គណៈកម្មការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ (Geneva) នៃប្រទេសស្វីស (Switzerland) គ្រោងនឹងបើកកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ស្ដីពីស្ថានភាពសិទ្ធិពលរដ្ឋ និងនយោបាយនៃបណ្ដាប្រទេសមួយចំនួន ដោយរួមទាំងកម្ពុជា ផង នៅថ្ងៃទី១៧ និងថ្ងៃទី១៨ ខែមីនា ខាងមុខ។
ស្របគ្នានេះ ក្រុមអង្គការសិទ្ធិមនុស្ស ក៏បានរួមគ្នាដាក់របាយការណ៍ស្រមោលទៅអង្គការសហប្រជាជាតិ ដែរ និងបានអះអាងថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅពុំទាន់ឆ្លើយតបទៅតាមការព្រមព្រៀងរបស់រដ្ឋាភិបាលជាមួយអង្គការសហប្រជាជាតិ នៅឡើយ។
របាយការណ៍របស់ក្រុមអង្គការសិទ្ធិមនុស្សអះអាងថា រដ្ឋាភិបាលកម្ពុជា បានបរាជ័យក្នុងការអនុវត្តអនុសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយ ដែលរដ្ឋាភិបាលបានចុះហត្ថលេខាផ្ដល់សច្ចាប័នទទួលយកមកអនុវត្តកាលពីជាង ២0ឆ្នាំមុន។
របាយការណ៍រួមនេះ ចេញដោយក្រុមសម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាលការពារសិទ្ធិមនុស្ស ហៅកាត់ថា ហ្វីដ (FIDH) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស និងអង្គការដៃគូចំនួនពីរទៀត គឺសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) និងអង្គការលីកាដូ (LICADHO)។
ប្រធានសម្ព័ន្ធអង្គការហ្វីដ លោក ការីម ឡាហីដជិ (Karim Lahidji) បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍ដែលចេញកាលពីថ្ងៃទី៣ ខែមីនា ថា រដ្ឋាភិបាលកម្ពុជា នៅមានចំណុចខ្វះខាតច្រើនក្នុងការអនុវត្តអនុសញ្ញាស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយ បន្ទាប់ពីបានចុះហត្ថលេខាផ្តល់សច្ចាប័នលើអនុសញ្ញានេះកាលពីឆ្នាំ១៩៩២៖ «រយៈពេលជាង ២០ឆ្នាំបានកន្លងផុតហើយ ចាប់តាំងពីកម្ពុជា បានទទួលយកអនុសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយ។ ក្នុងរយៈពេលនេះ រដ្ឋាភិបាលរបស់ លោក ហ៊ុន សែន មិនបានប្រឹងប្រែងអនុវត្តអនុសញ្ញានេះទេ ឬបានធ្វើឲ្យមានការផ្លាស់ប្ដូរតិចតួច»។
របាយការណ៍ដែលមានកម្រាស់ ២៥ទំព័ររបស់ក្រុមអង្គការមិនមែនរដ្ឋាភិបាល បានរៀបរាប់ពីការរំលោភបំពានសិទ្ធិពលរដ្ឋដោយកងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាល។ គិតចាប់តាំងពីឆ្នាំ២០១៣ មក មានពលរដ្ឋប្រមាណ ១០នាក់យ៉ាងតិច ត្រូវសម្លាប់ដោយមានជាប់ទាក់ទងនឹងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ហើយក្រោយមកពុំមានការស៊ើបអង្កេតជាក់លាក់ ដើម្បីនាំអ្នកប្រព្រឹត្តិល្មើសមកទទួលខុសត្រូវ ឬបន្តវប្បធម៌និទ្ទណ្ឌភាព។ ស្របគ្នានេះ ស្ថានភាពក្នុងពន្ធនាគារភាគច្រើនកំពុងបង្ហាញថា បានធ្លាក់ចុះទាបបើប្រៀបធៀបនឹងបទដ្ឋានដែលកំណត់ដោយអង្គការសហប្រជាជាតិ។ បញ្ហាទាំងនោះរួមមាន ភាពចង្អៀតណែន ខ្វះអាហារ ខ្វះអនាម័យ ខ្វះការថែទាំសុខភាពដ៏ត្រឹមត្រូវ និងការផ្ដល់តម្លៃដល់អ្នកជាប់ឃុំ ជាដើម។
