សមត្ថកិច្ច​មិន​ទាន់​រក​ឃើញ​យុវជន ខឹម សូផាត ដែល​បាត់​ខ្លួន​ក្នុង​ហេតុការណ៍​នៅ​ផ្លូវ​វ៉េងស្រេង

0:00 / 0:00

នៅ​ក្នុង​ទិវា​អន្តរជាតិ​ជន​រងគ្រោះ​នៃ​ការ​បាត់​ខ្លួន​ដោយ​បង្ខំ អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស ស្នើ​ឲ្យ​រដ្ឋាភិបាល​រក្សា​ជំហាន​ជា​វិជ្ជមាន ចំពោះ​ការ​បាត់​ខ្លួន​ដោយ​បង្ខំ និង​ត្រូវ​ស៊ើប​អង្កេត​ឲ្យ​បាន​ត្រឹមត្រូវ លើ​ករណី​នៃ​ការ​បាត់​ខ្លួន​យុវជន ខឹម សូផាត នៅ​ក្នុង​ហេតុការណ៍​កង​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​បាតុករ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤ នៅ​ផ្លូវ​វ៉េងស្រេង។ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល បញ្ជាក់​ថា ករណី​នេះ​តុលាការ​មិន​ទាន់​បិទ​បញ្ចប់​ការ​ស្រាវជ្រាវ​នៅ​ឡើយ​ទេ។

ឪពុក​ម្តាយ​របស់​យុវជន ខឹម សូផាត ទទូច​ដល់​អាជ្ញាធរ​កម្ពុជា និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ អន្តរជាតិ ស៊ើប​អង្កេត​រក​កូន​របស់​ពួក​គាត់ បើ​ទោះ​បី​ស្លាប់​ក៏​ត្រូវ​ស្វែងរក​ឲ្យ​ឃើញ​នូវ​សាកសព​ដែរ។

យុវជន ខឹម សូផាត បាន​បាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤ ក្នុង​កូដកម្ម​សុំ​ដំឡើង​ប្រាក់​ខែ​នា​ផ្លូវ​វ៉េងស្រេង ក្រុង​ភ្នំពេញ។ យុវជន ខឹម សូផាត មាន​អាយុ ១៦​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ភូមិ​បឹងក្រៀល ឃុំ​អង្គតាសូ ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង។

ឪពុក​របស់​យុវជន ខឹម សូផាត លោក ខឹម សឿន និយាយ​ថា កូន​របស់​លោក​បាត់​សូន្យ​គ្មាន​ដំណឹង ហើយ​អាជ្ញាធរ​មាន​សមត្ថកិច្ច ក៏​មិន​ដែល​សួរ​នាំ និង​ផ្តល់​ដំណឹង​អ្វី​ដល់​រូប​លោក​ជុំវិញ​ការ​បាត់​ខ្លួន​កូន​របស់​លោក​នោះ​ដែរ។ ការ​បាត់​ខ្លួន​កូន ធ្វើ​ឲ្យ​លោក​ដេក​មិន​លក់ បក់​មិន​ល្ហើយ ដង្ហោយ​ហៅ​កូន​ស្ទើរ​រាល់​ថ្ងៃ​ដោយ​គិត​ថា ក្រែង​ថ្ងៃ​ណា​មួយ​កូន​របស់​លោក​អាច​ត្រឡប់​មក​វិញ។

