សង្គម​ស៊ីវិល​ប្រតិកម្ម​ចំពោះ​ការ​រឹត​បន្តឹង​បែប​បទ​ចូល​ពន្ធនាគារ​ខេត្ត​បាត់ដំបង

ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល សុំ​ឲ្យ​ប្រធាន​ពន្ធនាគារ​ខេត្ត​បាត់ដំបង ពិចារណា​ឡើង​វិញ​ចំពោះ​ការ​រឹត​បន្តឹង​បែប​បទ​រដ្ឋបាល​ហួស​ហេតុ ដែល​អាច​រំលោភ​លើ​នីតិវិធី​ច្បាប់ ញ៉ាំង​ឲ្យ​មាន​ការ​លំបាក​ដល់​បេសកកម្ម​របស់​មេធាវី និង​តំណាង​អង្គការ​សង្គម​ស៊ីវិល ក្នុង​ការ​ចូល​ជួប​អ្នក​ទោស។ ករណី​នេះ អាច​នាំ​ទៅ​រក​ការ​បិទ​បាំង​រឿង​មិន​ប្រក្រតី និង​អំពើ​ទារុណកម្ម​ផ្សេងៗ​ទៅ​លើ​អ្នក​ទោស។

0:00 / 0:00

ក្រុម​អ្នក​ច្បាប់ និង​អង្គការ​សិទ្ធិ​មនុស្ស ប្រតិកម្ម​ចំពោះ​ការ​រឹត​បន្តឹង​បែប​បទ​រដ្ឋបាល​នៅ​ពន្ធនាគារ​ខេត្ត​បាត់ដំបង ហើយ​ពួក​គេ​សុំ​ឲ្យ​មាន​ការ​សម្រួល​ឡើង​វិញ ដើម្បី​ផ្ដល់​សិទ្ធិ​សេរីភាព​ឲ្យ​តំណាង​អង្គការ​សង្គម​ស៊ីវិល និង​មេធាវី ដែល​មាន​បេសកកម្ម​ចូល​ជួប​ជាមួយ​អ្នក​ទោស​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង។

អតីត​ប្រធាន​សាខា​អង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៅ​កម្ពុជា (LAC) ប្រចាំ​ខេត្ត​បាត់ដំបង និង​ជា​មេធាវី​ផង​នោះ លោក សុគន្ធ ពិដោរ ថ្លែង​កាល​ពី​ថ្ងៃ​សុក្រ ទី៨ មីនា ថា បច្ចុប្បន្ន​ពន្ធនាគារ​ខេត្ត​បាត់ដំបង មាន​ការ​រឹត​បន្តឹង​ខុស​ពី​លើក​មុន ហើយ​ពួក​គេ​ទាមទារ​ឲ្យ​ពាក្យ​សុំ​អនុញ្ញាត​ពី​តុលាការ ទើប​អាច​ចូល​ជួប​កូន​ក្ដី​បាន។

បញ្ហា​នេះ លោក​ចាត់​ទុក​ថា​រាំង​ស្ទះ​ដល់​ការ​ប្រាស្រ័យ​គ្នា​រវាង​មេធាវី​ជាមួយ​នឹង​កូន​ក្ដី ព្រោះ​ការ​ស្នើសុំ​ទៅ​តុលាការ អាច​យឺតយ៉ាវ​ថែម​ទៀត៖ «ក្នុង​ករណី​យើង​ជា​មេធាវី​សុំ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​កូន​ក្ដី សុំ​ឲ្យ​គាត់​ធ្វើ​ដូច​ដើម​វិញ ព្រោះ​ច្បាប់​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ គេ​ថា មេធាវី និង​កូន​ក្ដី មាន​សិទ្ធិ​ប្រាស្រ័យ​ទាក់ទង​គ្នា​ក្នុង​ពន្ធនាគារ បើ​សិន​ជា​គាត់​ឲ្យ​ធ្វើ​ពាក្យ​នោះ​ពិបាក​ណាស់ ច្បាប់​គេ​មិន​និយាយ​ពាក្យ​សុំ​ទេ គេ​និយាយ​ថា មេធាវី​មាន​សិទ្ធិ»

