អាដហុក​បង្រៀន​ឱ្យ​អ្នក​ធ្លាប់​មាន​ទំនាស់​ដី​យល់​ដឹង​ពី​សិទ្ធិមនុស្ស​និង​ការ​តស៊ូ​មតិ

0:00 / 0:00

ភូមិ​ជប់រំដេង ឃុំ​កន្ទួត ស្រុក​ស្វាយលើ គឺ​ជា​តំបន់​ជនបទ​ដាច់ស្រយាល​មួយ​របស់​ខេត្ត​សៀមរាប ដែល​អ្នក​ភូមិ​ខ្លះ​ធ្លាប់​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ និង​ខ្លះ​ទៀត​រត់​គេច​ខ្លួន​ចេញ​ពី​ផ្ទះសំបែង​ដោយសារតែ​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​វៀតណាម ឈ្មោះ "តាខ្មៅ​អភិវឌ្ឍន៍​កសិកម្ម និង​ឧស្សាហកម្ម" កាល​ពី​ដើម​ឆ្នាំ​២០១៥ កន្លង​ទៅ។

​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) បាន​ប្រឈម​មុខ​ជាមួយ​មន្ត្រី​តុលាការ​ខ្លះ​នៅ​ខេត្ត​សៀមរាប ចាប់​តាំងតែ​ពី​អំឡុង​ខែ​មិថុនា រហូត​មក​ដល់​ពេល​នេះ ដោយសារ​តែ​ការពារ​អ្នក​ភូមិ​ជប់រំដេង។ យ៉ាង​ណា​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក នៅ​បន្ត​បង្ហាត់​បង្រៀន​ពលរដ្ឋ​នៅ​ទី​នោះ​ឱ្យ​យល់​ដឹង​អំពី​ច្បាប់ និង​សិទ្ធិមនុស្ស​ទៀត​ផង។

ក្រុម​ការងារ​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្ត​សៀមរាប បាន​ប្រឹងប្រែង​បង្រៀន​អ្នក​ភូមិ​ជប់រំដេង នៃ​ឃុំ​កន្ទួត ស្រុក​ស្វាយលើ ចំនួន ៣៥​គ្រួសារ ឱ្យ​យល់​ដឹង​អំពី​ច្បាប់ និង​សិទ្ធិមនុស្ស​រយៈពេល ២​ថ្ងៃ​ជាប់ៗ​គ្នា ចាប់​តាំង​ពី​ព្រឹក​ថ្ងៃ​ទី​១៤ រហូត​ដល់​ល្ងាច​ថ្ងៃ​ទី​១៥ ខែ​ធ្នូ។

បេសកកម្ម​ទៅ​កាន់​ទី​ជនបទ​ដាច់ស្រយាល​ចម្ងាយ​ប្រមាណ ១០០​គីឡូម៉ែត្រ​ភាគ​ឦសាន​ពី​ទី​រួម​ខេត្ត​សៀមរាប ដែល​មាន​ស្ថានភាព​ផ្លូវ​លំ​ពិបាកធ្វើ​ដំណើរ​នេះ ក៏​មាន​វត្តមាន​មេ​មន្ត្រី​ដឹកនាំ​កំពូល​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ដែរ។

​ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក គឺ​លោក ធន សារាយ។ លោក​មាន​ប្រសាសន៍​ថា ភូមិ​ជប់រំដេង ក៏​ជាទី​កន្លែង​មួយ​ដែល​អ្នក​ភូមិ​ធ្លាប់​មាន​ជម្លោះ​ដីធ្លី​យ៉ាង​ជូរចត់ ជាមួយ​ក្រុមហ៊ុន​វៀតណាម ឈ្មោះ "តាខ្មៅ​អភិវឌ្ឍន៍​កសិកម្ម​និង​ឧស្សាហកម្ម"។ រហូត​មក​ដល់​ពេល​នេះ បើ​ទោះ​បី​ជា​ជម្លោះ​បាន​ស្ងប់ស្ងាត់ ក៏​ប៉ុន្តែ​អ្នក​ភូមិ​ចំនួន ៣៥​គ្រួសារ មិន​ទាន់​បាន​ដោះស្រាយ​គោលនយោបាយ​ដីធ្លី ឱ្យ​បាន​ត្រឹមត្រូវ​នៅ​ឡើយ​ទេ ដូច្នេះ​រូបលោក​និង​ក្រុម​ការងារ​ដែល​ធ្វើ​ដំណើរ​ទៅ​ភូមិ​ជប់រំដេង ក្នុង​គោលបំណង​បង្រៀន​ពួកគេ​ឱ្យ​យល់​ដឹង​អំពី​ច្បាប់​សិទ្ធិមនុស្ស​សង្គម​ប្រជាធិបតេយ្យ ព្រម​ទាំង​ការ​តស៊ូ​មតិ ដើម្បី​ឱ្យ​ចេះ​សាមគ្គី​គ្នា និង​មាន​លទ្ធភាព​ដោះស្រាយ​បញ្ហា​របស់​ពួកគេ។

