អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​រឹត​បន្តឹង​សន្តិសុខ​បន្ទាប់​ពី​កុមារី​ម្នាក់​ត្រូវ​គេ​ធ្វើ​ទារុណកម្ម​ចង​ដៃ​ជើង

0:00 / 0:00

កុមារី​ម្នាក់​រស់នៅ​ឃុំ​អូរស្វាយ ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ​គេ​ធ្វើ​ទារុណកម្ម​ចង​ដៃ​ជើង កាត់​សក់ និង​ប្រើ​ថ្នាំ​សណ្ដំ។ សមត្ថកិច្ច​ស្រុក​ថាឡាបរិវ៉ាត់ នៅ​មិន​ទាន់​សន្និដ្ឋាន​ថា​យ៉ាង​ណា​នៅ​ឡើយ​ទេ ព្រោះ​មន្ត្រី​ជំនាញ​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត។ ចំណែក​មេ​ឃុំ​អូរស្វាយ សង្ស័យ​ថា ការ​ធ្វើ​ទារុណកម្ម​កុមារី​បែប​នេះ បំណង​សម្លាប់​វះ​កាត់​យក​គ្រឿង​ក្នុង​លក់។

អាជ្ញាធរ​ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង កំពុង​ចាត់​វិធានការ​តឹងរ៉ឹង​ដោយ​ពង្រឹង​គោល​នយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព និង​គ្រប់គ្រង​ការ​ផ្តល់​សេវា​សាធារណៈ ក្រោយ​ពី​ក្មេង​ស្រី​ម្នាក់​វ័យ ១០​ឆ្នាំ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ធ្វើ​ទារុណកម្ម​កាល​ពី​ថ្ងៃ​ទី​៣ កុម្ភៈ។

មេ​ឃុំ​អូរស្វាយ លោក រ័ត្ន ស៊ុន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៥ កុម្ភៈ ថា អ្នក​ភូមិ​ប្រទះ​ឃើញ​កុមារី​ម្នាក់​ត្រូវ​បាន​មនុស្ស ៥​នាក់​ធ្វើ​ទារុណកម្ម​ដោយ​ចង​ដៃ​ចង​ជើង បិទ​មាត់ និង​ប្រើ​ថ្នាំ​សណ្ដំ នៅ​គ្រា​ដែល​ឪពុក​ម្ដាយ​កុមារី​នោះ​ជាប់​រវល់​ការងារ​ស្រែ​ចម្ការ ហើយ​ទុក​កូន​នៅ​ចាំ​ផ្ទះ។ លោក​ថា ជន​ល្មើស​បាន​រត់​គេច​ខ្លួន​នៅ​ពេល​ដែល​អ្នក​ភូមិ​ប្រទះ​ឃើញ​ពួក​គេ​កំពុង​ធ្វើ​ទារុណកម្ម។ ក្រៅ​ពី​នេះ ស្ថានភាព​កុមារី​រូប​នោះ​មាន​បញ្ហា​ស្មារតី និង​សុខភាព​ទ្រុឌទ្រោម បន្ទាប់​ពី​អ្នក​ភូមិ​បាន​ជួយ​សង្គ្រោះ​ភ្លាម និង​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ។

លោក​សង្ស័យ​ថា ករណី​នេះ​អាច​ជា​ជន​ល្មើស​ចង់​សម្លាប់​កុមារ​ដើម្បី​វះ​យក​បេះដូង ក្រលៀន និង​ឈាម ជាដើម ធ្វើ​អាជីវកម្ម ព្រោះ​តាម​ការ​ពិនិត្យ​ជា​ជំហាន​ដំបូង​របស់​សមត្ថកិច្ច ពុំ​ឃើញ​មាន​ស្លាកស្នាម​រំលោភ​នោះ​ទេ៖ « ខ្ញុំ​ឲ្យ​ប៉ុស្តិ៍​រដ្ឋបាល​ប្រមូល​ទាំង​ប្រជា​ការពារ​ធ្វើ​សកម្មភាព​តាមដាន​គ្រប់​សកម្មភាព​ដែល​មនុស្ស​ចម្លែកៗ ចូល​មក​ក្នុង​មូលដ្ឋាន។ បើ​តាម​ការ​សន្និដ្ឋាន ទី​មួយ​វា​អាច​វះ​យក​ក្រលៀន យក​បេះដូង និង​យក​ឈាម »

មុន​ពេល​កើត​ហេតុ អ្នក​ភូមិ​ប្រទះ​ឃើញ​មនុស្ស​ប្លែក​មុខ​មួយ​ក្រុម​មាន​គ្នា ៥​នាក់ ប្រើប្រាស់​ម៉ូតូ​ចំនួន ៤​គ្រឿង ធ្វើ​ដំណើរ​ទៅ​មក​ក្នុង​ឃុំ​អូរស្វាយ។ តំបន់​នោះ​ជាប់​ព្រំដែន​ប្រទេស​ឡាវ មាន​ពលរដ្ឋ​រស់នៅ​ជាង ២០០​គ្រួសារ ស្មើ​នឹង​ពលរដ្ឋ​ជាង ៨០០​នាក់។ ឃុំ​អូរស្វាយ ឋិត​នៅ​ទិស​ខាង​កើត​ឆៀង​ខាង​ជើង​នៃ​ទី​រួម​ខែត្រ​ស្ទឹងត្រែង ឆ្ងាយ​ពី​ទី​រួម​ខែត្រ​ជាង ៦០​គីឡូម៉ែត្រ។