ប្រធាន​ពន្ធនាគារ​ខេត្ត​បាត់ដំបង លោក សំអុល ធារិទ្ធិ ឆ្លើយ​តប​ថា ពុំ​មាន​ការ​រឹត​បន្តឹង​ទេ។ ពន្ធនាគារ​ចង់​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ មាន​លិខិត​បញ្ជាក់​ពី​អត្តសញ្ញាណ ទី​កន្លែង និង​គោល​បំណង​ឲ្យ​ច្បាស់លាស់។ កន្លង​មក មាន​តំណាង​អង្គការ​ខ្លះ​អត់​មាន​ឯកសារ​បញ្ជាក់ ពន្ធនាគារ​មិន​អនុញ្ញាត​ឲ្យ​ចូល​ជួប​អ្នក​ទោស​ទេ។ ការ​អនុវត្ត​ដូច្នេះ ដើម្បី​ពង្រឹង និង​ធានា​សន្តិសុខ។ លោក​សង្កត់​ធ្ងន់​ថា នេះ​ជា​បែប​បទ​រដ្ឋបាល​ដែល​តម្រូវ​ឲ្យ​អង្គការ​អនុវត្ត។

លោក សំអុល ធារិទ្ធិ៖ «អត់​មាន​អី​លំបាក​ទេ ឲ្យ​មាន​មក ខ្ញុំ​ឲ្យ​ចូល​ទាំងអស់ ប៉ុន្តែ​សំខាន់​គាត់​អត់​មាន​ឯកសារ​បង្ហាញ​ខ្ញុំ គាត់​មក​តែ​មាត់ គាត់​មក​និយាយ​តែ​មាត់​ថា អង្គការ​នេះ អង្គការ​នោះ តែ​លិខិត​ស្នាម​អត់​មាន នៅ​គ្រប់គ្រង​កន្លែង​នេះ ហើយ​ខ្ញុំ​អ្នក​មក​ថ្មី ពី​មុន​មក​យ៉ាង​ម៉េច ខ្ញុំ​មិន​ដឹង​ទេ តែ​ខ្ញុំ ការងារ​ដែល​ខ្ញុំ​ត្រូវ​ទទួល គឺ​ដើម្បី​ពង្រឹង​ទាំងអស់​ឲ្យ​ដឹង​អ្នក​ចេញ​អ្នក​ចូល​មក​ធ្វើ​ការ​មាន​បំណង​អី សមាជិក​គាត់​មាន​ប៉ុន្មាន​នាក់»

លោក សំអុល ធារិទ្ធិ បាន​ផ្លាស់​ពី​ខេត្ត​កោះកុង មក​កាន់​តំណែង​ជា​ប្រធាន​ពន្ធនាគារ​នៅ​ពន្ធនាគារ​ខេត្ត​បាត់ដំបង ជំនួស​អតីត​ប្រធាន​ពន្ធនាគារ លោក កង សារ៉េត ដែល​ប្ដូរ​ទៅ​កាន់​តំណែង​ជា​ប្រធាន​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់។ ប្រភព​ពី​អ្នក​ទោស​នៅ​ក្នុង​ពន្ធនាគារ ថ្លែង​ថា មេ​គុក​ទើប​ចូល​ថ្មី​បាន​គាប​សង្កត់​អ្នក​ទោស សូម្បី​តែ​អាហារ​ហូប​ចុក និង​សម្លៀកបំពាក់ ក៏​ត្រូវ​ដក​ហូត​ពី​អ្នក​ទោស​ដែរ៖ «គេ​ធ្វើ​បាប​ស្រីៗ គេ​វាយ​ដាក់​ខ្នោះ​ខ្ញុំ​ចំនួន​បី​ថ្ងៃ​ហើយ ស្លៀក​លីអូ​ខោ​ទ្រនាប់។ គេ​ផ្ដាច់​ការ បង្អត់​អាហារ​នាង​ខ្ញុំ សូម្បី​ប៊ីចេង ស្ករ ឲ្យ​ហូប​មាន​កម្លាំង​ក៏​អត់​ដែរ គេ​ដក​អស់​រលីង​តាំង​ពី​ថ្ងៃ​ទី២៨ ខែ​កុម្ភៈ មក​ដល់​ឥឡូវ ហូប​សម្ល​របប​សល់​បាយ​ទាំង​ធុង»

