អាជ្ញាធរខណ្ឌចម្ការមន បានធ្វើការរារាំងទៅលើក្បួនជិះកង់របស់ក្រុមអ្នកចូលរួមទិវាអន្តរជាតិ ១០០កោដិសំឡេង ដែលក្បួនជិះកង់នេះធ្វើឡើងដើម្បីចូលរួមចំណែក ក្នុងការបញ្ចប់អំពើហិង្សាលើស្ត្រី និងកុមារីនៅកម្ពុជា និងលើពិភពលោក។ អាជ្ញាធរលើកឡើងថា ក្រុមអ្នកជិះកង់ទាំងនោះ បានធ្វើផ្ទុយនឹងលិខិតរបស់សាលារាជធានីភ្នំពេញ។ ការរារាំងនោះមិនបានបង្កឲ្យមានអ្នករបួសអ្វីឡើយ។
កងកម្លាំងនគរបាល និងកងសន្តិសុខខណ្ឌចម្ការមន ប្រមាណ ១៥នាក់ ដឹកនាំដោយអភិបាលរងខណ្ឌចម្ការមន លោក ជ គឹមសូរ បានចុះស្ទាក់ផ្លូវហាមឃាត់មិនឲ្យក្រុមមន្ត្រីអង្គការ សង្គមស៊ីវិល សិស្ស និងនិស្សិត ប្រមាណជាង ២០០នាក់ មិនឲ្យជិះកង់ហែក្បួនតាមដងផ្លូវនានា តាមការគ្រោងទុករបស់ពួកគេនោះទេ។
កាលពីព្រឹកថ្ងៃទី១៤ កុម្ភៈ អ្នកទាំងជាង ២០០នាក់នោះ បានមកប្រមូលផ្តុំគ្នានៅមុខអង្គការយេនឌ័រ និងអភិវឌ្ឍន៍ ដើម្បីកម្ពុជា ក្នុងសង្កាត់អូឡាំពិក ក្នុងគោលបំណងចូលរួមជិះកង់ហែក្បួនតាមផ្លូវមួយចំនួន កាត់ទីក្រុងភ្នំពេញ ដើម្បីចូលរួមផ្សព្វផ្សាយអំពីការលុបបំបាត់អំពើហិង្សាលើស្ត្រី និងកុមារី ក្នុងទិវាអន្តរជាតិ ១០០កោដិសំឡេង ដើម្បីសេចក្តីស្រឡាញ់ និងយុត្តិធម៌។
នៅម៉ោងប្រមាណជា ៨ព្រឹក ក្រុមអ្នកជិះកង់ដែលមានចងប៉េងប៉ោងជាប់នឹងកង់របស់ខ្លួន ព្រមទាំងមានពាក់អាវយឺតពណ៌ផ្កាឈូក សរសេរអក្សរមួយរយកោដិសំឡេង និងបញ្ចប់គ្រប់អំពើហិង្សាលើស្ត្រី ដើម្បីសេចក្តីស្រឡាញ់ និងយុត្តិធម៌ ហើយខ្លះទៀតមានគូរនិមិត្តសញ្ញា ១០០កោដិសំឡេង និងផ្កាឈូកលើថ្ពាល់ផងនោះ បានចេញដំណើរពីសង្កាត់អូឡាំពិក ឆ្ពោះទៅកាន់វត្តភ្នំ។
លុះក្បួនបានជិះមកដល់ម្តុំមុខក្លឹបកម្សាន្តស្ប៉ាក (Spark) តាមបណ្តោយផ្លូវម៉ៅសេទុង អភិបាលរងខណ្ឌចម្ការមន លោក ជ គឹមសូរ និងគ្នីគ្នារបស់គាត់មួយចំនួន បានជិះម៉ូតូមកស្ទាក់មិនឲ្យក្បួនធ្វើដំណើរបន្តទៅមុខទៀត ដោយលើកហេតុផលថា ក្រុមអ្នកជិះកង់ទាំងអស់នោះមិនបានធ្វើតាមការណែនាំរបស់លិខិតសាលារាជធានីភ្នំពេញ ដែលមិនអនុញ្ញាតឲ្យពួកគេជិះកង់ហែក្បួនតាមផ្លូវនោះឡើយ។
«សំឡេង»
