សហគមន៍​បុរីកីឡា​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​សប្ដាហ៍​ទី​៤៦​យ៉ាង​ស្ងប់ស្ងាត់

ដោយ រាជ វិញ្ញូ
2017-03-20
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សហគមន៍​បុរីកីឡា​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​សប្ដាហ៍​ទី​៤៦ នៅ​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៧។
សហគមន៍​បុរីកីឡា​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​សប្ដាហ៍​ទី​៤៦ នៅ​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៧។
RFA/Ou Banung

សហគមន៍​បុរីកីឡា មិន​បាន​ប្រមូលផ្ដុំ​គ្នា​ច្រើន​ដូច​សព្វដង​ដើម្បី​រៀបចំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ (Black Monday) សប្ដាហ៍​ទី​៤៦ នោះ​ទេ ប៉ុន្តែ​ពួកគេ​បាន​សម្រេច​នាំ​គ្នា​ថតរូប​បង្ហោះ​ជំនួស​វិញ​ដើម្បី​ផ្ញើ​សារ​ទៅ​កាន់​រដ្ឋាភិបាល​ឱ្យ​ដោះលែង​មន្ត្រី​អង្គការ​សិទ្ធិមនុស្ស មន្ត្រី គ.ជ.ប និង​សកម្មជន​ដីធ្លី​ដែល​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌។ ដោយ​ឡែក​សហគមន៍​បឹងកក់ វិញ បាន​ផ្អាក​ការ​រៀបចំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​សប្ដាហ៍​ទី​៤៦ ជា​ថ្មី ដោយសារ​ជាប់​រវល់​នឹង​កិច្ចការ​ផ្សេង​មួយ​រយៈ​ពេល។

សហគមន៍​បុរីកីឡា ប្រកាស​ជំហរ​ថា បើ​ទោះ​ជា​មិន​បាន​ដើរ​ហែ​ក្បួន ឬ​ក៏​ប្រមូល​ផ្ដុំ​គ្នា​ដើម្បី​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​សប្ដាហ៍​ទី​៤៦ ប៉ុន្តែ​ពួកគេ​នៅតែ​បន្ត​ធ្វើ​យុទ្ធនាការ​នេះ​មិន​បញ្ឈប់​ឡើយ ក្នុង​ការ​ទាមទារ​យុត្តិធម៌​សម្រាប់​មន្ត្រី​សិទ្ធិមនុស្ស និង​ដោះស្រាយ​បញ្ហា​ដីធ្លី​សេសសល់​ជូន​ពួកគាត់​ដែល​បន្ត​អូស​បន្លាយ​អស់​ជា​ច្រើន​ឆ្នាំ។

តំណាង​សហគមន៍​បុរីកីឡា លោកស្រី សរ សន ថ្លែង​នៅ​ថ្ងៃ​ទី​២០ ខែ​មីនា ថា ក្រៅ​ពី​ទាមទារ​ឱ្យ​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស ក្រុម​លោកស្រី​ក៏​ចង់​ឱ្យ​តុលាការ​ក្រុង​ភ្នំពេញ ទម្លាក់​បទចោទប្រកាន់​មក​លើ​អ្នក​ហ៊ាន​និយាយ​ការពិត​នៅ​ក្នុង​សង្គម លោក គឹម សុខ និង​បង្ហាញ​កាមេរ៉ា​សុវត្ថិភាព​ពិត​ផ្សេង​ទៀត​នៅ​ក្នុង​ស្ដារម៉ាត (Star Mart) កាល់តិច (Caltex) ដែល​បាន​ថត​ជាប់​សកម្មភាព​ធ្វើ​ឃាត​លោក​បណ្ឌិត កែម ឡី អ្នក​វិភាគ​នយោបាយ និង​បញ្ហា​សង្គម៖ «គឺ​ទាមទារ​ឱ្យ​ទម្លាក់​បទ​ចោទ​ប្រកាន់​មក​លើ​អ្នក​ហ៊ាន​និយាយ​ការពិត លោក គឹម សុខ និង​តុលាការ​ត្រូវ​ហ៊ាន​បង្ហាញ​កាមេរ៉ា​ពិត​ដែល​សម្លាប់​លោក​បណ្ឌិត កែម ឡី»

យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ តែងតែ​ត្រូវ​រដ្ឋាភិបាល​ចាត់​ទុក​ថា គឺ​ជា​ទម្រង់​បដិវត្តន៍​ពណ៌​មួយ​ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​សន្តិភាព​នៅ​កម្ពុជា ព្រោះ​អាច​ឈាន​ទៅ​ដល់​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ជាមួយ​គ្នា​នេះ លោក  ហ៊ុន សែន តែងតែ​ព្រមាន​ខ្លាំងៗ​ឱ្យ​ត្រៀម​មឈូស​ទុក ប្រសិនបើ​អ្នកណា​ហ៊ាន​បង្កើត​ឱ្យ​មាន​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា។ លើស​ពី​នេះ ការ​ដើរ​ដង្ហែ​ក្បួន ឬ​ការ​រៀបចំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ម្ដងៗ តែងតែ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ព្រោងព្រាត​ចេញ​បង្ក្រាប និង​ឃ្លាំង​មើល​ជានិច្ច។