ជាមួយគ្នានេះដែរ ច្បាប់មួយចំនួនកំពុងរារាំងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ រារាំងសេរីភាពបញ្ចេញមតិ ការជួបប្រជុំដោយសន្តិវិធី និងសេរីភាពសមាគម។ ច្បាប់ទាំងនោះមានច្បាប់ថ្មីសំខាន់ចំនួន៣ ពាក់ព័ន្ធនឹងប្រព័ន្ធតុលាការ ដែលគ្រប់គ្រងគ្រប់ទិដ្ឋភាពនៃប្រព័ន្ធយុត្តិធម៌។ ក្រៅពីនេះ កន្លងទៅរដ្ឋាភិបាលបានប្រើប្រាស់ក្រមព្រហ្មទណ្ឌ ដោយចោទប្រកាន់ពីបទផ្សាយព័ត៌មានមិនពិត ញុះញង់ រួមនឹងការចាប់ខ្លួនសកម្មជនសិទ្ធិមនុស្ស សហជីព និងបក្សប្រឆាំង។ សេរីភាពបញ្ចេញមតិ ក៏ត្រូវបានគំរាមកំហែងដោយមាត្រាមួយចំនួនក្នុងច្បាប់ប្រឆាំងអំពើពុករលួយ។ លើសពីនេះ ក្រុមអង្គការសិទ្ធិមនុស្ស ក៏បារម្ភពីច្បាប់មួយចំនួនទៀតមានច្បាប់គ្រប់គ្រងអង្គការ សមាគម និងសហជីព ថានឹងជាច្បាប់ដែលរឹតបន្តឹងសេរីភាពបញ្ចេញមតិ និងសិទ្ធិជួបប្រជុំដែរ នៅពេលច្បាប់នោះត្រូវអនុម័ត។ ចំណែកក្ដីបារម្ភថ្មីទៀត គឺច្បាប់ទប់ស្កាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត នៅពេលដែលអ៊ីនធឺណិតជាឧបករណ៍ដែលកំពុងប្រើប្រាស់ដោយក្រុមអង្គការសង្គមស៊ីវិល អ្នកការពារសិទ្ធិមនុស្ស និងសកម្មជនការងារសង្គម។
ក្រៅពីនេះ របាយការណ៍បានលើកឡើងពីការជួញដូរកម្លាំងពលកម្មពលរដ្ឋទៅក្រៅប្រទេស រួមមានប្រទេសថៃ និងម៉ាឡេស៊ី ជាដើម ដែលនៅតែមានបញ្ហាចោទនៅឡើយ។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ធន សារាយ មានប្រសាសន៍ថា រដ្ឋាភិបាលត្រូវពិចារណាឡើងវិញក្នុងការធានាសេរីភាពបញ្ចេញមតិ និងយុត្តិធម៌សង្គម ដែលជាសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ និងជាមូលដ្ឋាននៃការអនុវត្តលទ្ធិប្រជាធិបតេយ្យ៖ «សំខាន់ជាងគេ គឺធ្វើម៉េចឲ្យផ្តល់នូវសិទ្ធិសេរីភាពហ្នឹងឲ្យបានទូលំទូលាយ ហើយឲ្យមានការបើកចិត្តឲ្យទូលាយរបស់អ្នកដឹកនាំ ធ្វើយ៉ាងម៉េចត្រូវតែស្ដាប់ការឈឺចាប់ទុក្ខកង្វល់ បញ្ហារបស់ប្រជាជនឲ្យបានជាអតិបរមា។ យើងមិនត្រូវឮសូរប្រជាពលរដ្ឋខឹងមិនសប្បាយចិត្ត ហើយយើងទៅទប់ជាបង្ក្រាបគាត់មិនឲ្យគាត់និយាយ មិនឲ្យគាត់បញ្ចេញមតិទេ។ ហ្នឹងជាបញ្ហាសំខាន់ ហើយរដ្ឋរបស់យើងត្រូវតែពង្រឹងប្រព័ន្ធដោះស្រាយជម្លោះ និងតុលាការ ត្រូវមានភាពយុត្តិធម៌ឡើង មិនមែនជាកន្លែងទិញ និងលក់ ឬក៏ដោះដូរយុត្តិធម៌ឡើយ គឺជាកន្លែងផ្តល់យុត្តិធម៌ឲ្យបានត្រឹមត្រូវ»។