រីឯ​ម្តាយ​របស់​យុវជន ខឹម សូផាត លោកស្រី អ៊ីន លក្ខណា ប្រាប់​វិទ្យុ​អាស៊ីសេរី ថា លោកស្រី​បាន​ដើរ​រក​អស់​គ្រប់​មន្ទីរពេទ្យ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​ផ្សេងៗ ក្រែង​បាន​ជួប​កូន​របស់​លោកស្រី។ ការ​ឈឺ​ចាប់ និង​ក្តី​នឹក​រឭក​កើត​មាន​ជានិច្ច​ជា​កាល នៅ​ពេល​មាន​បុណ្យ​ទាន​ម្តងម្កាល​នៅ​ក្នុង​ភូមិ ព្រោះ​កូន​គេ​គ្រប់​គ្នា​បាន​មក​លេង​ផ្ទះ​សំពះ​ម្តាយ ជួប​ជុំ​គ្រួសារ​សាច់ញាតិ​ក្នុង​ភូមិ​ផង​របង​ជាមួយ តែ​មិន​មាន​ឡើយ​វត្តមាន​កូន​របស់​លោកស្រី នៅ​ពេល​មាន​បុណ្យ​ទាន​ម្ដងៗ ដោយសារ​តែ​កូន​គាត់​បាត់​គ្មាន​ដំណឹង​សោះ មិន​ដឹង​ថា​ស្លាប់ ឬ​រស់​នោះ។ លោកស្រី​បញ្ជាក់​ថា បើ​សិន​ស្លាប់​សូម​ឲ្យ​ឃើញ​ឆ្អឹង​ផង ព្រោះ​ម្តាយ​នឹក​កូន​ណាស់។ ដើម្បី​ចង់​ជួប​មុខ​កូន​ជា​ទី​ស្រឡាញ់​ស្មើ​ជីវិត លោកស្រី​បាន​ទៅ​រក​គ្រូ​ទាយ​ខាប​ព្រលឹង​តាម​ជំនឿ​បែប​ព្រហ្មញ្ញសាសនា។ ពេល​ទៅ​រក​គ្រូ​ខាប​ព្រលឹង គ្រូ​នោះ​និយាយ​ដូច្នេះ​ថា៖ «»។

សមត្ថកិច្ច​បង្ក្រាប​លើ​កម្មករ​នាំ​គ្នា​ធ្វើ​បាតុកម្ម​តវ៉ា​សុំ​ដំឡើង​ប្រាក់​ខែ​គោល ១៦០​ដុល្លារ នៅ​តាម​បណ្ដោយ​ផ្លូវ វ៉េង ស្រេង រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​៣ មករា ២០១៤។ ក្នុង​ការ​បង្ក្រាប​នោះ​មាន​មនុស្ស ៥​នាក់​បាន​ស្លាប់ និង​ជិត ៤០​នាក់​ផ្សេង​ទៀត​រង​របួស។
សមត្ថកិច្ច​បង្ក្រាប​លើ​កម្មករ​នាំ​គ្នា​ធ្វើ​បាតុកម្ម​តវ៉ា​សុំ​ដំឡើង​ប្រាក់​ខែ​គោល ១៦០​ដុល្លារ នៅ​តាម​បណ្ដោយ​ផ្លូវ វ៉េង ស្រេង រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​៣ មករា ២០១៤។ ក្នុង​ការ​បង្ក្រាប​នោះ​មាន​មនុស្ស ៥​នាក់​បាន​ស្លាប់ និង​ជិត ៤០​នាក់​ផ្សេង​ទៀត​រង​របួស។

មក​ទល់​ពេល​នេះ យុវជន ខឹម សូផាត បាន​បាត់​ខ្លួន​ជាង​មួយ​ឆ្នាំ​មក​ហើយ តែ​ការ​ស៊ើប​អង្កេត​របស់​អាជ្ញាធរ ក៏​មិន​ទាន់​បាន​លាត​ត្រដាង​ឲ្យ​សាធារណជន​ដឹង​ច្បាស់លាស់ ពី​ករណី​បាត់​ខ្លួន​នេះ​នៅ​ឡើយ​ដែរ។ នៅ​បន្ទាប់​ពី​ការ​បាត់​ខ្លួន​ភ្លាមៗ​ក្នុង​ឆ្នាំ​២០១៤ អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ ប្រចាំ​នៅ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) បាន​ចេញ​របាយការណ៍​ម្ដង​ហើយ​ម្ដង​ទៀត ដើម្បី​ឲ្យ​រដ្ឋាភិបាល​ធ្វើ​ការ​ស៊ើប​អង្កេត​ដោយ​តម្លាភាព និង​ច្បាស់លាស់ ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ជន​រងគ្រោះ​នៅ​ក្នុង​ហេតុការណ៍​បង្ក្រាប​នៅ​ផ្លូវ​វ៉េងស្រេង កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤ នោះ។

ជុំវិញ​ការ​បាត់​ខ្លួន​សូន្យ​មិន​មាន​ដំណឹង​របស់​យុវជន ខឹម សូផាត នេះ ត្រូវ​បាន​អង្គការ​សិទ្ធិ​មនុស្ស​ជាច្រើន មាន​ជាអាទិ៍ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) អង្គការ​លីកាដូ (LICADHO) និង​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​អន្តរជាតិ ជាដើម បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​៣០ សីហា ដែល​ជា​ទិវា​អន្តរជាតិ​ជន​រងគ្រោះ​បាត់​ខ្លួន​ដោយ​បង្ខំ ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា ត្រូវ​តែ​បើក​ការ​ស៊ើប​អង្កេត​ស្រាវជ្រាវ និង​ដោះស្រាយ​ជូន​ជន​រងគ្រោះ ដើម្បី​ឲ្យ​ទទួល​បាន​យុត្តិធម៌​ដោយ​ស្មើ​ភាព​គ្នា​ចំពោះ​ច្បាប់ និង​ត្រូវ​ចាប់​ជន​សង្ស័យ​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់។

