយមិនចាំបាច់មានដីកានាំខ្លួន ប៉ុន្តែត្រូវជូនដំណឹងដល់មន្ត្រីអយ្យការ ស្ដីពីការនាំខ្លួនជនសង្ស័យនោះ។ យ៉ាងណាក៏ដោយលោកថា មន្ត្រីអាវុធហត្ថមិនគួរដើរតួនាទីជាដើមបណ្ដឹងផង និងជាមន្ត្រីនគរបាលយុត្តិធម៌ដោយខ្លួនឯងនោះឡើយ។ ទាក់ទិនរឿងក្តីនេះ លោកថា ស្ថាប័នពាក់ព័ន្ធត្រូវស៊ើបអង្កេតរកឲ្យឃើញថា តើមន្ត្រីអាវុធហត្ថពិតជាមានពាក់ព័ន្ធបទល្មើសព្រៃឈើដូចការផ្សាយ ឬមួយការផ្សាយនោះគ្មានការពិត និងជាលក្ខណៈបរិហារកេរ្តិ៍ ដើម្បីផ្តល់យុត្តិធម៌ដល់គូភាគី៖ «បើសិនជាករណីហ្នឹងជាបទល្មើសជាក់ស្តែង គេអាចសុំគោលការណ៍ពីព្រះរាជអាជ្ញា ហើយឃាត់ ខ្លួនតែម្តង ប៉ុន្តែបើសិនជាបទល្មើសមិនជាក់ស្តែង គេត្រូវសុំដីកាពីព្រះរាជអាជ្ញា ហើយឃាត់ខ្លួន»។
ទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ កាលពីថ្ងៃទី១០ ខែកុម្ភៈ បានផ្សាយព័ត៌មានពាក់ព័ន្ធមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី លោក សាក់ សារាំង ថាបានធ្វើជំនួញឈើខុសច្បាប់ ខណៈរាជរដ្ឋាភិបាល កំពុងចាត់វិធានការក្តៅបង្កើតគណៈកម្មការទប់ស្កាត់ និងបង្ក្រាបការនាំឈើឆ្លងដែនដោយខុសច្បាប់ទៅប្រទេសវៀតណាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
