អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​រារាំង​សហគមន៍​មិន​ឲ្យ​សង់​វេទិកា​ប្រារព្ធ​ទិវា​ជនជាតិ​ដើម​ពិភពលោក

0:00 / 0:00

កង​កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ នៃ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី បាន​រារាំង​មិន​ឲ្យ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច សង់​វេទិកា​ប្រារព្ធ​ទិវា​ជនជាតិ​ដើម​ភាគ​តិច​ពិភពលោក សម្រាប់​ឆ្នាំ​២០១៥ ក្រោម​ហេតុផល​ថា ការ​រៀបចំ​ពិធី​នេះ​គ្មាន​ច្បាប់​អនុញ្ញាត។

ចំណែក​សហគមន៍​អះអាង​ថា បាន​ធ្វើ​លិខិត​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ទីរ​ពាក់ព័ន្ធ​រួច​ហើយ តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ ស្ដីពី​ការ​រៀបចំ​វេទិកា​បញ្ចេញ​មតិ។

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង នៅ​ខេត្ត​មណ្ឌលគិរី ចោទ​ប្រកាន់​អភិបាល​ខេត្ត​ថា មាន​ចេតនា​បិទ​សេរីភាព និង​រឹត​បន្តឹង​សកម្មភាព​ជួប​ជុំ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ ក្នុង​ទិវា​ជនជាតិ​ដើម​ភាគ​តិច​ពិភពលោក។

ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​កង​នគរបាល អាវុធហត្ថ និង​យោធា​ប្រមាណ ៧​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ភូមិ​ពូតាង ឃុំ​ពូជ្រី ស្រុក​ពេជ្រាដា នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​សីហា ហើយ​រារាំង និង​គំរាម​មិន​ឲ្យ​សហគមន៍​ជាង ១០០​នាក់​មក​ពី​បណ្ដា​ស្រុក​នានា​ក្នុង​ខេត្ត រៀបចំ​វេទិកា​ដើម្បី​ប្រារព្ធ​ទិវា​នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ស្អែក​នេះ។

តំណាង​សហគមន៍ លោក ក្រើង តុលា កត់​សម្គាល់​ថា កង​កម្លាំង​ប្រដាប់​អាវុធ បាន​គំរាម​រុះ​វេទិកា​នោះ​ចោល ប្រសិន​សហគមន៍​សង់​វេទិកា​នោះ។ លោក​បន្ត​ថា កង​កម្លាំង​អះអាង​ថា នេះ​ជា​បទបញ្ជា​របស់​អភិបាល​ខេត្ត ដែល​តម្រូវ​ឲ្យ​សហគមន៍​សុំ​ច្បាប់​ពី​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់ ទើប​អាច​ប្រារព្ធ​ពិធី​នេះ​បាន៖ «នេះ​ជា​ការ​រំលោភ ហើយ​រារាំង​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច។ គាត់​ប្រមាថ​មើល​ងាយ​ទាំង​អង្គការ​សហប្រជាជាតិ គាត់​មិន​ទទួល​ស្គាល់ អ៊ីចឹង​សម្រាប់​ខេត្ត​មណ្ឌលគិរី គឺ​គ្មាន​លទ្ធិប្រជាធិបតេយ្យ​សម្រាប់​គណបក្ស​ប្រជាជន ទៀត​ទេ»

ខួប​ទិវា​ជនជាតិ​ដើម​ពិភពលោក ត្រូវ​បាន​បណ្ដា​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច ប្រារព្ធ​ធ្វើ​រៀង​រាល់​ឆ្នាំ ដើម្បី​លើក​កម្ពស់​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច ស្រប​តាម​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​ស្រប​តាម​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា។ ឆ្នាំ​នេះ គឺ​ជា​ខួប​លើក​ទី​២១ នៃ​ការ​ប្រារព្ធ​ទិវា​ជនជាតិ​ដើម​ភាគ​តិច​ពិភពលោក និង​ជា​ខួប​លើក​ទី​១១ ប្រារព្ធ​នៅ​ប្រទេស​កម្ពុជា។ នៅ​ខេត្ត​មណ្ឌលគិរី ជនជាតិ​ដើម​ភាគ​តិច បាន​ប្រារព្ធ​ពិធី​នេះ​ជា​លើក​ទី​៥។

