អាដហុក​ជំរុញ​រដ្ឋាភិបាល​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​លើ​ថៅកែ​ថៃ​ធ្វើ​ទារុណកម្ម​នារី​ខ្មែរ​នៅ​ថៃ

សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ប្រឆាំង​ជនជាតិ​ថៃ ដែល​ជា​ម្ចាស់​បន​ល្បែង​មួយ​នៅ​ក្រុង​បាងកក ប្រទេស​ថៃ ដែល​បាន​ធ្វើ​ទារុណកម្ម​ទៅ​លើ​ស្ត្រី​ខ្មែរ​ម្នាក់​ជា​អ្នក​បម្រើ​ការ​នៅ​ទី​នោះ។ ស្ត្រី​ខ្មែរ​រូប​នោះ ត្រូវ​បាន​ស្ថានទូត​ខ្មែរ ប្រចាំ​នៅ​ក្រុង​បាងកក អន្តរាគមន៍​ជួយ​រំដោះ​មក​ស្រុក​ខ្មែរ​វិញ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៣ ក្រោម​កិច្ច​ជួយ​ជ្រោមជ្រែង​ពី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក។ បច្ចុប្បន្ន ជន​រងគ្រោះ​កំពុង​ស្នាក់​ព្យាបាល​នៅ​ខេត្ត​សៀមរាប។

0:00 / 0:00

សមាគម​អាដហុក ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ជាមួយ​នឹង​តុលាការ​ថៃ ឬ​រាជ​រដ្ឋាភិបាល​ថៃ ជា​បន្ទាន់ ដើម្បី​ការពារ​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់​កម្មការិនី​ជនជាតិ​ខ្មែរ​ម្នាក់ ដែល​ត្រូវ​ថៅកែ​ជនជាតិ​ថៃ ធ្វើ​ទារុណកម្ម​យ៉ាង​ឃោរឃៅ និង​ប្រព្រឹត្ត​អំពើ​អាសគ្រាម​នៅ​លើ​ទឹក​ដី​ថៃ។

ប្រធាន​កម្មវិធី​សិទ្ធិ​ស្ត្រី និង​កុមារ​នៃ​សមាគម​អាដហុក លោកស្រី ជួន ចំរុង ថ្លែង​ថា ស្ត្រី​ខ្មែរ​ជា​ជន​រងគ្រោះ​ត្រូវ​បាន​ស្ថានទូត​ខ្មែរ​ជួយ​សង្គ្រោះ​មក​កម្ពុជា វិញ​ហើយ ប៉ុន្តែ​វិធាន​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថៅកែ​បន​ល្បែង​ជនជាតិ​ថៃ នោះ នៅ​ពុំ​ទាន់​បាន​អនុវត្ត​ឡើយ។ ទន្ទឹម​គ្នា​នេះ សមាគម​បាន​ចេញ​ថ្លែងការណ៍​មួយ​ជា​បន្ទាន់ ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គិតគូរ​ពី​បញ្ហា​នេះ។

លោកស្រី ជួន ចំរុង៖ «អ៊ីចឹង យើង​ចង់​ជំរុញ​រាជ​រដ្ឋាភិបាល​ធ្វើ​យ៉ាង​ណា​ជំរុញ​ទៅ​រដ្ឋាភិបាល​ថៃ ក៏​ដូច​ជា​តុលាការ ដើម្បី​ផ្ដន្ទាទោស​ជន​ប្រព្រឹត្តិ​បទ​ល្មើស​ហ្នឹង ដើម្បី​កាត់​បន្ថយ​និទ្ទណ្ឌភាព​ឲ្យ​មាន​ការ​គោរព​ច្បាប់។ ទោះ​បី​ករណី​នេះ​តែ​មួយ​មែន ប៉ុន្តែ​យើង​ឃើញ​ថា មាន​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ជា​ច្រើន​ទៀត។ អ៊ីចឹង បើ​សិន​ជា​ទង្វើ​ហ្នឹង​កើត​មាន​ឡើង ហើយ​រួច​ទោស​ទណ្ឌ អ៊ីចឹង​យើង​បារម្ភ​ថា​អាច​មាន​អំពើ​អ៊ីចឹង​កើត​ឡើង​ទៀត»

នៅ​រូបភាព​ដែល​គេ​បង្ហោះ​តាម​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក (Facebook) ស្ត្រី​ខ្មែរ​ជា​ជន​រងគ្រោះ និង​ស្ត្រី​ម្នាក់​ទៀត​ដែល​គេ​អះអាង​ថា​ជា​ជនជាតិ​ឡាវ (លាវ)។ អ្នក​ទាំង​ពីរ​នាក់​ត្រូវ​គេ​ដោះ​សម្លៀកបំពាក់​ចេញ​អស់​ពី​ខ្លួន នៅ​សល់​តែ​ខោ​ទ្រនាប់ នៅ​ក្នុង​បន្ទប់​កាស៊ីណូ​មួយ​ដែល​ជា​ទីកន្លែង​ធ្វើ​ទារុណកម្ម​ទៅ​លើ​រូប​នាង​នៅ​ក្រុង​បាងកក ប្រទេស​ថៃ។