ទន្ទឹម​នឹង​នេះ​ដែរ កម្ពុជា គឺ​ជា​រដ្ឋ​ភាគី​កាល​ពី​ឆ្នាំ​២០១៣ នៃ​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​ការ​ការពារ​ជន​គ្រប់​រូប​ពី​ការ​បាត់​ខ្លួន​ដោយ​បង្ខំ។ ម៉្លោះ​ហើយ អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា កម្ពុជា ជា​រដ្ឋ​ភាគី​ត្រូវ​គោរព​តាម​អនុសញ្ញា​អន្តរជាតិ​នេះ។

មាត្រា​១ នៃ​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​ការ​ការពារ​ជន​គ្រប់​រូប​ពី​ការ​បាត់​ខ្លួន​ដោយ​បង្ខំ ចែង​ថា គ្មាន​ជន​ណា​ម្នាក់​ត្រូវ​ស្ថិត​ក្រោម​ការ​បាត់​ខ្លួន​ដោយ​បង្ខំ​ឡើយ។ ទោះ​ជា​ក្នុង​ស្ថានភាព​សង្គ្រាម ឬ​ការ​គំរាម​កំហែង​ដោយ​សង្គ្រាម អស្ថិរភាព​នយោបាយ​ផ្ទៃ​ក្នុង ឬ​ភាព​អាសន្ន​ជា​សាធារណៈ​ណា​ក៏ដោយ មិន​អាច​យក​ជា​យុត្តិកម្ម​ចំពោះ​ការ​បាត់​ខ្លួន​ដោយ​បង្ខំ​ឡើយ។

មាត្រា​៣ ចែង​ថា រដ្ឋ​ភាគី​នីមួយៗ​ត្រូវ​ចាត់​វិធានការ​សមស្រប ដើម្បី​ស៊ើប​អង្កេត​អំពើ​ល្មើស​ដែល​មាន​ចែង​ក្នុង​អនុសញ្ញា​នេះ ដែល​បាន​ប្រព្រឹត្ត​ដោយ​បុគ្គល ឬ​ដោយ​ក្រុម​បុគ្គល​ដែល​គ្មាន​ការ​អនុញ្ញាត ការ​គាំទ្រ ឬ​ការ​យល់​ព្រម​ពី​រដ្ឋ ហើយ​ត្រូវ​នាំ​ខ្លួន​ជន​ដែល​ទទួល​ខុស​ត្រូវ​ទៅ​តុលាការ ដើម្បី​ផ្ដន្ទាទោស​តាម​ច្បាប់។

កូដកម្ម​កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៤ មាន​កម្មករ​រោងចក្រ​កាត់​ដេរ​បួន​នាក់​ស្លាប់ បន្ទាប់​ពី​កង​រាជ​អាវុធហត្ថ​បាន​បាញ់​បង្ក្រាប​ទៅ​លើ​ហ្វូង​បាតុករ​រោងចក្រ​កាត់​ដេរ ភាគ​ច្រើន​ដែល​គប់​ដុំ​ថ្ម​អំឡុង​ការ​តវ៉ា​សុំ​ដំឡើង​ប្រាក់​ខែ​នៅ​ផ្លូវ​វ៉េងស្រេង ក្រុង​ភ្នំពេញ។

យ៉ាង​ណា​ក៏ដោយ មាន​សាកសព​តែ​បួន​ប៉ុណ្ណោះ​ដែល​សាច់ញាតិ និង​អង្គការ​សិទ្ធិ​មនុស្ស​បាន​កំណត់​អត្តសញ្ញាណ ប៉ុន្តែ​បាត់​ខ្លួន​យុវជន ខឹម សូផាត ហើយ​រដ្ឋាភិបាល​មិន​បាន​ទទួល​ខុស​ត្រូវ​នោះ​ទេ។

