អ្នកភូមិបឹងកក់ ដែលធ្លាប់តែតវ៉ានៅមុខសាលារាជធានីភ្នំពេញ មុខភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី ឬនៅតាមស្ថានទូតផ្សេងៗ ឥឡូវបានប្ដូរទិសដៅកន្លែងតវ៉ាហើយ។ នៅព្រឹកថ្ងៃទី១៨ កក្កដា ក្រុមអ្នកភូមិបឹងកក់ បានជួបជុំគ្នានៅមុខក្រសួងព័ត៌មាន ទាមទាររកចំណាត់ការពីក្រសួង ចំពោះស្ថានីយទូរទស្សន៍ក្នុងស្រុកមួយចំនួន ដែលពួកគេចោទថា កំពុងផ្សព្វផ្សាយព័ត៌មានមិនពិត និងមិនអព្យាក្រឹត្យ ជុំវិញបញ្ហាដីធ្លីរបស់អ្នកភូមិបឹងកក់។
«សំឡេងតវ៉ា»
នេះជាសំឡេងរបស់អ្នកភូមិបឹងកក់ ប្រមាណជិត ១០០នាក់ ដែលបានប្រមូលផ្តុំគ្នានៅមុខក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៨ កក្កដា នេះ តវ៉ាទាមទារឲ្យក្រសួងត្រួតពិនិត្យលើការផ្សាយរបស់ស្ថានីយទូរទស្សន៍ឯកជនមួយចំនួន អំពីបញ្ហាដីធ្លីអ្នកភូមិបឹងកក់ ដោយពួកគេបានចោទប្រកាន់ថា ទូរទស្សន៍ទាំងនោះមិនមានភាពឯករាជ្យ អព្យាក្រឹត្យ និងមានចរិតញុះញង់បំបែកបំបាក់បំភ្លៃខុសពីការពិត។
ក្នុងការតវ៉ានោះ អ្នកភូមិបឹងកក់ បានធ្វើរូបទូរទស្សន៍ក្រដាសតំណាងឲ្យស្ថានីយទូរទស្សន៍ឯកជនមួយចំនួន ដូចជា ទូរទស្សន៍ ស៊ី.អិន.ស៊ី (CNC) បាយ័ន អប្សរា ជាដើម។ អ្នកភូមិបឹងកក់ ទាំងនោះចោទថា ស្ថានីយទូរទស្សន៍ទាំងអស់នោះបានផ្សព្វផ្សាយពីរឿងរ៉ាវដីធ្លីអ្នកភូមិបឹងកក់ ដោយលម្អៀងទៅក្រុមម្ខាងទៀតដែលបានផ្តាច់ខ្លួន និងប្រឆាំងក្រុម អ្នកស្រី ទេព វន្នី។
តាមរយៈញត្តិដែលអ្នកភូមិទាំងនោះបានដាក់ជូនក្រសួងព័ត៌មាន បានឲ្យដឹងថា ក្នុងរយៈពេលជាង ១០ថ្ងៃកន្លងមកនេះ មានបណ្ដាញទូរទស្សន៍ឯកជនមួយចំនួនបានរៀបចំថតឈុតឆាកសម្ដែង ដែលនិយាយពីរឿងមិនពិតក្នុងសហគមន៍បឹងកក់ ដែលរៀបចំដោយក្រុមបក្ខពួកក្រុមហ៊ុន និងក្រុមមន្ត្រីពុករលួយ។ ការផ្សាយនោះ មានចរិតញុះញង់បំបែកបំបាក់ដល់សាមគ្គីភាពក្នុងសហគមន៍ បំភិតបំភ័យ បង្កចលាចលក្នុងសហគមន៍ ក្នុងគោលបំណងលេបត្របាក់យកដីតំបន់បឹងកក់។
សម្រែកតវ៉ានេះ បានបន្តរហូតដល់ម៉ោង ១០ព្រឹក ពេលដែលក្រសួងព័ត៌មាន ចាត់អ្នកតំណាងម្នាក់ឲ្យចេញមកទទួលយកញត្តិរបស់អ្នកភូមិបឹងកក់ និងបានអនុញ្ញាតឲ្យអ្នកភូមិបីនាក់ចូលជួបតំណាងរបស់ក្រសួង។
ក្រោយពីបានចូលជួបមន្ត្រីក្រសួងព័ត៌មាន រួចមក តំណាងអ្នកភូមិបឹងកក់ អ្នកស្រី ទេព វន្នី បានឲ្យដឹងពីលទ្ធផលនៃការជួបចរចានោះថា តំណាងក្រសួងព័ត៌មាន លោក ចាន់ គឹមស៊ា បានជម្រាបដល់អ្នកភូមិបឹងកក់ ថា ក្នុងករណីពួកគាត់រកឃើញថា ស្ថានីយទូរទស្សន៍ទាំងនោះផ្សាយព័ត៌មានទាក់ទងនឹងបញ្ហាដីធ្លីរបស់អ្នកភូមិបឹងកក់ ដោយប្រាសចាកពីច្បាប់ស្ដីពីរបបសារព័ត៌មាន អ្នកភូមិបឹងកក់ អាចដាក់ញត្តិមកកាន់ក្រសួងព័ត៌មាន ម្តងទៀត ហើយក្រសួងនឹងផ្ញើលិខិតទៅអគ្គនាយកស្ថានីយទូរទស្សន៍ទាំងនោះ ឲ្យគោរពតាមច្បាប់ស្ដីពីរបបសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ឬពួកគាត់អាចដាក់ពាក្យបណ្ដឹងទៅតុលាការតែម្តង។
អ្នកស្រី ទេព វន្នី៖ «គាត់ថា បើសិនជាករណីបណ្ដាញសារព័ត៌មានក្នុងប្រទេស ជាពិសេសទូរទស្សន៍ទាំងអស់ ដែលប៉ុន្មានថ្ងៃនេះ គាត់ចាក់ផ្សាយព័ត៌មានមិនពិត និងភាពអយុត្តិធម៌មកលើរូបនាងខ្ញុំ ក៏ដូចអ្នកបឹងកក់ ដទៃទៀត ហើយផ្សាយបំផ្លើសពីការពិតហ្នឹង គឺថាអាចមានសិទ្ធិប្ដឹង ព្រោះអាហ្នឹងវាខុសពីវិជ្ជាជីវៈ ខុសនឹងច្បាប់សារព័ត៌មានដែលឯករាជ្យ និងយុត្តិធម៌ ហើយអាចដាក់ពាក្យប្ដឹងនៅកន្លែងគាត់ម្តងទៀត យកពាក្យបណ្ដឹងហ្នឹងប្ដឹងតែម្តង ដើម្បីគាត់អន្តរាគមន៍យកទៅអគ្គនាយកដ្ឋានបណ្ដាញទូរទស្សន៍ទាំងអស់នោះ ដើម្បីឲ្យត្រួតពិនិត្យឡើងវិញ និងចាត់វិធានការទៅលើករណីហ្នឹង»។
មន្ត្រីស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត យល់ឃើញថា ស្ថាប័នសារព័ត៌មានគួរចេញផ្សាយនូវព័ត៌មានដែលមានតុល្យភាព មិនគួរផ្តល់ឱកាសឲ្យភាគីតែម្ខាងនោះទេ ប្រសិនបើរឿងរ៉ាវទំនាស់នោះមានភាគីពាក់ព័ន្ធច្រើន ទើបប្រជាពលរដ្ឋអាចវែកញែកថា ភាគីណាខុស ភាគីណាត្រូវ។
លោក អំ សំអាត៖ «ប្រទេសប្រជាធិបតេយ្យ ប្រព័ន្ធផ្សព្វផ្សាយវាជាកាតាលីករមួយដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋក្នុងការទទួលព័ត៌មាន ដោយគេហៅថា មានតុល្យព័ត៌មាន។ អ៊ីចឹង ការដែលសារព័ត៌មានមួយៗ យើងគិតហើយ អ្នកសារព័ត៌មានតែងតែមានក្រមសីលធម៌វិជ្ជាជីវៈ ប៉ុន្តែដើម្បីឲ្យព័ត៌មាននោះវាបានល្អ វាទាល់តែមានតុល្យភាព បានន័យថា បើអ្នកបឹងកក់ ហ្នឹង គាត់មានភាគី២ ឬភាគី៣ យើងត្រូវតែយកព័ត៌មានទាំងពីរ ទាំងបីក្រុមហ្នឹងយកទៅធ្វើការផ្សាយ ដើម្បីវិភាគទៅថា តើក្រុមណាមួយ ក្រុមណាមួយខុស ឬមួយក៏ក្រុមទាំងអស់ហ្នឹង គាត់ធ្វើការតវ៉ាហ្នឹងដើម្បីទាមទារអ្វី»។
រឿងរ៉ាវដីធ្លីរបស់អ្នកភូមិបឹងកក់ ជាមួយក្រុមហ៊ុនស៊ូកាគូ (Shukaku) មានអាយុកាល ៦ឆ្នាំហើយ។ នៅរយៈពេលចុងក្រោយនេះ សហគមន៍បឹងកក់ បានបែងចែកជាពីរក្រុមប្រឆាំងគ្នា ហើយកន្លងមក សាធារណជនទាំងឡាយមិនធ្លាប់បានឃើញស្ថានីយទូរទស្សន៍ក្នុងស្រុកណាមួយ ចាក់ផ្សាយពីការប្រើអំពើហិង្សារបស់អាជ្ញាធរមកលើក្រុមអ្នកតវ៉ាបញ្ហាដីធ្លីនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
