ក្រុមជំនាញពិនិត្យ និងធ្វើកោសល្យវិច័យស្នាមមេដៃរបស់ក្រសួងមហាផ្ទៃ រកឃើញបញ្ហាមួយចំនួននៅលើញត្តិរបស់គណបក្សសង្គ្រោះជាតិ ដែលបានថ្វាយទៅព្រះមហាក្សត្រ។
បើទោះជាយ៉ាងណា ក្រុមជំនាញទើបពិនិត្យផ្ទៀងផ្ទាត់ស្នាមមេដៃទាំងនោះនៅមិនទាន់បានពាក់កណ្ដាលនៃចំនួនញត្តិសរុបទាំងជាង ១៧ម៉ឺននាក់នោះនៅឡើយ។
មន្ត្រីជំនាញនៅមិនទាន់បញ្ជាក់ពីចំណាត់ការយ៉ាងណាចំពោះបញ្ហាដែលបានរកឃើញនៅលើញត្តិរបស់គណបក្សសង្គ្រោះជាតិ នៅឡើយទេ។
អនុគណៈកម្មការស្រាវជ្រាវ និងធ្វើកោសល្យវិច័យស្នាមមេដៃ នាយឧត្ដមសេនីយ៍ កង សុខន ថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី១៤ ខែមិថុនា ថា បញ្ហាដែលក្រុមជំនាញបានរកឃើញនោះរួមមាន ឈ្មោះខ្លះពុំមានស្នាមមេដៃ ខ្លះទៀតមានតែស្នាមមេដៃអត់ឈ្មោះ មានឈ្មោះ និងស្នាមមេដៃ ខ្លះទៀតពុំមានបញ្ជាក់ពីអាសយដ្ឋាន ហើយក៏មានស្នាមមេដៃមនុស្សតែម្នាក់ដូចគ្នាផ្ដិតលើឈ្មោះផ្សេងៗពីគ្នា៖« យើងឃើញថា ទី១ ខ្លឹមសារញត្តិនេះជាខ្លឹមសារញត្តិដែលមានខ្លឹមសារដូចៗគ្នា ហើយមានការបោះពុម្ពស្រាប់ គឺមិនមែនជាខ្លឹមសារដែលប្រជាពលរដ្ឋសរសេរដោយដៃគាត់ផ្ញើមកទេ ហើយអាចបានសន្និដ្ឋានថា ញត្តិនេះចេញពីប្រភពណាមួយតែមួយ »។
លោក កង សុខន បន្តថា ការងារធ្វើកោសល្យវិច័យនេះនៅមិនទាន់បានពាក់កណ្ដាល ឬ ៥០ភាគរយនៃចំនួនញត្តិរបស់ពលរដ្ឋទាំងជាង ១៧ម៉ឺននាក់នោះនៅឡើយ៖ « ប្រហែលមិនបាន ៥០ភាគរយនៅឡើយទេ ប៉ុន្តែគម្រោងយើងធ្វើត្រឹម ៣០ភាគរយ។ យើងអាចសន្និដ្ឋានបាន។ ដូចខ្ញុំជម្រាបពីដំបូងថា ការនេះយើងខំធ្វើឲ្យលឿន ដើម្បីឲ្យសាធារណមតិបានដឹងព័ត៌មាននេះ »។
គណៈកម្មការពិនិត្យ និងកោសល្យវិច័យលើស្នាមមេដៃពលរដ្ឋបានចាប់ផ្ដើមការងារពិនិត្យ និងផ្ទៀងផ្ទាត់ស្នាមមេដៃ បន្ទាប់ពីក្រសួងមហាផ្ទៃ សម្រេចបង្កើតគណៈកម្មការនេះកាលពីថ្ងៃទី២ ខែមិថុនា។
កាលពីថ្ងៃ ទី៣០ ខែឧសភា នេះ តំណាងរាស្ត្រគណបក្សប្រឆាំង បានហែញត្តិដោយមានស្នាមមេដៃពលរដ្ឋជាង ១៧ម៉ឺននាក់ ដើម្បីស្នើសុំព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្ស ៤នាក់ មន្ត្រី គ.ជ.ប ម្នាក់ រួមនឹងមន្ត្រី និងសកម្មជនគណបក្សនេះជាច្រើននាក់ទៀត ព្រមទាំងសុំបញ្ឈប់ការតាមចាប់ខ្លួនលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ។
អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ករណីពិនិត្យស្នាមមេដៃនេះ ជារឿងរ៉ាវជាប់ពាក់ព័ន្ធនឹងនយោបាយសុទ្ធសាធ។ លោក អំ សំអាត បារម្ភពីវិធានការរបស់អាជ្ញាធរនៅក្រោយពេលដែលអាជ្ញាធរពិនិត្យស្នាមមេដៃនេះ៖ « បើអាជ្ញាធរថាទេ គាត់គ្រាន់តែត្រឹមចង់ដឹងថា ហ្នឹងជាស្នាមមេដៃអ្នកណាពិតប្រាកដមែននោះ ជារឿងមួយ ប៉ុន្តែបើរកទៅឃើញថា ស្នាមមេដៃហ្នឹងវាមិនមែន អាជ្ញាធរទៅសួរទៅនាំទៅជួបទៅអី នាំឲ្យមានការភិតភ័យ នាំឲ្យមានការព្រួយបារម្ភបន្តទៅទៀត »។
ក្នុងចំណារនៅលើព្រះរាជសារព្រះមហាក្សត្រ កាលពីថ្ងៃទី៣១ ខែឧសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង អោយរៀបចំអោយមានការស្រាវជ្រាវស្នាមមេដៃតាមរយៈកោសល្យវិច័យ ស្រាវជ្រាវពីប្រជាពលរដ្ឋផ្ទាល់ និងតាមមធ្យោបាយផ្សេងទៀតដែលអាចរកឃើញភាពត្រឹមត្រូវ។ លោក ហ៊ុន សែន បញ្ជាក់ទៀតថា អាស្រ័យដោយស្នាមមេដៃនោះជាប់ទាក់ទងដល់ប្រជាពលរដ្ឋផង និងព្រះមហាក្សត្រផង ត្រូវស្រាវជ្រាវអោយបានហ្មត់ចត់បំផុត ចៀសវាងការប្រើប្រាស់ស្នាមមេដៃបោកប្រាស់ទាំងប្រជាពលរដ្ឋ ជាពិសេសបោកទាំងព្រះមហាក្សត្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