បើ​ទោះ​ជា​រដ្ឋាភិបាល​ព្រមាន និង​ចាត់​ទុក​ថា ជា​បដិវត្តន៍​ពណ៌​យ៉ាង​ណា​ក្ដី តែ​អ្នក​រៀបចំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ បាន​បកស្រាយ​ថា គ្រាន់​តែ​ជា​យុទ្ធនាការ​ស្វែង​រក​ពន្លឺ​យុត្តិធម៌​អហិង្សា​ដែល​ត្រូវ​បាន​អ្នក​មាន​អំណាច និង​មាន​លុយ​ជិះជាន់​ប៉ុណ្ណោះ។ អ្នក​បឹងកក់ និង​បុរីកីឡា តែង​នាំ​គ្នា​ស្លៀកពាក់​ខ្មៅ នៅ​រៀងរាល់​ថ្ងៃ​ច័ន្ទ ដើម្បី​ស្រែក​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ជាប់ឃុំ​ដែល​ជា​មន្ត្រី​សិទ្ធិមនុស្ស​អាដហុក ៤​រូប មាន​លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និង​អ្នកស្រី លឹម មុន្នី ព្រមទាំង​អគ្គលេខាធិការ​រង គ.ជ.ប ១​រូប លោក នី ចរិយា ដែល​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ ១១​ខែ​ហើយ​ពី​បទ​សម​គិត និង​សូកប៉ាន់​សាក្សី​ក្នុង​រឿង​អាស្រូវ​ស្នេហា​រវាង​លោក កឹម សុខា និង​នាង ខុម ចាន់តារាទី ហៅ​ស្រីមុំ។ ក្រៅ​ពី​នេះ ពួកគេ​ក៏​ទាមទារ​ឱ្យ​ដោះលែង​អ្នកស្រី ទេព វន្នី ដែល​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​ជាង ៧​ខែ​ហើយ ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​ដឹកនាំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ និង​រឿងរ៉ាវ​ពីរ​ករណី​ទៀត កើត​ឡើង​កាល​ពី​ជាង ៤​ឆ្នាំ​មុន ហើយ​ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ សើរើ​ឡើង​វិញ។

ដោយ​ឡែក​សម្រាប់​សហគមន៍​បឹងកក់ វិញ បាន​ផ្អាក​ការ​រៀបចំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​សប្ដាហ៍​ទី​៤៦ ជា​ថ្មី ដោយសារ​ជាប់​រវល់​នឹង​កិច្ចការ​ផ្សេង​មួយ​រយៈ​ពេល។

លោកស្រី សរ សន តំណាង​សហគមន៍​បុរី​កីឡា​បញ្ជាក់​ថា ក្នុង​ចំណោម​សហគមន៍​រងគ្រោះ​ដីធ្លី​នៅ​សល់​ចំនួន ១៤​គ្រួសារ គឺ​ទាមទារ​ឱ្យ​សង់​អគារ​ឱ្យ​ពួកគាត់​ឱ្យ​បាន​គ្រប់​ចំនួន ១០​អគារ រស់​នៅ​តំបន់​បុរីកីឡា បើ​គ្មាន​សំណង​សមរម្យ ព្រោះ​រដ្ឋាភិបាល និង​ក្រុមហ៊ុន ផានអ៊ីម៉ិច (Phan Imex) ធ្លាប់​សន្យា​ថា​ នឹង​ធ្វើ​ការ​អភិវឌ្ឍ​ដោយ​មិន​ធ្វើ​ឱ្យ​ពលរដ្ឋ​ជា​ម្ចាស់​ដី​ស្រក់​ទឹក​ភ្នែក​ឡើយ។

ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី​របស់​សហគមន៍​បុរីកីឡា​នេះ កាល​ពី​ថ្ងៃ​ទី​៧ ខែ​មីនា មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា បាន​ដាក់​ឱសានវាទ​ឱ្យ​សហគមន៍​បុរីកីឡា មក​ទទួល​យក​គោលការណ៍​ដោះស្រាយ​របស់​គណៈកម្មការ​ចម្រុះ​អំឡុង​រយៈពេល​មួយ​ខែ ហើយ​បើ​អំឡុង​ពេល​មួយ​ខែ​មិន​ព្រម​មក​ទទួល​យក​គោលការណ៍​នោះ គឺ​សាលាក្រុង​មិន​ទទួល​ខុសត្រូវ​ឡើយ។

ទោះ​ជា​យ៉ាង​ណា លោកស្រី សរ សន ថ្លែង​ថា សហគមន៍​លោកស្រី​មិន​អាច​ទទួល​គោលការណ៍​ដោះស្រាយ​របស់​សាលាក្រុង ដែល​ផ្ដល់​លុយ​ចំនួន ៣​ពាន់ ទៅ ៥​ពាន់​ដុល្លារ រួច​ហើយ​បង្ខំ​ឱ្យ​ពួកគាត់​ដើរ​ចេញ​ពី​បុរីកីឡា​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល