សាលាឧទ្ធរណ៍​យល់ព្រម​បិទ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​ដើម្បី​ព្យាបាល​ជំងឺ​របស់​លោក ​វន់ ​ពៅ

0:00 / 0:00

មេធាវី​ការពារ​ក្ដី​ជូន ​លោក វន់ ពៅ និង លោក សុគន្ធ សម្បត្តិពិសិទ្ធ ស្នើសុំ​សាលាឧទ្ធរណ៍​ដក​ពាក្យ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់ ​លោក វន់ ពៅ និង លោក សុគន្ធ សម្បត្តិពិសិទ្ធ។ ការ​ស្នើ​សុំ​ដក​ពាក្យ​បណ្ដឹង​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​តុលាការ​បាន​ដោះលែង​អ្នក​ទាំង​២​រួចហើយ កាលពី​ចុង​ខែ​ឧសភា ឆ្នាំ​២០១៤។

ប្រធាន​ជំនុំជម្រះ​សាលាឧទ្ធរណ៍ លោក ញូង ធុល បាន​ធ្វើ​ការ​បិទ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ របស់​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក វន់ ពៅ និង​លោក សុគន្ធ សម្បត្តិពិសិទ្ធ តាម​ការ​ស្នើ​សុំ របស់​មេធាវី​នោះ​ហើយ កាលពី​ព្រឹក ថ្ងៃ​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។

នៅ​ក្នុង​សវនាការ​សាលាឧទ្ធរណ៍​នោះ មិន​មាន​វត្តមាន​លោក វន់ ពៅ និង​លោក សុគន្ធ សម្បត្តិពិសិទ្ធ ទេ។ ប៉ុន្តែ​អ្នកស្រី សាន សុគន្ធា មេធាវី​ឲ្យ​អ្នក​ទាំង​២ ថ្លែង​ថា​មិនមែន​ជា​សវនាការ​ដេញដោល​ទេ ទើប​អ្នក​ទាំង​២ មិន​មានមុខ​នៅ​ថ្ងៃ​នេះ។ អ្នកស្រី សាន សុគន្ធា បន្ត​ថា​ការ​សុំ​ដក​ពាក្យ​បណ្ដឹង ពី​សាលាឧទ្ទរណ៍​នេះ មកពី​លោក វ៉ន់ ពៅ និង​លោក សុគន្ធ សម្បត្តិ​ពិសិទ្ធ កាលនោះ​នៅ​ជាប់​ឃុំ ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​កំពង់ចាម ហើយ​មាន​ជំងឺ​ធ្ងន់ ដែល​ត្រូវ​ព្យាបាល​ចាំបាច់។ ប៉ុន្តែ​ការ​ស្នើ​សុំ​កាលនោះ ត្រូវ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ច្រានចោល ទើប​ក្រុម​មេធាវី​ការពារ​ក្ដី​ឲ្យ​អ្នក​ទាំង​២ ប្ដឹង​ទាស់​មក​សាលាឧទ្ធរណ៍​ថ្ងៃនេះ មេធាវី​មក​សុំ​ឲ្យ​សាលាឧទ្ធរណ៍ បិទ​សំណុំ​រឿង​ប្ដឹង​ទាស់​នោះ​វិញ ព្រោះ​អ្នក​ទាំង​២ ត្រូវ​តុលាការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ«កម្មវត្ថុ​របស់​យើង សុំ​ឲ្យ​កូនក្ដី​យើង​នៅ​ក្រៅ​ឃុំ ប៉ុន្តែ​ជាក់ស្ដែង​កូន​ក្ដី​យើង​នៅ​ឃុំ​ដែល​មាន​សាលក្រម លើ​អង្គ​សេចក្ដី​ហើយ អីចឹង​យើង​ត្រូវតែ​ដក​ពាក្យ​វិញ ព្រោះ​យើង​ក៏​ជួយ​សម្រួល​ដល់​សាលាឧទ្ធរណ៍ កុំ​ឲ្យ​ពិបាក​ប្រើ​នីតិវិធី​យូរ​លើ​រឿង​នឹង អីចឹង​យើង​ដក​ពាក្យ​វិញ​តែ​ម្ដង​ទៅ»។