អ្នក​សម្របសម្រួល​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​បាត់ដំបង លោក ស៊ុន តឹក បញ្ជាក់​ថា រយៈ​កាល​កន្លង​មក អង្គការ​លីកាដូ បញ្ជូន​បុគ្គលិក​របស់​ខ្លួន​ចូល​ទៅ​ក្នុង​ពន្ធនាគារ ដើម្បី​ឃ្លាំ​មើល​ការ​អនុវត្ត​ផ្សេងៗ ដូច​ជា​បញ្ហា​អនាម័យ និង​ការ​រស់នៅ​របស់​អ្នក​ទោស។ អ្នក​ទោស​អាច​ប្រាប់​ពី​បញ្ហា​មួយ​ចំនួន ដែល​ពួក​គាត់​ជួប​ប្រទះ ប៉ុន្តែ​ឥឡូវ​នេះ អង្គការ​ពុំ​បាន​ដឹង​ពី​សុខទុក្ខ​របស់​អ្នក​ទោស​ទេ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល សុំ​ឲ្យ​ពន្ធនាគារ​បន្ធូរបន្ថយ​កុំ​អនុវត្ត​ទៅ​តាម​ក្រឹត្យក្រម​ហួស​ហេតុ៖ «គោល​បំណង​យើង​ជួយ​ដល់​អាជ្ញាធរ​ពន្ធនាគារ ទាំង​អ្នក​ទោស​មាន​ជំងឺ ទាំង​បញ្ហា​អនាម័យ​សន្តិសុខ។ យើង​អាច​ជួយ​បាន​ខ្លះ​ដែរ យើង​ផ្ដល់​ព័ត៌មាន​ទៅ​ដល់​ប្រធាន​ពន្ធនាគារ កាល​ណា​យើង​ចូល​ទៅ យើង​ឃើញ​អ្វី​ប្លែក​ខុស​នឹង​ច្បាប់ យើង​ពិភាក្សា​ជាមួយ​គាត់​ដើម្បី​ដោះស្រាយ​បញ្ហា​ជួយ​ដល់​អ្នក​ទោស​បាន​សិទ្ធិ​គ្រប់គ្រាន់​តាម​ផ្លូវ​ច្បាប់»

លោក​បញ្ជាក់​ថា បុគ្គលិក​អង្គការ​នានា​ដែល​ចូល​ទៅ​ជួប​អ្នក​ទោស​នៅ​ក្នុង​ពន្ធនាគារ​នោះ ពុំ​មែន​ដើម្បី​ប្រឆាំង​ជាមួយ​អាជ្ញាធរ ឬ​ក៏​សមត្ថកិច្ច​គ្រប់គ្រង​ពន្ធនាគារ​នោះ​ទេ។ ប្រភព​ពី​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ខ្លះ​យល់​ថា ការ​រឹត​បន្តឹង​បែប​នេះ ដោយសារ​តែ​អ្នក​គ្រប់គ្រង​ពន្ធនាគារ​មិន​ចង់​ឲ្យ​បែក​ធ្លាយ​រឿង​មិន​ប្រក្រតី​នៅ​ក្នុង​ពន្ធនាគារ​ចេញ​មក​ខាង​ក្រៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។