អាជ្ញាធរមានសមត្ថកិច្ច និងសន្តិសុខខណ្ឌដូនពេញ បានរារាំង និងបំបែកយុវជនមួយក្រុម ដែលប៉ុនប៉ងប្រមូលផ្តុំគ្នានៅទីលានប្រជាធិបតេយ្យ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ដើម្បីផ្ញើសារជូនរដ្ឋាភិបាល ឲ្យគោរពសិទ្ធិមនុស្ស និងរដ្ឋធម្មនុញ្ញកម្ពុជា។ ក្នុងហេតុការណ៍នោះ កងសន្តិសុខខណ្ឌដូនពេញ បានឃាត់ខ្លួនពលរដ្ឋម្នាក់ដែលបង្ហាញការគាំទ្រចំពោះសកម្មភាពទាមទារសិទ្ធិរបស់ក្រុមយុវជន។
កម្លាំងចម្រុះរដ្ឋាភិបាល និងកងសន្តិសុខសាលារាជធានីភ្នំពេញ ប្រដាប់ដោយខែល និងដំបងឆក់រាប់សិបនាក់ ត្រូវគេដាក់ពង្រាយនៅជុំវិញបរិវេណទីលានប្រជាធិបតេយ្យ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ។
យុវជន ហេង សំណាង ជាតំណាងឲ្យក្រុមយុវជនខ្មែរមហានគរ បានឲ្យដឹងថា អាជ្ញាធរបានរារាំងពួកគេដែលមានគ្នាចំនួន ៩នាក់ មិនឲ្យជួបជុំគ្នានៅទីលានប្រជាធិបតេយ្យទេ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ។ យុវជនរូបនេះបន្ថែមថា បន្ទាប់ពីសមត្ថកិច្ចបានរារាំង ពួកគេក៏បានទៅប្រមូលផ្តុំគ្នានៅមុខការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា និងធ្វើសន្និសីទកាសែតនៅទីនោះ។

យុវជន ហេង សំណាង បញ្ជាក់ថា គោលបំណងនៃការជួបជុំ គឺដើម្បីទាមទារសេរីភាព ស្នើឲ្យរដ្ឋាភិបាលដកបម្រាមជួបជុំសម្ដែងមតិ ស្នើឲ្យគោរពសិទ្ធិមនុស្ស និងស្នើឲ្យរដ្ឋាភិបាលគោរពរដ្ឋធម្មនុញ្ញ ជាដើម៖ «យើងស្នើទៅដល់រាជរដ្ឋាភិបាល កុំឲ្យគាត់ប្រើអំពើហិង្សាវាយបង្ក្រាបទៅលើប្រជាពលរដ្ឋ ជាពិសេស ត្រូវតែឲ្យតម្លៃទៅលើយុវជននិស្សិតបញ្ញវន្ត ពីព្រោះពួកគាត់ចង់ចូលរួមសង្គមជាតិ ចង់ចូលរួមប្រឆាំងអំពើអយុត្តិធម៌ ប្រឆាំងអំពើពុករលួយ និងរួមចំណែកក្នុងការកសាងប្រទេសជាតិ។ ដូច្នេះ សូមសំណូមពរទៅដល់រាជរដ្ឋាភិបាល កុំឲ្យមានការបង្ក្រាប និងការបំបិទសិទ្ធិប្រជាពលរដ្ឋ ពិសេសយុវជនតែម្តង»។
កញ្ញា ជី ជី ជាសមាជិកក្រុមយុវជនខ្មែរមហានគរម្នាក់ទៀត បានសម្ដែងការហួសចិត្ត ដែលអាជ្ញាធរបានរារាំងពួកគេមិនឲ្យយកទីលានប្រជាធិបតេយ្យ ដើម្បីសម្ដែងមតិដូចមានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញ។ យុវតីរូបនេះបានចាត់ទុកទង្វើរបស់សមត្ថកិច្ចរដ្ឋាភិបាល ថាបានរំលោភរដ្ឋធម្មនុញ្ញ និងសិទ្ធិមនុស្សធ្ងន់ធ្ងរ និងចំថ្ងៃទិវាយុត្តិធម៌សង្គមពិភពលោក នាថ្ងៃទី២០ ខែកុម្ភៈ៖ «ពួកយើងខ្ញុំជាយុវជន សូមប្រកាសផ្សព្វផ្សាយស្មារតីនៃយុត្តិធម៌សង្គម ជូនដល់ព្រះរាជាណាចក្រកម្ពុជា។ ពួកខ្ញុំសូមទាមទារឲ្យរដ្ឋាភិបាលលុបចោលជាបន្ទាន់ នូវសេចក្តីប្រកាសរបស់សាលារាជធានីភ្នំពេញ ដែលហាមប្រាមការជួបជុំលើសពីដប់នាក់ ព្រមទាំងឲ្យដោះលែងជាបន្ទាន់មនុស្សទាំង ២១នាក់ ដែលកំពុងជាប់ក្នុងពន្ធនាគារ»។
