ពួកគេបានហែក្បួនកាត់ខាងមុខសាលារាជធានីភ្នំពេញ ស្ថានទូតសហរដ្ឋអាមេរិក ព្រះបរមរាជវាំង និងសាលាឧទ្ធរណ៍។ ពួកគេអំពាវនាវដល់រដ្ឋាភិបាល អោយយកចិត្តទុកដាក់ការពារសិទ្ធិកុមារក្នុងគ្រួសាររងគ្រោះដោយការបណ្ដេញចេញ និងបញ្ឈប់ការប្រើហិង្សា ឬចាប់ម្ដាយពួកគេដែលជាសកម្មជនដីធ្លីដាក់ពន្ធនាគារ។
ក្រុមកុមារប្រមាណ ២០០នាក់ មកពីសហគមន៍ចំនួន៨ ក្នុងរាជធានីភ្នំពេញ យកថ្ងៃអបអរទិវាកុមារអន្តរជាតិ អំពាវនាវអោយបញ្ឈប់ការបណ្ដេញចេញដោយបង្ខំ និងស្នើអោយដោះលែងសកម្មជនដីធ្លីលោកស្រី យ៉ោម បុប្ផា។
ក្រុមកុមារ និងតំណាងសហគមន៍ ដែលបានចូលរួមហែក្បួន បានលើកបង្ហាញរូបថតលោកស្រី យ៉ោម បុប្ផា ជាច្រើនផ្ទាំង និងស្រែកតាមឧបករណ៍បំពងសំឡេង ឬមេក្រូ ដោយផ្ញើសារទៅកាន់អាជ្ញាធរពាក់ព័ន្ធថា ការបណ្ដេញចេញដោយបង្ខំ កំពុងប៉ះពាល់សិទ្ធិមួយចំនួនរបស់កុមារ។ ចំណែកកុមារនៅក្នុងតំបន់ដែលប្រឈមនឹងការបណ្ដេញចេញ ធ្វើអោយពួកគេរស់នៅក្នុងភាពភ័យខ្លាច។
ក្រុមអ្នកហែក្បួនទាំងនេះមកពីសហគមន៍បឹងកក់ បុរីកីឡា ថ្មគោល អតីតអ្នកបឹងកក់ សំបុកចាប បឹងឈូក និងអ្នករស់នៅតាមផ្លូវរថភ្លើងជាដើម។
កុមារី សៀក ម៉ីលី កូនស្រីសកម្មជនដីធ្លីលោកស្រី គង់ ចន្ថា នៃតំបន់បឹងកក់ បានអោយដឹងថា ការបណ្ដេញចេញធ្វើអោយកុមារដូចរូបនាងបាត់បង់ភាពកក់ក្ដៅក្នុងគ្រួសារ។ ជារៀងរាល់ថ្ងៃ នាងតែងបារម្ភពីម្ដាយរបស់នាងដែលចេញតវ៉ាការពារផ្ទះសម្បែង ដែលអាចប្រឈមនឹងការវាយដំ ឬចាប់ដាក់ពន្ធនាគារជាដើម។ នាងបានអំពាវនាវអោយដោះលែងលោកស្រី យ៉ោម បុប្ផា ដែលនាងគិតថា គឺជាការគោរពសិទ្ធិកុមារក្នុងតំបន់បឹងកក់។
ការអំពាវនាវអោយដោះលែងលោកស្រី យ៉ោម បុប្ផា ក្នុងទិវាកុមារអន្តរជាតិ ធ្វើឡើងនៅ ៤ថ្ងៃមុនការបើកសវនាការរបស់សាលាឧទ្ធរណ៍លើសំណុំរឿងប្ដឹងទាស់នឹងសេចក្ដីសម្រេចរបស់សាលាដំបូង ដែលកាត់អោយលោកស្រីមានទោស ដោយការចោទប្រកាន់ថាប្រើអំពើហិង្សាដោយចេតនា។

១-កុមារា លួស លីហួរ កូនប្រុសលោកស្រី យ៉ោម បុប្ផា លើកសារសុំឲ្យដោះលែងម្ដាយ។

២-ក្រុមកុមារមកពីសហគមន៍ទាំង៨ នៅរាជធានីភ្នំពេញ ជួបជុំគ្នានៅបឹងកក់។

៣-កុមារ៤នាក់កំពុងថ្លែងពីផលប៉ះពាល់នៃការបណ្ដេញចេញលើកុមារ។

៤-ក្រុមកុមារមកពីសហគមន៍ទាំង៨ នៅរាជធានីភ្នំពេញ ជួបជុំគ្នានៅបឹងកក់។

៥-ក្រុមកុមារកំពុងបរិភោគអាហារពេលព្រឹក។

៦-ក្រុមកុមារកំពុងបរិភោគអាហារពេលព្រឹក។

៧-ក្រុមកុមារហែក្បួនលើកបដាឲ្យដោះលែងលោកស្រី យ៉ោម បុប្ផា។

៨-ក្រុមកុមារហែក្បួន។

៩-ក្រុមកុមារកំពុងសុំឲ្យដោះលែងលោកស្រី យ៉ោម បុប្ផា។

១០-កុមារបីនាក់អង្គុយកាន់រូបលោកស្រី យ៉ោម បុប្ផា និងកូនប្រុស។

១១-លោកស្រី ទេព វន្នី សុំឲ្យដោះលែងលោកស្រី យ៉ោម បុប្ផា។

១២-អ្នកបឹងកក់ កាន់បដាសុំឲ្យដោះលែងលោកស្រី យ៉ោម បុប្ផា។

១៣-ក្រុមកុមារហែក្បួនកាត់ស្ថានទូតសហរដ្ឋអាមេរិក។

១៤-ក្រុមកុមារហែក្បួនកាត់ស្ថានទូតសហរដ្ឋអាមេរិក។
កូនប្រុសលោកស្រី យ៉ោម បុប្ផា កុមារា លួស លីហួរ បានស្រែកអំពាវនាវរកយុត្តិធម៌អោយម្ដាយនៅខាងមុខសាលាឧទ្ធរណ៍។
តំណាងអ្នកបឹងកក់ លោកស្រី ទេព វន្នី បានជំរុញអោយរដ្ឋាភិបាលទទួលខុសត្រូវចំពោះការរំលោភបំពានសិទ្ធិកុមារក្រោមរូបភាពបណ្ដេញចេញដោយបង្ខំ។
ក្នុងថ្ងៃជាមួយនេះ នៅក្នុងពិធីអបអរទិវាកុមារអន្តរជាតិ និងទិវាប្រឆាំងពលកម្មកុមារដែលបានធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ លោក ហ៊ុន សែន បានថ្លែងថា រដ្ឋាភិបាលកម្ពុជា បានធានានូវរាល់សិទ្ធិរបស់កុមារដែលជាទំពាំងស្នងឫស្សី។
របាយការណ៍របស់ក្រុមអង្គការមិនមែនរដ្ឋាភិបាល ឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០០០ មក យ៉ាងហោចណាស់ប្រជាជនចំនួន ៧០ម៉ឺននាក់ទូទាំងប្រទេស រងផលប៉ះពាល់ពីការចាប់យកដី និងការរើលំនៅឋានដោយបង្ខំ។ នៅរាជធានីភ្នំពេញ គឺប្រហែល ១៤ម៉ឺន ៥ពាន់នាក់ ត្រូវបានបណ្ដេញចេញ។ ដោយឡែកនៅចុងឆ្នាំ២០១១ ប្រជាជនជិត ៤ម៉ឺននាក់ ស្ថិតក្រោមការគំរាមកំហែងភ្លាមៗនៃការបណ្ដេញចេញ។ គេបានរកឃើញដែរថា ភាគច្រើននៃស្ត្រីដែលត្រូវបណ្ដេញចេញ កំពុងមានបញ្ហាសុខភាពផ្លូវចិត្ត និងផ្លូវអារម្មណ៍ ហើយវាក៏បានជះឥទ្ធិពលដោយផ្ទាល់ទៅលើកូនៗក្នុងបន្ទុក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។