សេចក្តីថ្លែងការណ៍ស្តីពី «បញ្ហាជួញដូរមនុស្ស និងការប្រឈមរបស់ពលករចំណាកស្រុកកម្ពុជា នៅត្រីមាសទី១» របស់សមាគមអាដហុក បង្ហាញថា ៣ខែដើមឆ្នាំ២០១៣ អង្គការនេះទទួលបានបណ្តឹង និងជួយអន្តរាគមន៍ករណីជួញដូរមនុស្ស និងការរំលោភសិទ្ធិពលករចំណាកស្រុក ៥៥ករណី និងមានជនរងគ្រោះចំនួន ១២១នាក់។
របាយការណ៍ចុះថ្ងៃទី១១ ខែមេសា បានបញ្ជាក់ថា ក្នុងចំណោមជនរងគ្រោះទាំង ១២១នាក់ មានបុរស ៥៨នាក់ ស្រ្តី ៥៨នាក់ និងកុមារចំនួន ៥នាក់។
ប្រធានអង្គការអាដហុក លោក ធន សារាយ មានប្រសាសន៍ថា ជនរងគ្រោះចំណាកស្រុកមិនស្របច្បាប់នៅបន្តកើតមានគួរឲ្យព្រួយបារម្ភ ដែលទាមទារឲ្យរដ្ឋាភិបាល ឬស្ថាប័នពាក់ព័ន្ធជួយរកដំណោះស្រាយ។ លោកថ្លែងដូច្នេះ ក្នុងសន្និសីទកាសែតព្រឹកថ្ងៃទី១១ ខែមេសា នាទីស្នាក់ការក្រុងភ្នំពេញ នៅចំពោះមុខពលករឆ្លងដែនខុសច្បាប់ជាង ២០នាក់ ដែលទើបរំដោះពីប្រទេសម៉ូរីស (Mauristius)។
លោក ធន សារាយ បន្តថា ជនចំណាកស្រុកដែលអាដហុក ទទួលបានពាក្យបណ្តឹង មានដូចជា ត្រូវគេវាយដំលើរាង្គកាយ បង្អត់អាហារ បង្ខំឲ្យធ្វើការគ្មានពេលសំរាក រំលោភសិទ្ធិការងារ មិនបើកប្រាក់ខែ ដកលិខិតឆ្លងដែន និងបង្ខំឲ្យបម្រើផ្លូវភេទក្នុងករណីជួញដូរភេទជាដើម៖ «ស្ថាប័នមានសមត្ថកិច្ចសូមបង្កើននូវកិច្ចខិតខំប្រឹងប្រែងរំដោះពលករចំណាកស្រុកយើងដែលកំពុងតែនៅក្នុងស្ថានភាពគ្រោះថ្នាក់ដ៏គួរឲ្យព្រួយបារម្ភនេះ»។
សេចក្តីថ្លែងការណ៍អាដហុក បង្ហាញថា ត្រីមាសទី១ ឆ្នាំ២០១៣ មានពលករខ្មែរចំនួន ២៣នាក់ រស់នៅខេត្តឧត្តមានជ័យ បានឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ហើយត្រូវបញ្ជូនបន្តទៅធ្វើការលើទូកនេសាទនៅប្រទេសម៉ូរីស។ ជនរងគ្រោះម្នាក់ៗ បានបាត់ដំណឹងរយៈពេល ៣ឆ្នាំ ហើយថៅកែមិនបើកប្រាក់ខែជូនថែមទៀត។
ពលករចំណាកស្រុកឈ្មោះ កុយ សាវី រស់នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ស្ថិតក្នុងចំណោមពលករចំណាកស្រុកជាង ២០នាក់ទៀត ដែលទើបត្រូវបានស្ថាប័នពាក់ព័ន្ធរំដោះពីទូកនេសាទថៃ ខុសច្បាប់ នៅប្រទេសម៉ូរីស។ លោកបានឲ្យដឹងក្នុងសន្និសីទកាសែតថា រយៈពេល ៣ឆ្នាំ ដែលរូបគេ និងមិត្តរួមការងារដទៃទៀតចេញទៅធ្វើការឲ្យថៅកែទូកនេសាទថៃ គឺថៅកែមិនបើកប្រាក់ខែមួយកាក់មួយសេនណាទេ។
លោកថា ការងារនៅលើទូកនេសាទ គឺត្រូវថៅកែបង្ខំឲ្យធ្វើការទាំងយប់ទាំងថ្ងៃ និងផ្តល់អាហារមិនគ្រប់គ្រាន់។ ជនរងគ្រោះរូបនេះ អំពាវនាវដល់យុវជន ឬប្រជាពលរដ្ឋខ្មែរមិនត្រូវធ្វើចំណាកស្រុកទេ ព្រោះអាចប្រឈមគ្រោះថ្នាក់ដូចរូបលោក៖ «ខ្ញុំសូមផ្តុំផ្ញើឲ្យបងប្អូនដែលចង់ទៅធ្វើការនៅប្រទេសគេ កុំឲ្យទៅខុសច្បាប់ដូចរូបខ្ញុំ កុំឲ្យលំបាកដូចរូបខ្ញុំ»។
បញ្ហានេះ សមាគមអាដហុក បានស្នើដល់ស្ថាប័នពាក់ព័ន្ធឲ្យជំរុញការទទួលខុសត្រូវ និងត្រូវរៀបចំយន្តការជាក់លាក់ និងមានប្រសិទ្ធភាព ដើម្បីដោះស្រាយបញ្ហាពលករចំណាកស្រុក និងបញ្ចប់សកម្មភាពជួញដូរមនុស្សនៅថ្ងៃអនាគត។
ទាក់ទិនបញ្ហានេះ លោក កុយ គួង មន្ត្រីនាំពាក្យក្រសួងការបរទេសធ្លាប់មានប្រសាសន៍ថា រដ្ឋាភិបាលបន្តឃ្លាំមើល និងយកចិត្តទុកដាក់ចំពោះពលករចំណាកស្រុកមិនធ្វេសប្រហែសទេ។ ជាក់ស្តែងកាលពីថ្ងៃទី៦ ខែមេសា រាជរដ្ឋាភិបាល តាមរយៈក្រសួងការបរទេស និងស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានសហការជាមួយអាជ្ញាធរប្រទេសម៉ូរីស ជួយសង្គ្រោះពលរដ្ឋខ្មែររងគ្រោះចំនួន ២៣នាក់ ដែលត្រូវមេខ្យល់បោកបញ្ឆោត នាំទៅធ្វើការខុសច្បាប់នៅលើទូកនេសាទថៃ។ ពលករខ្មែរទាំង ២៣នាក់នេះ ត្រូវបានជួយសង្គ្រោះ នៅពេលទូកនេសាទថៃ ចូលនេសាទខុសច្បាប់ ក្នុងដែនទឹកប្រទេសម៉ូរីស។ ជាងនេះទៀត កាលពីថ្ងៃទី១ ខែមេសា ក្រសួងការបរទេស ក៏បានសង្គ្រោះពលករខ្មែរចំនួន ១៦នាក់ ដែលត្រូវគេជួញដូរទៅធ្វើជាកម្មករនេសាទខុសច្បាប់លើទូកនេសាទថៃ ពីប្រទេសម៉ាឡេស៊ី ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