អធិការ​ស្រុក​ថាឡាបរិវ៉ាត់ លោក សែម ស៊ីថា មាន​ប្រសាសន៍​ថា នគរបាល​ស្រុក​បាន​ទទួល​ពាក្យ​បណ្ដឹង​នេះ​ហើយ និង​បាន​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ធ្វើ​ការ​ស្រាវជ្រាវ ហើយ​ពុំ​ទាន់​អាច​កំណត់​អត្តសញ្ញាណ​ជន​ល្មើស​នៅ​ឡើយ​ទេ។ លោក​បដិសេធ​មិន​អធិប្បាយ​លម្អិត​រឿង​នេះ ព្រោះ​ឋិត​ក្នុង​ការ​ស៊ើប​អង្កេត។ តែ​ទោះ​យ៉ាង​ណា នគរបាល​ស្រុក​ថាឡាបរិវ៉ាត់ បាន​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​គោល​នយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព និង​បម្រើ​សេវា​សាធារណៈ​ជូន​ពលរដ្ឋ៖ « ក្នុង​ករណី​រឿង​ហ្នឹង យើង​នៅ​តែ​បន្ត​ការ​ស្រាវជ្រាវ។ ពីរ​ថ្ងៃ​ហើយ​យើង​កំពុង​តែ​កំណត់​អត្តសញ្ញាណ​ឲ្យ​ច្បាស់លាស់ »

ប្រធាន​រដ្ឋបាល​សាលា​ស្រុក​ថាឡាបរិវ៉ាត់ លោក ថៃ អ៊ី លើក​ឡើង​ថា លោក​អភិបាល​ស្រុក​បាន​ជំរុញ​ឲ្យ​សមត្ថកិច្ច​ពង្រឹង​ការ​ផ្តល់​សេវា​សាធារណៈ និង​អនុវត្ត​គោល​នយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព​ជូន​ពលរដ្ឋ​គ្រប់​ឃុំ​ទាំង ១១ ក្នុង​ស្រុក​ថាឡាបរិវ៉ាត់ ជាពិសេស​នៅ​តំបន់​ជាប់​ព្រំដែន​ឡាវ។ លោក​ថា វិធានការ​នេះ​តម្រូវ​ឲ្យ​នគរបាល និង​អាជ្ញាធរ​ឃុំ​យក​ចិត្ត​ទុក​ដាក់​គ្រប់គ្រង​ពលរដ្ឋ​ចំណូល​ស្រុក ព្រោះ​បាតុភាព​កើត​ឡើង​កន្លង​ទៅ ភាគច្រើន​ជា​ពលរដ្ឋ​ចំណូល​ស្រុក៖ « កិច្ច​ការងារ​នេះ​ក្រោយ​ពី​លោក​អភិបាល​ទទួល​ព័ត៌មាន​ភ្លាម គាត់​បាន​ចាត់ចែង​តាម​រយៈ​ភូមិ - ឃុំ ឲ្យ​ធ្វើ​ការ​ស្រាវជ្រាវ​ជា​បន្ទាន់​រឿង​ហ្នឹង ការ​កំណត់​មុខ​សញ្ញា​មិន​ទាន់​បាន ដោយសារ​យើង​គ្រប់គ្រង​មិន​ទាន់​ច្បាស់ »

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល ចាត់​ទុក​ករណី​នេះ​ថា​ជា​អំពើ​ហិង្សា​លើ​អនីតិជន ឬ​កុមារី ផ្ទុយ​ពី​ក្របខ័ណ្ឌ​ច្បាប់។ បញ្ហា​នេះ លោក​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឲ្យ​គ្រប់​ជ្រុងជ្រោយ ដើម្បី​រក​យុត្តិធម៌​ឲ្យ​គ្រួសារ​កុមារ​រងគ្រោះ និង​ដើម្បី​ធានា​ការ​អនុវត្ត​គោល​នយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព​របស់​ក្រសួង​មហាផ្ទៃ មាន​ប្រសិទ្ធភាព៖ « ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន គាត់​មិន​សូវ​បាន​យក​ចិត្ត​ទុក​ដាក់​លើ​ករណី​ហ្នឹង​ទេ។ ឪពុក​ម្ដាយ​ទៅ​ស្រែ​ចម្ការ​បាត់​កូនៗ គាត់​ច្រើន​ប្រលែង​ចោល។ សំខាន់​រឿង​អី​ក៏ដោយ គឺ​អាជ្ញាធរ​មូលដ្ឋាន​គាត់​ជា​អ្នក​ទទួល​បន្ទុក »

លោក ហូ សំអុល បន្ថែម​ថា អ្នក​ភូមិ​បាន​រាយការណ៍​ថា ករណី​នេះ​អាច​ជា​ការ​ប៉ង​ធ្វើ​ឃាត​កុមារ​យក​គ្រឿង​ក្នុង​ធ្វើ​អាជីវកម្ម ក្រោម​ហេតុផល ជន​ល្មើស​បាន​ចាប់​ចង និង​ប្រើ​ថ្នាំ​សណ្ដំ ប៉ុនប៉ង​សម្លាប់​វេលា​ម៉ោង ២​រសៀល ថ្ងៃ​ទី​៣ កុម្ភៈ នៅ​គ្រា​ដែល​ក្មេង​ស្រី​នៅ​ផ្ទះ​ពីរ​នាក់​ប្អូន​អាយុ ៨​ឆ្នាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។