លោក វន់ ពៅ និង លោក សុគន្ធ សម្បត្តិពិសិទ្ធ និង​អ្នក​ផ្សេងទៀត សរុប​២៣​នាក់ ត្រូវ​សមត្ថកិច្ច ចម្រុះ​ចាប់ខ្លួន ថ្ងៃ​០២​និង​០៣ ខែ​មករា ឆ្នាំ​២០១៤ ក្នុង​ពេល​កម្មករ ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល អប្បបរមា ១៦០​ដុល្លារ។ អ្នក​ទាំង​២៣​នាក់​នោះ ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទ​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ហើយ​ផ្ដន្ទាទោស ឲ្យ​ជាប់ពន្ធនាគារ​ម្នាក់ៗ​២​ឆ្នាំ​កន្លះ ទៅដល់​៤​ឆ្នាំ​កន្លះ ប៉ុន្តែ​ទោស​ទាំង​នោះ​ត្រូវ​ព្យួរ ចាប់ពី​ថ្ងៃ ៣០​ខែ​ឧសភា​ឆ្នាំ​២០១៤។

លោក អំ សំអាត មន្ត្រី​ស៊ើបអង្កេត​អង្គការ​លីកាដូ ថ្លែង​ក្រៅ​សាលាឧទ្ធរណ៍​ថា ជន​ទាំង​២៣​នាក់ ក្នុង​នោះ​មាន​លោក វន់ ពៅ លោក សុគន្ធ សម្បត្តិពិសិទ្ធ លោក ថេង សារឿន លោក ចាន់ ពុទ្ធិស័ក្តិ និង​កម្មករ រួម​ទាំង​អ្នកដំណើរ​ឆ្លងកាត់ ក្នុង​សកម្មភាព​កម្មករ​កំពុង​តវ៉ា ដំឡើង​ប្រាក់​ឈ្នួល​ទាប​១៦០​ដុល្លារ នៅ​ផ្លូវ​វ៉េងស្រេង និង​នៅ​ផ្លូវជាតិ​លេខ​៤​នោះ សរុប​២៣​នាក់​នោះ រង​នូវ​ការ​ចោទ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ ពី​បទ​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់​ទោស។ លោក​ថា នៅ​ពេល​សវនាការ សាលាឧទ្ធរណ៍​ខាងមុខ​សង្គម​ស៊ីវិល និង​អ្នក​ទាំង​២៣​នាក់ សង្ឃឹមថា​តុលាការ​នឹង​ច្រានចោល បទ​ចោទ​នោះ ព្រោះ​ក្រសួងយុត្តិធម៌ កំពុងតែ​កែទម្រង់ ដើម្បី​កុំ​ឲ្យ​មាន​និទណ្ឌភាព នៅ​ប្រទេស​កម្ពុជា«ទី​៣ ទាក់ទង​នឹង​ផ្លូវ​វ៉េងស្រេង និង​យ៉ាក់ជីង ការ​ធ្វើ​ទារុណកម្ម ការ​បង្ក​ឲ្យ​មនុស្ស​ស្លាប់ ៤​នាក់​និង​បាត់​ខ្លួន​ម្នាក់ ហើយ​រង​របួស​ជាច្រើន​នាក់ មក​ទល់​ពេលនេះ​យើង​ឃើញ​ថា​មានតែ​ប្រជាពលរដ្ឋ​សាមញ្ញ ដែល​មិន​ដឹង​អី​ត្រូវ​ជាប់ពន្ធនាគារ​២៣​នាក់។ ប៉ុន្តែ​ជន​ដៃដល់​ដែល​បង្ក ឲ្យ​មនុស្ស​ស្លាប់ និង​រង​របួស មិនបាន​យក​មក​ផ្ដន្ទាទោស​តាមច្បាប់​ទេ។ នេះ​គឺ​រដ្ឋាភិបាល ត្រូវតែ​ចាត់វិធានការ​ជាបន្ទាន់ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ជនរងគ្រោះ កុំ​ឲ្យ​ដូច​រឿង​លោក ឈូក បណ្ឌិត ត​ទៀត អា​នឹង​បាន​អាច​បំបាត់​និទណ្ឌភាព​បាន»។

