អាជ្ញាធរ​ស្រុក​នៅ​ព្រះវិហារ​រារាំង​ក្រុម​សហគមន៍​ការពារ​ព្រៃ​ឈើ​ជួប​ប្រជុំ​សម្ដែង​មតិ

អាជ្ញាធរ​ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ បាន​រារាំង​ក្រុម​សហគមន៍​ព្រៃ​ឈើ​ព្រៃព្រះរកា និង​បណ្ដាញ​ការពារ​ព្រៃ​ឡង់ ប្រមាណ ៣០០​នាក់ មិន​ឱ្យ​ជួប​ប្រជុំ​គ្នា​ធ្វើ​វេទិកា​សម្ដែង​មតិ​បាន​ទេ កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​១១ ខែ​មិថុនា។

ក្រុម​សហគមន៍​ការពារ​ព្រៃ​ឈើ​ទាំង​នោះ ត្រូវ​គេ​ដឹង​ថា បាន​ស្កាត់​មក​ពី ៥​ស្រុក​ក្នុង​ខេត្ត​ព្រះវិហារ ខេត្ត​ស្ទឹងត្រែង ខេត្ត​ក្រចេះ និង​ខេត្ត​កំពង់ធំ ជាដើម។

សមាជិក​បណ្ដាញ​សហគមន៍​ការពារ​ព្រៃ​ឡង់ ក្នុង​ស្រុក​ជ័យសែន គឺ​អ្នកស្រី ឈឹម សុខា។ អ្នកស្រី​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ពុធ ទី​១១ ខែ​មិថុនា ថា អ្នកស្រី​មិន​ដឹង​ពី​មូលហេតុ​ដែល​អាជ្ញាធរ​ស្រុក​ជ័យសែន រារាំង​វេទិកា​របស់​សហគមន៍​ព្រៃ​ឈើ​នោះ​ទេ ពីព្រោះ​កាល​ពី​ពេល​សហគមន៍​សុំ​ច្បាប់ និង​នាំ​គ្នា​ធ្វើ​រោង​វេទិកា មិន​មាន​អាជ្ញាធរ​ណា​ហាម​ឃាត់​ឡើយ៖ «កាល​ដែល​ទៅ​ជម្រាប​គេ​ពី​ម្សិល​ហ្នឹង សង់​រោង​សង់​អី​ហើយ​ហ្នឹង គេ​អត់​ឮ​ឃាត់​យើង​ថា​មិន​ឱ្យ​ធ្វើ​ទេ តែ​ដល់​ព្រឹក​មិញ​ហ្នឹង បាន​គេ​អត់​ឱ្យ​ធ្វើ គេ​ឱ្យ​រុះរើ​រោង​ចេញ។ រៀបចំ​នៅ​កន្លែង​មន្ទីរ​ស្រុក​តើ ហើយ​អ្នក​មក​ក្រោយ​មក​ដល់​ឮ​ថា​គេ​បិទ​កម្មវិធី​បាត់ ក៏​នៅ​តាម​ផ្ទះ ហើយ​ដូច​ពួក​កំពង់ធំ ស្រុក​សណ្ដាន់ ម៉ូតូ ១៨​គ្រឿង អត់​បាន​ចូល​ទៅ​ដល់​ផង គេ​បំបែក​គ្នា អត់​ឱ្យ​មាន​កម្មវិធី​ហ្នឹង​កើត​ឡើង»

វិទ្យុ​អាស៊ីសេរី ព្យាយាម​ទាក់ទង​ទៅ លោក ថោង សាគឿន អភិបាល​ស្រុក​ជ័យសែន ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ ក៏ប៉ុន្តែ​ទូរស័ព្ទ​របស់​លោក​បាន​បិទ​មិន​អាច​ទាក់ទង​បាន​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។