លើសពីនេះ លោក ធន សារាយ ក៏បានលើកឡើងពីតួនាទីរបស់កងកម្លាំងប្រដាប់អាវុធ ដែលមានតួនាទីការពារសិទ្ធិពលរដ្ឋ៖ «កងកម្លាំងប្រដាប់អាវុធជាកងកម្លាំងរបស់ជាតិទាំងមូល សម្រាប់បម្រើសង្គមទាំងមូល មិនមែនកងកម្លាំងប្រដាប់អាវុធសម្រាប់បម្រើបុគ្គលណាមួយ ក្រុមបក្ខពួកណាមួយទេ ហើយខ្ញុំគិតថា គណបក្សនយោបាយដែលមកប្រកួតប្រជែងគ្នានៅពេលខាងមុខនេះ ត្រូវតែបង្ហាញគោលនយោបាយ ដើម្បីធ្វើយ៉ាងម៉េចឲ្យស្ថាប័នកងកម្លាំងប្រដាប់អាវុធ និងតុលាការនេះឲ្យទៅជាស្ថាប័នមានលក្ខណៈឯករាជ្យ បម្រើសង្គមទាំងមូលឲ្យបានត្រឹមត្រូវ។ បើសិនមិនអ៊ីចឹងទេ ហើយទុកស្ថាប័នទាំងពីរឲ្យនៅក្រោមឥទ្ធិពលរបស់ខ្លួន របស់ក្រុមខ្លួន ខ្ញុំគិតថា ក្រុមនោះមិនមែនជាអ្នកដែលមានភាពស្មោះត្រង់ចំពោះប្រទេសជាតិយើងទេ»។
ឆ្លើយតបនឹងការលើកឡើងនេះ ប្រធានគណៈកម្មការសិទ្ធិមនុស្ស លោក ម៉ក់ សម្បត្តិ មានប្រសាសន៍ថា រយៈពេលជាង ២០ឆ្នាំហើយដែលក្រុមអង្គការសិទ្ធិមនុស្សចេះតែបន្តរិះគន់រដ្ឋាភិបាលមិនឈប់។ លោកបន្តថា ប្រសិនបើការរិះគន់នោះដើម្បីការពារសិទ្ធិពលរដ្ឋទាំងអស់ លោកទទួលយក ប៉ុន្តែការរិះគន់កន្លងមកហាក់ដូចជាដើម្បីផលប្រយោជន៍ក្រុមខ្លួន ឬមានអ្វីលាក់បាំងនៅពីក្រោយ៖ «ទាំងអស់គ្នាយើងធ្វើការងារសិទ្ធិមនុស្សយើងធ្វើ ដើម្បីមនុស្សទូទៅទាំងអស់គ្នា មិនមែនដើម្បីអ្វីមួយទេ ដើម្បីបម្រើអ្វីមួយ ឬដើម្បីប្រយោជន៍អ្វីមួយ ខ្ញុំមិនចង់និយាយឲ្យចំទេ។ បើសិទ្ធិធ្វើដើម្បីទាំងអស់គ្នា គឺវាបានជោគជ័យហើយ»។
លោក ម៉ក់ សម្បត្តិ បញ្ជាក់ថា បច្ចុប្បន្ន រដ្ឋាភិបាលប្រឹងប្រែងការពារសិទ្ធិពលរដ្ឋផង និងរក្សាសន្តិសុខសណ្ដាប់ធ្នាប់ផង ដើម្បីធានាថា កម្ពុជា ជាប្រទេសនីតិរដ្ឋ៖ «ខ្ញុំឆ្ងល់ណាស់គាត់សង្គមស៊ីវិលថា កម្ពុជា គ្មានសិទ្ធិសេរីភាព។ តើគាត់អត់មានមើលទេអី តើគណបក្សនយោបាយមានប៉ុន្មាននៅកម្ពុជា គ្រាន់តែអង្គការសមាគមហ្នឹងវា ៤ពាន់អង្គការជាង ហើយសារព័ត៌មានប៉ុន្មាន? ពី ៧ ទៅ ៨០០ គ្រាន់តែសារព័ត៌មានសរសេរ ហើយវិទ្យុទូរទស្សន៍ជាង ១០០។ សារព័ត៌មានទាំងនោះ បើគេចង់សរសេរអីសរសេរទៅ មិនដែលត្រួតពិនិត្យមុនសោះ ហ្នឹងហើយដែលហៅថាសេរីភាពនោះ។ តើពួកគាត់ធ្វើយ៉ាងម៉េច? ចង់ឲ្យសេរីភាពរបស់កម្ពុជា ហ្នឹងក្លាយទៅជាអនាធិបតេយ្យ ចង់នរណាធ្វើអ្វីក៏បានដែរចឹង បង្កអនាធិបតេយ្យពេញទៅចឹង។ ខ្ញុំគ្រាន់តែប្រាប់ថា តែមានភាពអនាធិបតេយ្យ គឺនរណាខ្លាំង គឺឈ្នះហើយ ចៀសមិនផុតពីការគ្រោះថ្នាក់ដល់សង្គម។ អ៊ីចឹងទើបរដ្ឋាភិបាលនៅប្រទេសណាក៏ដូចប្រទេសណាដែរ ត្រូវមានវិធានការទប់ស្កាត់ គឺត្រូវធ្វើម៉េចឲ្យតែមានព្រំដែនដូចដែលច្បាប់កំណត់ទៅបានហើយ»។
លោក ម៉ក់ សម្បត្តិ បញ្ជាក់ថា ក្រុមការងាររបស់លោកដែលរួមមានមន្ត្រីជំនាញតាមបណ្ដាក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួន នឹងទៅកាន់ទីក្រុងហ្សឺណែវ នៅពាក់កណ្ដាលខែមីនា នេះ ដើម្បីទៅការពាររបាយការណ៍ដែលជាស្នាដៃប្រឹងប្រែងអនុវត្តរបស់រដ្ឋាភិបាល នៅចំពោះមុខគណៈកម្មការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
