អាជ្ញាធរ​នឹង​ទប់ស្កាត់​ការ​ធ្វើ​ពិធី​រំលឹក​ខួប​អ្នក​ស្លាប់​នៅ​ផ្លូវ​វ៉េងស្រេង

0:00 / 0:00

0:00 / 0:00

ក្រុម​គ្រួសារ​សាច់ញាតិ​ជន​រងគ្រោះ និង​អ្នក​ដែល​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ បាន​រួម​គ្នា​ជាមួយ​សហជីព កម្មករ នឹង​ធ្វើ​ពិធី​រំលឹក​ខួប ២​ឆ្នាំ នៃ​ការ​ស្លាប់​របស់​កម្មករ​ក្នុង​ប្រព្រឹត្តិការណ៍​តវ៉ា​ដំឡើង​ប្រាក់​ឈ្នួល ១៦០​ដុល្លារ។ ពិធី​ជួបជុំ​នេះ គេ​គ្រោង​ធ្វើ​នៅ​ក្បែរ​សួន​កាណាឌីយ៉ា ស្ថិត​នៅ​លើ​ផ្លូវ​វ៉េងស្រេង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ នៅ​ថ្ងៃ​ទី​៣ ខែ​មករា។

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ព្រមាន​ប្រើ​វិធានការ​ទប់ស្កាត់​ការ​ជួបជុំ​របស់​ក្រុម​សហជីព​ដែល​ប៉ុនប៉ង​ធ្វើ​ពិធី​រំលឹក​ខួប ២​ឆ្នាំ ជូន​អ្នក​ស្លាប់​ក្នុង​ប្រព្រឹត្តិការណ៍​តវ៉ា​ដំឡើង​ប្រាក់​ឈ្នួល​នៅ​ផ្លូវ​វ៉េងស្រេង។

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២ មករា ថា សាលា​រាជធានី​នឹង​មាន​វិធាន​ការ​ទប់ស្កាត់​ចំពោះ​ការ​ប៉ុនប៉ង​ជួបជុំ​គ្នា​ធ្វើ​ពិធី​នេះ។ លោក​ថា សាលា​រាជធានី​មិន​បាន​ឃើញ​សេចក្ដី​ជូន​ដំណឹង ឬ​លិខិត​សុំ​ការ​អនុញ្ញាត​ណា​មួយ​ដើម្បី​រៀបចំ​ធ្វើ​ពិធី​នេះ​ទេ៖ «យើង​ខ្ញុំ​ក៏​អត់​មាន​ទទួល​ការ​ស្នើសុំ​រៀបចំ​អី​នៅ​ទីតាំង​សាធារណៈ​អ៊ីចឹង​ដែរ។ ការ​រៀបចំ​ពិធី​អី​ក៏ដោយ នៅ​ទីតាំង​សាធារណៈ​បើ​មិន​មាន​ការ​សុំ​ច្បាប់​ពី​អាជ្ញាធរ​ដែនដី​ទៅ​គឺ​ថា យើង​មិន​អនុញ្ញាត​ជូន​ទេ គឺ​ជា​ទង្វើ​ខុស​ច្បាប់​មួយ។ ខ្ញុំ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ទេ»

ទាក់ទង​បញ្ហា​នេះ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ និង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ ដែល​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​សហជីព​ដទៃ​ដែល​ផ្ដួចផ្ដើម​រៀបចំ​ពិធី​នេះ​ថ្លែង​ថា ពួកគាត់​រៀបចំ​ពិធី​នេះ ពុំ​មាន​ការ​ជូន​ដំណឹង​សាលា​រាជធានី​នោះ​ទេ ពីព្រោះ​ជា​ពិធី​សាសនា​ដែល​នឹង​រាប់បាត្រ​បង្សុកូល​ជូន​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​នៅ​ទីកន្លែង​កើត​ហេតុ។

លោក​ថា ទាំង​អ្នក​ស្លាប់​អ្នក​របួស និង​អ្នក​ដែល​អាជ្ញាធរ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​គឺ​បាន​បូជា​ជីវិត​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ជូន​កម្មករ ដើម្បី​លើក​ស្ទួយ​ជីវភាព​កម្មករ៖ «អត់​មាន​ច្បាប់​អី​ត្រូវ​ជូន​ដំណឹង ព្រោះ​យើង​ធ្វើ​នេះ​គ្រាន់​តែ​ជា​ការ​គោរព​វិញ្ញាណក្ខន្ធ និង​បង្សុកូល​តែ​ប៉ុណ្ណោះ អត់​មាន​ហែ​ក្បួន​តវ៉ា​បាតុកម្ម​អី​ទេ។ យើង​ចង់​រំលឹក​ឲ្យ​កម្មករ​ខ្មែរ​ទាំង​អស់​ឲ្យ​បាន​ដឹង​ថា ការ​ដំឡើង​ប្រាក់​ឈ្នួល​កន្លង​មក​គឺ​ជា​ការ​ចូលរួម​ចំណែក​ពី​អ្នក​ស្លាប់​ទាំង​នោះ​យ៉ាង​ធំធេង។ យើង​ឃើញ​ថា រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​អ្វី​ទាល់​តែ​សោះ»

