កម្មករកាត់ដេរនៃរោងចក្រ អ៊ែដ្យាយល៍ ស្វេតថឺ (Agile Sweater) នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ ប្រមាណ ១០០នាក់ បានប្រមូលផ្ដុំគ្នាជាថ្មីម្ដងនៅខាងមុខរដ្ឋសភា នៅថ្ងៃទី១១ ខែកុម្ភៈ ដើម្បីសុំកិច្ចអន្តរាគមន៍ពីរដ្ឋសភា។ ក្រុមកម្មករឲ្យដឹងថា ពួកគេស្វះស្វែងរកដំណោះស្រាយពីស្ថាប័នរបស់រដ្ឋជាច្រើនដងមកហើយ ក៏ប៉ុន្តែរហូតមកដល់ពេលនេះ នៅតែពុំទាន់មានការឆ្លើយតបជាវិជ្ជមាននៅឡើយ។
ក្រុមកម្មករនិយាយថា ការជួបជុំជាថ្មីទៀតនៅមុខរដ្ឋសភានេះ បំណងសំខាន់គឺស្នើសុំកិច្ចអន្តរាគមន៍ពីរដ្ឋសភាជួយពន្លឿនដំណោះស្រាយក្នុងវិវាទដែលបានអូសបន្លាយប្រមាណ ២ខែមកហើយនេះ ដើម្បីអាចឲ្យពួកគេបានចូលបម្រើការឡើងវិញ។
លោកស្រី សាទ ឈុន ជាកម្មការិនីម្នាក់ក្នុងចំណោមកម្មករប្រមាណ ៤០០នាក់ ដែលធ្វើកូដកម្ម ឲ្យដឹងនៅថ្ងៃទី១១ ខែកុម្ភៈ ថា កម្មករទាំងអស់ដែលត្រូវបានភាគីរោងចក្របញ្ឈប់នៅពេលនេះ មិនចង់បានអ្វីក្រៅពីស្នើសុំកិច្ចអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធដើម្បីអាចឲ្យពួកគេបានចូលធ្វើឡើងវិញដូចមុន។ ដោយឡែកលក្ខខណ្ឌដែលកម្មករបានទាមទារក្នុងពេលកន្លងទៅ គឺទុកមួយឡែកសិន។
លោកស្រីបន្តថា៖ «ពួកយើងមាទៅញុះញង់អីដល់កម្មករ ហើយពួកគាត់ក៏មិនបានមកញុះញង់ដល់ពួកយើងដែរ។ ពួកយើងនៅតែជជែកទាមទារនៅពេលក្រោយ តែពួកយើងសុំឲ្យបានចូលធ្វើការវិញ បានរៀងៗខ្លួនសិន»។
កម្មករអះអាងថា ក្រោយពីវិវាទកើតឡើង តាំងពីខែធ្នូ ឆ្នាំ២០១៥ ខាងភាគីរោងចក្របានរើសកម្មករមកបង្គ្រប់ចំនួនកម្មករដែលចេញធ្វើកូដកម្ម។ មូលហេតុដែលនាំឲ្យផ្ទុះកូដកម្ម រហូតខាងក្រុមហ៊ុនបញ្ឈប់កម្មករប្រមាណ ៤០០នាក់នេះ ដោយសារកម្មករទាមទារលក្ខខណ្ឌសមរម្យមួយចំនួន ក្នុងនោះ គឺស្នើសុំឲ្យក្រុមហ៊ុនគិតតម្លៃឡូត៍តាមស្តង់ដារ បន្ថែមលុយបាយ ថែមម៉ោង ២ដុល្លារទៀត និងដករដ្ឋបាលចេញពីរោងចក្រជាដើម។
យ៉ាងនេះក្ដី តំណាងភាគីរោងចក្រលោក មួរ ផាន់នី ធ្លាប់បញ្ជាក់ថា ការពិតខាងក្រុមហ៊ុនបានព្យាយាមបញ្ចប់វិវាទនេះដែរ នៅមន្ទីរការងារ ក៏ប៉ុន្តែនៅតែពុំអាចទៅរួច ដោយសារមានសហជីពមួយចំនួនលូកដៃ និងញុះញង់ឲ្យកម្មករតវ៉ា។ ម្យ៉ាងទៀត ការទាមទាររបស់ក្រុមកម្មករនេះទៀតសោត លើសពីច្បាប់កំណត់ ហេតុនេះដោយគ្មានជម្រើសភាគីរោងចក្របានបិទផ្លូវតវ៉ា។