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ អភិបាល​ខេត្ត​មណ្ឌលគិរី លោក អេង ប៊ុនហ៊ាង បដិសេធ​ថា អាជ្ញាធរ​មិន​បាន​ហាម​ឃាត់​ការ​ប្រារព្ធ​ទិវា​នេះ​ទេ ក៏ប៉ុន្តែ​សហគមន៍​ត្រូវ​សុំ​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ មុន​ប្រារព្ធ​ពិធី​នេះ។ លោក​ព្រមាន​ថា នឹង​ធ្វើ​ការ​រារាំង ប្រសិន​សហគមន៍​នៅ​តែ​រឹងរូស​មិន​ធ្វើ​តាម​ការ​ណែនាំ​ពី​អាជ្ញាធរ​មូលដ្ឋាន៖ «ខ្ញុំ​ប្រាប់​ថា ឲ្យ​ធ្វើ​ច្បាប់​មក ពី​ឃុំ​ពី​ស្រុក​មក។ អា​ហ្នឹង​អ៊ីចឹង​មិន​មែន​ថា​មិន​ឲ្យ​គាត់​ធ្វើ​ទេ ឲ្យ​គាត់​សុំ​ច្បាប់។ ឲ្យ​តែ​មាន​ច្បាប់​អ្នក​ណា​ហាម​ឃាត់។ ទេ! ធ្វើ​ត្រូវ​ធ្វើ បើ​អត់​ច្បាប់​អត់​ធ្វើ​អា​ហ្នឹង»

កាល​ពី​ខែ​មីនា អាជ្ញាធរ​ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី បាន​ព្រមាន​ចាប់​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស​អាដហុក (adhoc) ខណៈ​មន្ត្រី​សមាគម​នេះ​បើក​វគ្គ​អប់រំ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ក្មូម ឃុំ​ស្រែឈូក។ ភ្លាម​នោះ​ដែរ ស្នាក់ការ​កណ្ដាល​នៃ​សមាគម​អាដហុក នៅ​ទីក្រុង​ភ្នំពេញ ចេញ​ប្រកាស​ព័ត៌មាន​ថ្កោលទោស​អភិបាល​ស្រុក​កែវសីមា និង​អំពាវនាវ​សុំ​ឲ្យ​ថ្នាក់​ដឹក​នាំ​កំពូល​ទាំង​បី​នៃ​ប្រទេស​កម្ពុជា អន្តរាគមន៍​បញ្ឈប់​ការ​គំរាម​កំហែង​នេះ។

ទាក់ទិន​ករណី​នេះ​ដែរ មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រសួង​មហាផ្ទៃ បាន​ចេញ​លិខិត​ណែនាំ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល ធ្វើ​លិខិត​ជូន​ដំណឹង​មក​អាជ្ញាធរ​ខេត្ត​ក្រុង ដោយ​ភ្ជាប់​ប្រធានបទ និង​ទីកន្លែង​ច្បាស់លាស់​ស្ដីពី​ការ​រៀបចំ​វេទិកា។ ចំណែក​អាជ្ញាធរ ត្រូវ​សហការ​ការពារ​សន្តិសុខ សុវត្ថិភាព​សាធារណៈ​ដល់​វេទិកា​សម្ដែង​មតិ។ ក្នុង​ករណី​មាន​ការ​ហែ​ក្បួន ត្រូវ​អនុវត្ត​តាម​ច្បាប់​បាតុកម្ម។ លោក​ថា អាជ្ញាធរ​មូលដ្ឋាន​ជា​ញឹកញាប់ មាន​ចេតនា​ធ្វើ​មិន​ដឹង​ចំពោះ​ការ​ណែនាំ​នេះ ហើយ​គំរាម​កំហែង​សិទ្ធិ​ប្រជាពលរដ្ឋ៖ «មិន​សូម្បី​ខាង​សង្គម​ស៊ីវិល​ទេ ខាង​ប្រជាពលរដ្ឋ​ក៏​សោកស្ដាយ​ខ្លាំង​ចំពោះ​ឥរិយាបថ​របស់​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី ដែល​គាត់​មិន​ព្រម​ផ្លាស់ប្ដូរ​ឥរិយាបថ ហើយ​នាំ​គ្នា​គោរព​ច្បាប់ និង​ការ​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ។ អ៊ីចឹង​ធ្វើ​ឲ្យ​រាស្ត្រ​យល់​ខុស​ចំពោះ​គាត់​ច្រើន»

តាម​ការ​គ្រោង​ទុក សហគមន៍​ជនជាតិ​ដើម​មក​ពី​គ្រប់​ស្រុក​ក្នុង​ខេត្ត​មណ្ឌលគិរី រួម​ទាំង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​តំណាង​ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ នៅ​ប្រទេស​កម្ពុជា ប្រមាណ ១​ពាន់​នាក់ នឹង​ជួប​ជុំ​គ្នា​ប្រារព្ធ​ទិវា​ជនជាតិ​ដើម​ពិភពលោក នៅ​ភូមិ​ពូតាង។ តំណាង​សហគមន៍ លោក តុលា អះអាង​ថា ​អ្នក​ភូមិ​សម្រេច​ថា​នឹង​នៅ​តែ​ប្រារព្ធ​ទិវា​នេះ​ក្រោម​កម្ដៅ​ថ្ងៃ បើ​ទោះ​អាជ្ញាធរ​មិន​ឲ្យ​សង់​វេទិកា ឬ​ហាម​ឃាត់​យ៉ាង​ណា​ក្តី ជាពិសេស​សហគមន៍​ទាំងអស់ គ្រោង​នឹង​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​តវ៉ា​ពី​ការ​រំលោភ​សិទ្ធិ​ជនជាតិ​ដើម​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។