ការប្រមូលផ្តុំគ្នារបស់ក្រុមយុវជននៅមុខការិយាល័យឧត្ដមស្នងការសហប្រជាជាតិ ក៏មានកម្មវិធីលែងចាបជានិមិត្តរូបនៃការទាមទារសេរីភាពថែមទៀត។
សកម្មភាពរារាំងរបស់កងកម្លាំងកងសន្តិសុខខណ្ឌដូនពេញ ឈានដល់ឃាត់ខ្លួនបុរសម្នាក់ ដែលបានសម្ដែងការគាំទ្រសកម្មភាពរបស់យុវជន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដោយចោទថា បង្កឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ប៉ុន្តែក្រោយមក បានដោះលែងវិញ។
កងកម្លាំងសន្តិសុខខណ្ឌដូនពេញ បានចោទសកម្មភាពរបស់ក្រុមយុវជនទាំងនោះថា មានបំណងបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សង្គម ឬសណ្ដាប់ធ្នាប់សាធារណៈ។
លោក អំ សំអាត ជាមន្ត្រីស៊ើបអង្កេតអង្គការលីកាដូ (Licadho) បានតាមឃ្លាំមើលសកម្មភាពប្រមូលផ្តុំរបស់ក្រុមយុវជន ព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ។ លោកសោកស្ដាយចំពោះទង្វើ និងសកម្មភាពរបស់សមត្ថកិច្ច ឬកម្លាំងសន្តិសុខសាលារាជធានី ដែលបានអនុវត្តផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញ៖ «ជាការឲ្យសោកស្ដាយនូវពេលដែលចង់បញ្ចេញមតិរបស់ក្រុមយុវជនទាំងអស់ហ្នឹងត្រូវបានរារាំង។ សូម្បីតែសួនប្រជាធិបតេយ្យ ដែលគេឲ្យរហស្សនាមថា កន្លែងប្រជាធិបតេយ្យឥឡូវហ្នឹងត្រូវបានបិទសិទ្ធិសេរីភាពទាំងស្រុងហើយ។ ហើយមិនតែប៉ុណ្ណោះ មានទាំងការចាប់ខ្លួនម្នាក់ និងវាយដោយហិង្សា ហើយនាំខ្លួនទៅខណ្ឌឲ្យធ្វើកិច្ចសន្យា ជាថ្នូរនឹងការដោះលែងថែមទៀត»។
ទាក់ទិនបញ្ហានេះ លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី៤ ខែមករា មកម្ល៉េះ ក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំមិនអនុញ្ញាតឲ្យផ្នែកពាក់ព័ន្ធណាមួយប្រមូលផ្តុំគ្នា ឬជួបជុំសម្ដែងមតិអ្វីមួយនៅតាមទីសាធារណៈទេ នៅក្នុងកាលៈទេសៈនេះ។
ទាក់ទិនបញ្ហានេះដែរ សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះសកម្មភាពបង្ក្រាប និងចាប់ខ្លួនមនុស្សដែលគ្មានកំហុសរបស់អាជ្ញាធរក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៤ ថាបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
សមាគមអាដហុក បានចាត់ទុកសកម្មភាពរបស់អាជ្ញាធរខណ្ឌដូនពេញ ថាបានប្រើកម្លាំងក្រៅក្របខ័ណ្ឌ ចាប់ខ្លួនយុវជនម្នាក់ឈ្មោះ ភក្តី នៅម្តុំផ្សារធំថ្មី ខណៈយុវជនរូបនេះជិះម៉ូតូតាមមើលសកម្មភាពរបស់ក្រុមយុវជនខ្មែរមហានគរ ដែលមានគ្នាចំនួន ៩នាក់ ជួបជុំគ្នាលែងសត្វចាប ដើម្បីសុំសុខសន្តិភាពនៅថ្ងៃទិវាយុត្តិធម៌សង្គមពិភពលោក នាទីលានប្រជាធិបតេយ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