ក្រោយពីក្រុមកម្មករប្រមាណ ៤០០នាក់ នៃរោងចក្រ អ៊ែដ្យាយល៍ ស្វេតថឺ ដែលមានទីតាំងស្ថិតនៅភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ធ្វើកូដកម្ម ខាងភាគីរោងចក្របានដាក់បណ្ដឹងទៅសាលាដំបូងខេត្តកំពង់ស្ពឺ ប្ដឹងប្រឆាំងមេដឹកនាំសហជីព និងកម្មករមួយចំនួនទៀត ក្រោមបទចោទថា ញុះញង់ និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន។
ឆ្លើយតបរឿងនេះ លោក ឃិន ឧត្ដម ជាកម្មករនៃរោងចក្រ អ៊ែដ្យាយល៍ ស្វេតថឺ ដែរនោះ បានអះអាងថា ក្នុងអំឡុងពេលតវ៉ានោះ ក្រុមកម្មករទាំងអស់មិនបានប៉ះពាល់ ឬធ្វើឲ្យខូចខាតនូវរាល់ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ដូចការចោទប្រកាន់ទេ។ មិនតែប៉ុណ្ណោះ កូដកម្មដែលកើតឡើងនោះ គឺធ្វើដោយសន្តិវិធី និងអហិង្សាថែមទៀតផង៖ «អត់មានបិទផ្លូវសាធារណៈ ឬក៏ទៅវ៉ៃដំឲ្យខ្ទេចទ្រព្យសម្បត្តិរោងចក្រទេ។ ប៉ុន្តែពួកគាត់បែរជាប្ដឹងពួកខ្ញុំទៅវិញ។ គាត់ថា ពួកខ្ញុំធ្វើកូដកម្មខុសច្បាប់ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិរោងចក្រ»។
យ៉ាងនេះក្ដី វិទ្យុអាស៊ីសេរី នៅពុំទាន់អាចសុំការបំភ្លឺបន្ថែមជុំវិញវិវាទនេះពីភាគីក្រុមហ៊ុនបាននៅឡើយទេ។ ដោយឡែក ខាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈវិញ ក៏ពុំមានការឆ្លើយតបដែរ នៅថ្ងៃទី១១ ខែកុម្ភៈ។
មន្ត្រីសម្ព័ន្ធសហជីពចលនាកម្មករ លោក ស៊ុត ចិត្រ យល់ឃើញថា ដើម្បីបញ្ចប់វិវាទនេះ ភាគីជម្លោះត្រូវចេញមុខដោះស្រាយ ជាពិសេសខាងក្រុមហ៊ុន។ លោកបន្តថា ការប្រើប្រាស់ប្រព័ន្ធតុលាការ និងប្រើហិង្សា ជាការដាក់បន្ទុកបញ្ហាបន្ថែមទៀតទៅវិញ៖ «យើងក៏មិនចង់ឲ្យកម្មករហ្នឹងអូសបន្លាយធ្វើការទាមទារយូរដែរ ដោយសារសុំឲ្យតែគាត់បានចូលធ្វើការវិញ។ យើងមិនចង់ទាមទារអ្វីច្រើនទេ សុំឲ្យតែគាត់ចូលធ្វើការវិញ យើងបញ្ចប់វិវាទនេះ»។
តំណាងកម្មករបានអះអាងថា ញត្តិដែលពួកគេបានដាក់សុំកិច្ចអន្តរាគមន៍ពីរដ្ឋសភា នៅពេលនេះ ត្រូវបានតំណាងរាស្ត្រនៃគណបក្សនយោបាយទាំងពីរបានទទួលរួចហើយ។
ខ្លឹមសារនៃញត្តិបានឲ្យដឹងថា ស្នើសុំឲ្យក្រុមហ៊ុន ព្រមទទួលយកកម្មករចូលធ្វើការជាធម្មតាឡើងវិញ។ ដកពាក្យបណ្ដឹងទាំងអស់ ដែលបានប្ដឹងសហជីព និងកម្មករ។ លើសពីនេះទៀត ទទូចឲ្យភាគីរោងចក្រ ត្រូវយកអ្នកដែលបង្កបញ្ហាចេញពីក្រុមហ៊ុន។ ម្យ៉ាងវិញទៀត ខាងរោងចក្រ ត្រូវដោះស្រាយរាល់ការទាមទាររបស់កម្មករក្នុងពេលកន្លងទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
