នៅថ្ងៃទី៧ មេសា សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំពិភាក្សាថ្នាក់ខេត្តមួយ ស្តីអំពីការកសាងសន្តិភាពដើម្បីសហគមន៍។ ក្នុងកិច្ចប្រជុំនោះ មានការចូលរួមពីសំណាក់ប្រជាពលរដ្ឋប្រមាណជាង ២០នាក់ មកពីសហគមន៍ខុសៗគ្នាដែលមានបញ្ហាផ្សេងៗនៅក្នុងតំបន់របស់ខ្លួនរស់នៅ។
អ្នករៀបចំកិច្ចពិភាក្សានោះ បញ្ជាក់ថា គោលបំណងសំខាន់ គឺដើម្បីពង្រឹងទំនាក់ទំនងក្នុងសហគមន៍ឱ្យកាន់តែរឹងមាំ ដើម្បីបង្កភាពងាយស្រួលក្នុងការជួយដោះស្រាយបញ្ហាគ្នាទៅវិញទៅមក។
កិច្ចពិភាក្សាមួយដែលធ្វើឡើងនៅទីស្នាក់ការនៃសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តកំពង់ចាម ដោយផ្ដោតធ្ងន់ទៅលើរបៀបដោះស្រាយបញ្ហា របៀបតស៊ូមតិ និងដើម្បីពង្រឹងបណ្ដាញប្រជាសហគមន៍ ដែលកើតមានបញ្ហាផ្សេងៗ ដូចជា រឿងដីធ្លី ដីព្រៃសហគមន៍ បទល្មើសនេសាទ និងការរំលោភបំពានផ្សេងៗ ជាដើម។ ការពិភាក្សានោះ ក៏បានជំរុញឱ្យប្រជាសហគមន៍ដែលចូលរួមទទួលបានសារប្រយោជន៍យ៉ាងច្រើន ក្នុងការស្វែងដៃគូទំនាក់ទំនង ដើម្បីងាយស្រួលដោះស្រាយបញ្ហារួមគ្នាប្រកបដោយភាពជោគជ័យ។
ប្រជាសហគមន៍ម្នាក់មកឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលមានបញ្ហាទាក់ទងទៅនឹងបទល្មើសនេសាទក្នុងតំបន់របស់ខ្លួនរស់នៅ ដែលមិនទាន់មានការបង្ក្រាបណាមួយពីសំណាក់អាជ្ញាធរឱ្យមានប្រសិទ្ធភាពនោះ លោក ភិន សុផល មានប្រសាសន៍ថា ការចូលរួមពង្រឹងទំនាក់ទំនងសហគមន៍នេះមានសារសំខាន់ណាស់ ពីព្រោះជាគន្លឹះក្នុងការជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋទៅវិញទៅមក ពិសេសអាចលុបបំបាត់បទល្មើសផ្សេងៗនៅក្នុងតំបន់ដែលខ្លួនបានរស់នៅទៀតផង៖ «ខ្ញុំថាការចូលរួមចងក្រងបណ្ដាញនេះមានសារសំខាន់ណាស់ ពីព្រោះយើងមានបណ្ដាញច្រើន យើងនឹងអាចទំនាក់ទំនងទាន់ពេលវេលាដល់មន្ត្រីដែលពាក់ព័ន្ធផ្នែកជលផលហ្នឹង»។
លោកបន្តថា នៅពេលដែលប្រជាពលរដ្ឋមានបញ្ហាអ្វីមួយនោះ គេអាចសហការគ្នាដើម្បីធ្វើការដោះស្រាយឱ្យបានប្រសើរ និងងាយស្រួលក្នុងការជួបជាមួយអាជ្ញាធរដែលពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាដែលកើតមានចំពោះពួកគាត់។
ប្រជាពលរដ្ឋមកពីភូមិខ្នងក្រពើកើត ឃុំត្រមូង ស្រុកមេមត់ ដែលមានបញ្ហាដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូមេមត់ អ្នកស្រី ឈៀង រតនា មានប្រសាសន៍ថា គោលបំណងសំខាន់ក្នុងការចូលរួមរបស់អ្នកស្រី គឺដើម្បីទទួលបានចំណេះដឹងពីផ្នែកច្បាប់ ពីការតស៊ូមតិ ដើម្បីមានមូលដ្ឋានខ្លះមិនធ្វើឱ្យអ្នកស្រីមានភាពភ័យខ្លាចនៅពេលធ្វើការទាមទារអ្វីមួយនោះ៖ «ចងក្រង យើងអាចជួយជាយោបល់ ឬក៏ជាផ្លូវមួយបង្ហាញនូវភាពសមរម្យ និងអាចក្នុងជាកម្លាំងចិត្តក្នុងការទាមទារដីធ្លីផ្ទះសម្បែងយើងមកវិញ»។
អ្នកស្រីបន្តថា ប្រសិនណាប្រជាសហគមន៍មិនមានទំនាក់ទំនងគ្នានោះ នៅពេលណាដែលមានបញ្ហា ប្រាកដជាមានការពិបាក ពីព្រោះកម្លាំងមិនមានច្រើនដែលនឹងពិបាកក្នុងការទាមទារអ្វីមួយ។ ដូចនេះ ត្រូវការកម្លាំងច្រើនក្នុងការផ្តល់ជាយោបល់ និងបទពិសោធន៍ល្អៗ ដើម្បីទទួលបានជោគជ័យ។