លោក ធន សារាយ៖ «ប្រព័ន្ធ​ដោះស្រាយ​ជម្លោះ​នៅ​ក្នុង​ប្រទេស​យើង​នៅ​មាន​ចំណុច​ខ្វះខាត អ៊ីចឹង​អ្នក​ក្រ អ្នក​ខ្វះ​អំណាច​ដែល​តតាំង​ជាមួយ​អ្នក​មាន និង​អ្នក​មាន​អំណាច គឺ​តែងតែ​ទទួល​នូវ​បរាជ័យ​ច្រើន»

​កាលពី​ខែ​មិថុនា កន្លង​ទៅ ប្រធាន​ផ្នែក​ស៊ើបអង្កេត​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី ចរិយា បាន​ទទួល​រង​ការ​ប្ដឹង​ពី​ព្រះរាជអាជ្ញា​រង ១​រូប និង​ចៅក្រម​ស៊ើបសួរ ១​រូប​របស់​តុលាការ​ខេត្ត​សៀមរាប ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ពី​បទ​បរិហារ​បង្កាច់​កេរ្តិ៍ និង​បទ​ផ្សព្វផ្សាយ​នូវ​ការ​អត្ថាធិប្បាយ​ដើម្បី​ដាក់​សម្ពាធ​លើ​យុត្តាធិការ​តុលាការ បន្ទាប់ពី​សមាគម​អាដហុក ទាមទារ​ឱ្យ​តុលាការ​ដោះលែង​អ្នក​ភូមិ​ជប់រំដេង ២​នាក់ ក្នុង​រឿង​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​វៀតណាម ឈ្មោះ "តាខ្មៅ​អភិវឌ្ឍន៍​កសិកម្ម​និង​ឧស្សាហកម្ម" មក។

តំណាង​អ្នក​ភូមិ​ជប់រំដេង ម្នាក់ ដែល​ធ្លាប់​តស៊ូ​យ៉ាង​ស្វិតស្វាញ​ក្នុង​ពេល​មាន​ទំនាស់​ដីធ្លី អ្នកស្រី សួង លក្ខិណា មាន​ប្រសាសន៍​ថា រូប​គាត់​និង​អ្នក​ភូមិ​ជប់រំដេង ទាំង​អស់ មិន​ដែល​យល់​ដឹង​អំពី​ច្បាប់ និង​សិទ្ធិមនុស្ស​ទេ គឺ​កាល​ពី​មាន​ជម្លោះ​ដីធ្លី អ្នក​ខ្លះ​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន និង​អ្នក​ខ្លះ​ទៀត​រត់​ចោល​ផ្ទះសម្បែង។

ស្ត្រី​ដដែល​បញ្ជាក់​ថា គាត់​ពិតជា​ត្រូវ​ការ​ចំណេះដឹង​ផ្នែក​សិទ្ធិមនុស្ស៖ «សិទ្ធិមនុស្ស​គឺ​អាច​ជួយ​ឱ្យ​ពួក​ខ្ញុំ​នៅ​ទី​នេះ មាន​ការ​កក់​ក្ដៅ ហើយ​ចេះ​ជួយ​ខ្លួន​ឯង និង​ចេះ​តស៊ូ»

លោក ធន សារាយ បញ្ជាក់​ថា បច្ចុប្បន្ន​អាដហុក មិន​មែន​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ចុះ​បង្រៀន​អំពី​សិទ្ធិមនុស្ស និង​ច្បាប់ នៅ​ភូមិ​ជប់រំដេង ស្រុក​ស្វាយលើ តែ​១​ប៉ុណ្ណោះ​ទេ គឺ​នៅ​តាម​តំបន់​ជា​ច្រើន​ទៀត​នៃ​ប្រទេស​កម្ពុជា ពីព្រោះ​លោក​យល់​ថា នៅ​ទី​ជនបទ​ឆ្ងាយៗ គឺ​ប្រជាពលរដ្ឋ​ជា​ច្រើន​ខ្វះខាត​នូវ​ចំណេះដឹង ព្រម​ទាំង​ខ្វះ​ការ​ទទួល​បាន​នូវ​ព័ត៌មាន​សព្វ​បែប​យ៉ាង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។