ស្របគ្នា​នេះ​ដែរ​សេចក្ដី​ថ្លែងការណ៍ របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ចេញផ្សាយ​កាលពី​ថ្ងៃ អាទិត្យ​ទី​១៦​ខែ​វិច្ឆិកា អំពាវនាវ​ឲ្យ​លើកលែង​ការ​ចោទ ចំពោះ​អ្នកការពារ​សិទ្ធិមនុស្ស​៤​នាក់ និង​មនុស្ស​៦​នាក់​ផ្សេងទៀត មុន​ពេល​សវនាការ​នៅ​សាលាឧទ្ធរណ៍។

សេចក្ដី​ថ្លែងការណ៍​រៀប​រាប់​ថា ដើម​បណ្ដឹង​ឧទ្ធរណ៍ រួមមាន​អ្នកការពារ​សិទ្ធិមនុស្ស​៤​នាក់ រួម​នឹង​មនុស្ស​៦​នាក់​ផ្សេងទៀត ដែល​សាលាដំបូង​ដំណើរការ​សវនាការ មិន​បាន​អនុលោម តាម​បទដ្ឋាន​អប្បបរមា នៃ​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌។ ជន​ជាប់​ចោទ​៦​នាក់ ត្រូវ​បាន​រក​ឃើញ​ថា មានទោស កាលពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៤ ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស។ ប៉ុន្តែ​អ្នកការពារ​សិទ្ធិមនុស្ស​៤​នាក់ ត្រូវ​បាន​ប្ដូរ​បទ​ចោទ​ភ្លាមៗ ទៅជា​បទ​ផ្ដើម​គំនិត​ក្នុង​អំពើ​ហិង្សា ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ឲ្យ​ជាប់ពន្ធនាគារ​ក្នុង​ម្នាក់ៗ ពី​២​ឆ្នាំ​កន្លះ ទៅដល់​៤​ឆ្នាំ​កន្លះ ប៉ុន្តែ​ទោស​នោះ ត្រូវ​ព្យួរ។ សេចក្ដី​ថ្លែងការណ៍​ដដែល សំដែង​ការ​ព្រួយ​បារម្ភ ទាក់ទង​នឹង​ឯករាជ្យ​ភាព​របស់​តុលាការ ព្រោះ​ក្នុង​ពេល​សវនាការ​កាល​នោះ សាលាដំបូង​រាជធានី​ភ្នំពេញ ខ្វះ​ភស្តុតាង​ដាក់​បន្ទុក​ទាំងស្រុង និង​បាន​រំលោភបំពាន​ម្ដង​ហើយ​ម្ដងទៀត លើ​សិទ្ធិ​ទទួល​បានការ ជំនុំ​ជម្រះ​ក្តី ដោយ​យុត្តិធម៌ របស់​ជនជាប់ចោទ។

អ្នកស្រី ចក់ សុភាព នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ថ្លែង​ក្នុង​លិខិត​នោះ​ថា សេចក្ដី​សម្រេច​របស់​សាលាដំបូង ផ្អែកលើ​ការពិចារណា បែប​នយោបាយ ជា​ជាង​ភស្តុតាង ជាក់ស្ដែង។ ដូច្នេះ​គេ​ត្រូវ​ពឹងផ្អែក លើ​សាលាឧទ្ធរណ៍ ក្នុង​ការ​ការពារ​សិទ្ធិ​ទទួល​បាន ការ​ជំនុំ​ជម្រះ​ក្ដី ដោយ​យុត្តិធម៌​របស់​ជនជាប់ចោទ ដែល​អាច​នឹង​ជា​ការ​លើកលែង ការចោទប្រកាន់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។