ចំណែកឯប្រជាពលរដ្ឋមួយរូបទៀតមកពីឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ អ្នកស្រី ជុំ នាង មានប្រសាសន៍ថា កន្លងមកអ្នកស្រីធ្លាប់ចូលរួមក្នុងការពង្រឹងបណ្ដាញទំនាក់ទំនងជាមួយសហគមន៍ដែលមានបញ្ហាពីមុនមក។ អ្នកស្រីបន្តថា ដោយសារការចូលរួមនោះហើយ ទើបធ្វើឱ្យពួកគាត់ទទួលបានចំណេះដឹងជាច្រើន ដើម្បីធ្វើការតវ៉ារឿងការរំលោភបំពានផ្សេងៗ ពិសេសរឿងដីធ្លីនៅក្នុងឃុំដែលអ្នកស្រីរស់នៅ រហូតទទួលបានជោគជ័យ។ អ្នកស្រីបន្ថែមទៀតថា ការចូលរួមនេះដើម្បីចែករំលែកបទពិសោធន៍ និងដើម្បីទទួលបានចំណេះបន្ថែមសម្រាប់ទៅផ្សព្វផ្សាយបន្ត ពីវិធីសាស្ត្រទាមទារអ្វីមួយដោយអហិង្សា និងទទួលបានលទ្ធផលល្អនោះ។
អ្នកស្រី ជុំ នាង៖ «បានតែថាយើងតស៊ូ មិនមែនថាដោយកម្លាំងខ្លួនឯង គំនិតខ្លួនឯងទេ គឺត្រូវមានអង្គការជួយគាំទ្រដែរ មិនមែនថាយើងទៅមកបានសម្រេចនោះទេ។ ប៉ុន្តែមិនមែនថាអង្គការគាត់ដឹកមុខយើងនោះទេ គឺយើងដឹកមុខខ្លួនឯង ប៉ុនគ្រាន់តែថាគាត់ជួយជាយោបល់យើង ព្រោះយើងមិនសូវចេះច្បាប់។ អ៊ីចឹងយើងរត់រកអង្គការ ដើម្បីឱ្យគាត់មានច្បាប់មានវិធីអីគាត់ពន្យល់យើងមក។ បើទោះបីជាជោគជ័យក៏ពិតមែន ប៉ុន្តែអ្នកស្រីយកចំណេះដឹងទាំងនេះទៅផ្សព្វផ្សាយបន្តមែន? យើងយកទៅផ្សព្វផ្សាយបន្តឱ្យគេ ដូចថា គេមានបញ្ហាក្រោយៗ យើងនឹងប្រាប់គេណា៎! យើងអ៊ីចេះមួយៗ កាលពីមុនមកខ្ញុំក៏ធ្វើអ៊ីចឹងដែរ អ៊ីចឹងយើងឱ្យគេធ្វើដូចយើងអ៊ីចឹងទៅ»។
ក្រុមការងារកសាងសន្តិភាពសហគមន៍ និងជាអ្នកសម្របសម្រួលកិច្ចជួបជុំគ្នានោះ លោក ស៊ិន សុទ្ធ មានប្រសាសន៍ថា កត្តាសំខាន់ដែលនាំឲ្យក្រុមការងារលោកបង្កើតឱ្យមានបណ្ដាញនៅតាមសហគមន៍ គឺដើម្បីងាយស្រួលក្នុងការទំនាក់ទំនងគ្នា ប្រឹក្សាឱ្យគ្នាទៅវិញទៅមក ពិសេសប្រជាសហគមន៍អាចជួយគ្នាបានច្រើនទៀតផង៖ «ឧទាហរណ៍ថា កន្លែងណាមួយដែលមានការរំលោភធ្ងន់ធ្ងរពេកអ៊ីចឹងទៅ បើគាត់មិនអាចធ្វើបាន គឺជួយគាំទ្រក្នុងការដាក់ពាក្យបណ្ដឹង ឬក៏គាំទ្រទៅលើការដាក់ញត្តិ អ៊ីចឹងអាចជួយបានតាមរយៈអ៊ីចឹង»។
លោកបន្ថែមថា ដោយសារតែលោកផ្ទាល់ជាអ្នកមានបទពិសោធន៍ក្នុងការដោះស្រាយបញ្ហាមួយចំនួនក្នុងសហគមន៍នោះ ធ្វើឱ្យលោកយល់ថា ការបង្កើតបណ្ដាញនៅក្នុងសហគមន៍ គឺទទួលបានភាពជោគជ័យច្រើន។ ដោយលោកបញ្ជាក់ថា ប្រសិនបើករណីមានរំលោភបំពានណាមួយ ហើយដោះស្រាយដាច់ដោយឡែកៗពីគ្នានោះ ហាក់មិនសូវទាញការចាប់អារម្មណ៍ពីសំណាក់អាជ្ញាធរ ឬរាជរដ្ឋាភិបាលនោះទេ ប៉ុន្តែនៅពេលដែលពួកគាត់សហការគ្នាបានល្អនោះ ទើបអាចធានាថា អាជ្ញាធរនឹងងាកមកដោះស្រាយបញ្ហារបស់ពួកគាត់បានរហ័សជាង។ ការប្រជុំពង្រឹងបណ្ដាញនៅក្នុងសហគមន៍ដែលមានបញ្ហានេះ គឺធ្វើឡើងនៅគ្រប់រាជធានីខេត្តក្រុង នៅក្នុងប្រទេសកម្ពុជា និងត្រូវបានធ្វើឡើងជារៀងរាល់ខែ ប្រសិនគ្មានបញ្ហាថវិកាចោទនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