ពាក់ព័ន្ធ​នឹង​សំណង​យុត្តិធម៌​នេះ សាច់ញាតិ​ជន​រងគ្រោះ​ដែល​ស្លាប់​ដោយ​គ្រាប់​កាំភ្លើង​នៅ​លើ​ផ្លូវ​វ៉េងស្រេង សម្ដែង​ក្ដី​អស់​សង្ឃឹម។

អ្នកស្រី ឈីវ សារ៉ុន ជា​ភរិយា​របស់​សព​លោក យាន រិទ្ធី ដែល​មាន​ស្រុក​កំណើត​នៅ​ស្រុក​បាទី ខេត្ត​តាកែវ និយាយ​ថា ពន្លឺ​យុត្តិធម៌​គ្មាន​ទេ​សម្រាប់​គ្រួសារ​គាត់៖ «ខ្ញុំ​អត់​បាន​ទៅ​ផង ឆ្នាំ​នេះ​ខ្ញុំ​មក​ធ្វើ​នៅ​ផ្ទះ ខ្ញុំ​ធ្វើ​បាយ​សម្ល​ទៅ​វត្ត។ រយៈពេល ២​ឆ្នាំ​ហើយ​គ្មាន​រឿង​អី​ដែល​អាច​ថា ធ្វើ​ឲ្យ​ខ្ញុំ​សង្ឃឹម​បាន។ គ្មាន​ប្រយោជន៍​អី​សោះ​គិតៗ​ទៅ»

កាល​ពី​ថ្ងៃ​ទី​២ និង​ថ្ងៃ​ទី​៣ មករា ឆ្នាំ​២០១៤ មាន​ព្រឹត្តិការណ៍​បង្ក្រាប​លើ​កម្មករ​នៅ​ក្បែរ​រោងចក្រ​យ៉ាកជីន (Yakjin) ស្ថិត​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ និង​នៅ​លើ​កំណាត់​ផ្លូវ​វ៉េងស្រេង ស្ថិត​ក្នុង​ខណ្ឌ​ដង្កោ ក្នុង​ពេល​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល ១៦០​ដុល្លារ។ ពេល​នោះ​កម្មករ​ចំនួន ៤​នាក់​ត្រូវ​បាន​គេ​បាញ់​សម្លាប់ ម្នាក់​បាត់​ខ្លួន និង​មនុស្ស​ជិត ៤០​នាក់​របួស។ ចំណែក​កម្មករ និង​សកម្មជន​សិទ្ធិ​មនុស្ស ២៣​នាក់​ផ្សេង​ទៀត ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន និង​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​មួយ​រយៈ។ ការ​បាញ់​សម្លាប់ និង​ការ​ចាប់​ខ្លួន​នេះ ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​រិះគន់​យ៉ាង​ខ្លាំង ហើយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ស្វែង​រក​មុខ​ជន​ទទួល​ខុស​ត្រូវ​លើ​ការ​បាញ់​សម្លាប់​កម្មករ​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ខែ​មក​ផ្ដន្ទាទោស។

បទសម្ភាសន៍​ជាមួយ​អគ្គលេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា

ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ប៉ះ​ទង្គិច​កាល​ពី​ថ្ងៃ​ទី​៣ មករា កម្លាំង​អាជ្ញាធរ​បាន​បាញ់​គ្រាប់​កាំភ្លើង​ពិត គប់​គ្រាប់​បែក​ផ្សែង និង​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ទៅ​លើ​ក្រុម​បាតុករ។ ចំណែក​មេ​ដឹក​នាំ​សហជីព ព្រះសង្ឃ និង​កម្មករ​បាតុកម្ម​ជាច្រើន​នាក់ ត្រូវ​គេ​វាយ​ដំ និង​ចាប់​ខ្លួន​ផង។

សូម​ស្ដាប់​បទសម្ភាសន៍​របស់ លោក សាន សែល ជាមួយ​នឹង លោក ថេង សាវឿន ជា​អគ្គលេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) ដែល​ស្ថិត​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ រៀបរាប់​ពី​បទពិសោធន៍​ដែល​លោក​បាន​ជួប​ប្រទះ​ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។