លោក ជ គឹមសូរ បានណែនាំឲ្យអ្នកទាំងនោះធ្វើដំណើរទៅកាន់កោះពេជ្រ តែម្តង ដោយមិនចាំបាច់ជិះហែហមតាមផ្លូវនោះទេ។ បន្ទាប់មក ក្រុមអ្នកជិះកង់បានជិះបកក្រោយត្រឡប់មកអង្គការវិញ ដើម្បីប្រមូលផ្តុំគ្នាជិះទៅកាន់កោះពេជ្រ ទាំងអស់គ្នា។ ប៉ុន្តែ ពួកគេមិនត្រូវបាន លោក ជ គឹមសូរ អនុញ្ញាតឲ្យទេ ដោយលើកឡើងថា ពេលវេលាដែលសាលារាជធានីភ្នំពេញ អនុញ្ញាតឲ្យនោះ បានហួសពេលទៅហើយ។
លោក ជ គឹមសូរ៖ «សូមកុំភ្លេចថា ខ្ញុំជាអាជ្ញាធរអនុវត្តមុខងារសាធារណៈ។ សាលារាជធានីភ្នំពេញ អនុញ្ញាតឲ្យគាត់ធ្វើដែនកម្រិតប៉ុណ្ណា គាត់ធ្វើប៉ុណ្ណឹងទៅកាលណាគាត់ធ្វើលើស ខាងយើងខ្ញុំមិនអនុញ្ញាតឲ្យគាត់ធ្វើទេ ពីព្រោះសាលារាជធានីភ្នំពេញ អនុញ្ញាតឲ្យគាត់ពីរដង។ លើកទី១ នៅថ្ងៃទី៦ នៅពហុកីឡាដ្ឋាន។ លើកទី២ ពីម៉ោង ៥ ដល់ម៉ោង ៨ ថ្ងៃទី១៤ នេះនៅកោះពេជ្រ»។
នាយិកាប្រតិបត្តិនៃអង្គការយេនឌ័រ និងអភិវឌ្ឍន៍ ដើម្បីកម្ពុជា អ្នកស្រី រស់ សុភាព ដែល ដឹកនាំការជិះកង់នោះ បានទទួលស្គាល់ថា វាពិតជាមានការយល់ច្រឡំគ្នាទៅលើពេលវេលា ដែលសាលារាជធានីភ្នំពេញ បានកំណត់។ ទោះយ៉ាងណា អ្នកស្រីថា សាលារាជធានីភ្នំពេញ ក៏មិនបានបញ្ជាក់ឲ្យបានច្បាស់អំពីពេលវេលាដែលដាក់ក្នុងលិខិតនោះដែរ។
អ្នកស្រី រស់ សុភាព៖ «ឲ្យយើងជិះកង់ពីម៉ោង ៥ ដល់ម៉ោង ៨ ហើយគាត់អត់មានបញ្ជាក់ថា ពីម៉ោង ៥ព្រឹកដល់ម៉ោង ៨ព្រឹកទេ គ្រាន់ ៥-៨ យើងគិតថា ពីម៉ោង ៥ព្រឹកដល់ ៨ល្ងាច។ អ៊ីចឹង យើងមានពេលអាចធ្វើបាន។ ដល់ពេលបកស្រាយរបស់ខណ្ឌគាត់ថា មិនមែនអ៊ីចឹងទេ ម៉ោង ៥ព្រឹកទៅម៉ោង ៨ព្រឹក គាត់យល់ថា អ៊ីចឹង ហើយអ៊ីចឹងបើម៉ោង ៥ព្រឹក យើងគិតមើល ថាតើយើងអាចប្រមូលផ្តុំគ្នាទៅជិះកង់ម៉ោង ៥ព្រឹក ម៉ោង ៨ព្រឹក ដូចជាវាមិនសូវថាត្រឹមត្រូវ មើលទៅដូចយើងមិនអាចធ្វើបានទេ ម៉ោង ៥ព្រឹក»។
បើតាមគម្រោង ក្បួនជិះកង់របស់ក្រុម ១០០កោដិសំឡេង ត្រូវចេញដំណើរពីទីស្នាក់ការអង្គការហ្កេដស៊ី (GADC) នៅអូឡាំពិក ឆ្ពោះទៅកាន់វត្តភ្នំ កន្លែងដែលគេគ្រោងធ្វើសន្និសីទកាសែត ដោយឆ្លងកាត់តាមផ្លូវមួយចំនួន ដូចជាផ្លូវម៉ៅសេទុង ផ្លូវមុនីរ៉េត ផ្លូវកម្ពុជាក្រោម និងផ្លូវព្រះមុនីវង្ស រួចចេញពីវត្តភ្នំ មកវិញ ជិះឆ្លងកាត់ផ្លូវព្រះស៊ីសុវត្ថិ រួចឡើងមកផ្លូវព្រះសីហនុ និងជួបគ្នានៅអង្គការវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