ប្រភព​ពី​មន្ត្រី​សមាគម​អាដហុក បញ្ជាក់​ថា ជន​រងគ្រោះ​ទាំង​ពីរ​នាក់​ត្រូវ​ម្ចាស់​បន​ល្បែង​ជនជាតិ​ថៃ ធ្វើ​ទារុណកម្ម​ដោយ​ចោទ​ប្រកាន់​ថា បាន​ប្រើ​ល្បិច​កល​ឃុបឃិត​ជាមួយ​ភ្ញៀវ​ដែល​ជា​អ្នក​ចូល​ទៅ​លេង​ល្បែង​ស៊ី​សង​នៅ​ទី​នោះ។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក កុយ គួង មាន​ប្រសាសន៍​ថា ស្ថានទូត​ខ្មែរ​ប្រចាំ​ក្រុង​បាងកក កំពុង​រៀប​ចំ​វិធាន​ការ​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​ថៅកែ​បន​ល្បែង​ជនជាតិ​ថៃ នោះ៖ «យើង​គិតគូរ​ប្ដឹង​ទៅ​ស្ថានទូត ដែល​រំលោភ​បំពាន​គាត់ ជាពិសេស​កន្លែង​ដែល​គាត់​ធ្វើ​ការងារ​ដែល​រំលោភ​បំពាន​គាត់​ហ្នឹង។ យើង​នឹង​ប្ដឹង​រក​យុត្តិធម៌​ជូន​ដល់​ពលរដ្ឋ​យើង​យ៉ាង​ណា ក៏​ស្ថានទូត​យើង​បាន​គិតគូរ​រួច​ហើយ​រឿង​ហ្នឹង ទោះ​បី​សាមី​ខ្លួន​គាត់​មិន​ប្ដឹង ក៏​យើង​ត្រូវ​តែ​ប្ដឹង​ដែរ»

ស្ត្រី​ខ្មែរ​រងគ្រោះ​មាន​ឈ្មោះ ថាប់ ធីដា អាយុ ៣១​ឆ្នាំ។ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៣ ត្រូវ​បាន​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ក្រុង​បាងកក រំដោះ​ចេញ​ពី​កន្លែង​ឃុំឃាំង​នៅ​បន​ល្បែង​ស៊ី​សង​មួយ​ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ។ បច្ចុប្បន្ន នាង​កំពុង​ស្នាក់​នៅ​ខេត្ត​សៀមរាប។ ជន​រងគ្រោះ​បាន​រួច​ខ្លួន​មក​ស្រុក​ខ្មែរ​វិញ ក្រោយ​ពី​ក្រុម​គ្រួសារ​បាន​ស្វះ​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ និង​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក។

ព្រះរាជ​អាជ្ញា​តុលាការ​ខេត្ត​បន្ទាយមានជ័យ លោក ផាន់ វណ្ណរ័ត្ន ថ្លែង​ថា ករណី​ជន​រងគ្រោះ​នេះ ស្នងការ​នគរបាល និង​តុលាការ​ខេត្ត​បន្ទាយមានជ័យ កំពុង​បើក​ការ​ស្រាវជ្រាវ​លើ​សំណុំ​រឿង​នេះ។ លោក​បន្ត​ថា តាម​គោលការណ៍​ច្បាប់ គ្រួសារ​ជន​រងគ្រោះ​អាច​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ស្នងការ​នគរបាល ឬ​ដាក់​ទៅ​តំណាង​អយ្យការ​តុលាការ​ខេត្ត​បន្ទាយមានជ័យ៖ «ព្រោះ​យើង​មាន​សន្ធិសញ្ញា​អន្តរជាតិ​រវាង​ថៃ។ យើង​អាច​ប្រើ​សន្ធិសញ្ញា​ស្ដីពី​ការ​ដូរ​គ្នា​ទៅ​វិញ​ទៅ​មក​បាន ដោយសារ​ថៃ គេ​បាន​ផ្ដល់​សច្ចាប័ន​នៅ​ឆ្នាំ​២០១៣។ អ៊ីចឹង យើង​អាច​ធ្វើ​ការ​ស៊ើប​អង្កេត​រួម​ស្រាវជ្រាវ​ជន​ដែល​បង្ក​ទៅ​ថៃ បាន រវាង​អាជ្ញាធរ​កម្ពុជា ជាមួយ​អាជ្ញាធរ​ថៃ ហើយ​ក្រសួង​យុត្តិធម៌ គេ​មាន​មជ្ឈមណ្ឌល​កណ្ដាល​មួយ​ដែល​ទទួល​ការងារ​អស់​ហ្នឹង»

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ សមាគម​អាដហុក បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​២៨ វិច្ឆិកា ឆ្នាំ​២០១៣ ដល់​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៣ ថៅកែ​ជនជាតិ​ថៃ និង​បក្ខពួក បាន​ប្រព្រឹត្ត​អំពើ​ទារុណកម្ម និង​ថត​រូប​បង្ហោះ​រូបភាព​អាសអាភាស ព្រម​ទាំង​បង្ខាំង​នារី​ខ្មែរ​ជា​បុគ្គលិក​បម្រើ​ការ​នៅ​ក្នុង​កាស៊ីណូ​របស់​ខ្លួន។ ទង្វើ​នេះ សមាគម​យល់​ថា​បាន​ផ្ទុយ​នឹង​ស្មារតី​នៃ​ច្បាប់​ជាតិ ដែល​មាន​ច្បាប់​រដ្ឋធម្មនុញ្ញ ក្រម​ព្រហ្មទណ្ឌ ច្បាប់​បង្ក្រាប​អំពើ​ជួញ​ដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ ព្រម​ទាំង​ប្រឆាំង​នឹង​សេចក្ដី​ថ្លែងការណ៍​ជា​សកល​ស្ដីពី​សិទ្ធិ​មនុស្ស កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​អនុសញ្ញា​ស្ដីពី​ការ​លុប​បំបាត់​នូវ​រាល់​ទម្រង់​នៃ​ការ​រើស​អើង​ប្រឆាំង​នឹង​នារី​ភេទ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។