សមត្ថកិច្ច​បង្ក្រាប​លើ​កម្មករ​នាំ​គ្នា​ធ្វើ​បាតុកម្ម​តវ៉ា​សុំ​ដំឡើង​ប្រាក់​ខែ​គោល ១៦០​ដុល្លារ នៅ​តាម​បណ្ដោយ​ផ្លូវ វ៉េង ស្រេង រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​៣ មករា។ ក្នុង​ការ​បង្ក្រាប​នោះ​មាន​មនុស្ស ៥​នាក់​បាន​ស្លាប់ និង​ជិត ៤០​នាក់​ផ្សេង​ទៀត​រង​របួស។
សមត្ថកិច្ច​បង្ក្រាប​លើ​កម្មករ​នាំ​គ្នា​ធ្វើ​បាតុកម្ម​តវ៉ា​សុំ​ដំឡើង​ប្រាក់​ខែ​គោល ១៦០​ដុល្លារ នៅ​តាម​បណ្ដោយ​ផ្លូវ វ៉េង ស្រេង រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​៣ មករា។ ក្នុង​ការ​បង្ក្រាប​នោះ​មាន​មនុស្ស ៥​នាក់​បាន​ស្លាប់ និង​ជិត ៤០​នាក់​ផ្សេង​ទៀត​រង​របួស។

អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា នេះ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ស្វែង​រក​ជន​រងគ្រោះ។ លោក អំ សំអាត បន្ថែម​ថា គណៈកម្មាធិការ​ស្ដីពី​ការ​បាត់​ខ្លួន​ដោយ​បង្ខំ​របស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស បាន​ដាក់​លិខិត​ជូន​រដ្ឋាភិបាល​ឲ្យ​ស៊ើប​អង្កេត​ជុំវិញ​ការ​បាត់​ខ្លួន​របស់​យុវជន ខឹម សូផាត នេះ​ដែរ។ លោក​បន្ត​ថា បើ​រដ្ឋាភិបាល​គោរព​តាម​កាតព្វកិច្ច​របស់​ខ្លួន​នោះ ត្រូវ​បន្ត​បើក​ការ​ស៊ើប​អង្កេត​ជុំវិញ​ការ​បាត់​ខ្លួន​របស់​យុវជន ខឹម សូផាត នេះ ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​ទទួល​បាន​យុត្តិធម៌៖ «»។

ទាក់ទង​នឹង​ការ​បាត់​ខ្លួន​យុវជន ខឹម សូផាត នេះ អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ដរាប​ណា​តុលាការ​នៅ​មិន​ទាន់​រក​ជន​សង្ស័យ​ឃើញ​ទេ​នោះ រដ្ឋាភិបាល​នឹង​មិន​បិទ​សំណុំ​រឿង​នេះ​ឡើយ។ លោក​បន្ត​ថា នេះ​ជា​ទោស​ព្រហ្មទណ្ឌ ម្ល៉ោះ​ហើយ​ចំណាត់​ការ គឺ​នៅ​តែ​មាន​រហូត​វែក​មុខ​រក​ជន​សង្ស័យ​ឃើញ​ទើប​ចប់​ជា​ធរមាន៖ «»។

សេចក្តី​ថ្លែងការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន ទទូច​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ស្រាវជ្រាវ​ដោយ​ម៉ត់ចត់ និង​ចាប់​ជន​ដៃ​ដល់​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់។ មន្ត្រី​សង្គម​ស៊ីវិល​បន្ត​ថា បើ​អាជ្ញាធរ​មាន​សមត្ថកិច្ច​គោរព​តាម​តួនាទី​របស់​ខ្លួន​មែន​នោះ ករណី​នេះ​ប្រាកដ​ជា​ចាប់​ជន​សង្ស័យ​បាន​ជាក់​ជា​មិន​ខាន។

អាណាព្យាបាល​របស់​យុវជន ខឹម សូផាត បាន​ទទូច​រក​យុត្តិធម៌​តាម​រយៈ​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ប៉ុន្តែ​មិន​ទទូច​រក​ដំណោះស្រាយ​ពី​រដ្ឋាភិបាល​ទេ។ ពួក​គាត់​អះអាង​ថា កូន​គាត់​បាត់​ខ្លួន ឬ​ស្លាប់ ដោយសារ​សមត្ថកិច្ច​បាញ់​ប្រហារ ម្ល៉ោះ​ហើយ​ទោះ​ពួក​គាត់​យំ​ស្រែក​បែក​ផែនដី​ឲ្យ​រដ្ឋាភិបាល​រក​យុត្តិធម៌ ក៏​គ្មាន​សង្ឃឹម​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។