សហគមន៍ដីធ្លីនៅក្រុងភ្នំពេញ មានអ្នកបឹងកក់ និងអ្នកបុរីកីឡា ប្រមាណ ៣០នាក់ នាំគ្នាធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ក្នុងគោលបំណងទាមទារឲ្យអ្នកនយោបាយចរចាគ្នារកដំណោះស្រាយរួមមួយ ចំពោះអ្នកកំពុងជាប់ឃុំ ៦នាក់។ ពួកគេស្នើឲ្យអ្នកនយោបាយរួបរួមគ្នាគិតពីប្រយោជន៍ជាតិជាធំ ជាជាងយកអ្នកជាប់ឃុំដើម្បីដាក់សម្ពាធទៅដៃគូប្រកួតប្រជែងម្ខាងទៀត។ ពួកគេស្នើឲ្យមានការដោះលែងអ្នកទាំងនោះឲ្យបានសេរីភាពឡើងវិញ។
យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ដែលសកម្មជនដីធ្លីបន្តប្រមូលផ្ដុំគ្នាធ្វើមកដល់ពាក់កណ្ដាលខែមករា ឆ្នាំ២០១៧ នេះ មានរយៈពេល ៣៧សប្ដាហ៍ហើយ។ មនុស្ស ៦នាក់ដែលអ្នកបឹងកក់ចាំសម្ដីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ដែលធ្លាប់និយាយថា អ្នកទាំងនោះនឹងត្រូវបានគេដោះលែងនៅចុងខែធ្នូ ឆ្នាំ២០១៦ នោះ មានមន្ត្រីសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) ៤រូប មន្ត្រី គ.ជ.ប ១រូប និងសកម្មជនដីធ្លីតំបន់បឹងកក់ គឺអ្នកស្រី ទេព វន្នី។
ក្រៅពីចង់ឃើញអ្នកជាប់ឃុំ ៦នាក់មានសេរីភាពឡើងវិញ តំណាងអ្នកបឹងកក់ លោកស្រី បូវ សោភា ស្នើសុំអ្នកនយោបាយបក្សឈ្នះឆ្នោតទាំងពីរស្រុះស្រួលគ្នា ដើម្បីកសាងសង្គមជាតិឲ្យបានរីកចម្រើន៖ « បើសិនជាធ្វើការចរចាដោយសន្តិវិធី ហើយ ទាញយក ផលប្រយោជន៍ ប្រជាពលរដ្ឋ ដាក់នៅក្នុង តុមូល ដើម្បីចរចាគ្នា នោះ ជាការ ចង់បាន របស់ពួកខ្ញុំ ។ តែ បើសិនជា ការចរចានៅតែ ល្អ ចំពោះមុខ តែនៅ ពីក្រោយ ខ្នងគាត់ ចាប់ផ្ដើម គេ ហៅថា ស្រលៀងកាំបិត ដាក់គ្នា គឺពួកខ្ញុំអត់ចង់ បានទេ ។ ការចរចាមួយដែលធ្វើការចរចាចំពោះមុខ ឲ្យ មើលថា ល្អ តែខាង មិនល្អ ហើយធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍ជាតិ នោះគឺពួកខ្ញុំមិនចង់ បានទេ លក្ខណៈចរចាបែប ហ្នឹង »។
ក្ដីរំពឹងរបស់អ្នកធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ដែលសង្ឃឹមថានឹងមានការដោះលែងអ្នកជាប់ឃុំឲ្យមានសេរីភាពឡើងវិញនេះ ទំនងជាមិនអាចលេចចេញជាផ្លែផ្កានោះទេ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដែលជិតស្និទ្ធនឹងរដ្ឋាភិបាលមួយ ចុះផ្សាយដោយអះអាងថា លោក ហ៊ុន សែន បានស្នើឲ្យរដ្ឋសភាធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន លុបចោលប្រធានក្រុមមតិភាគតិច និងប្រធានក្រុមថ្នាក់ដឹកនាំតំណាងរាស្ត្រ មាត្រា៤៨ថ្មី ដោយសំអាងថា ពិបាកក្នុងការធ្វើការ រួមទាំងមានការប៉ុនប៉ងចរចាដោះលែងអ្នកទោសដែលបំពានដល់អំណាចតុលាការផងនោះ។
ការមិនទាន់ត្រូវរ៉ូវគ្នារវាងថ្នាក់ដឹកនាំបក្សកាន់អំណាច និងបក្សប្រឆាំងលើការជាប់គាំងនៃកិច្ចចរចានយោបាយនេះ ធ្វើឲ្យមន្ត្រីសិទ្ធិមនុស្សនៃសមាគមអាដហុក ៤រូប មានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និងអ្នកស្រី លឹម មុន្នី ព្រមទាំងលោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប ត្រូវបន្តជាប់ឃុំនៅក្នុងពន្ធនាគារអស់រយៈពេល ២៦៣ថ្ងៃ គិតមកត្រឹមថ្ងៃទី១៦ មករា។ ចំណែកអ្នកស្រី ទេព វន្នី វិញ ក៏ត្រូវបន្តជាប់ឃុំក្នុងពន្ធនាគារអស់រយៈពេល ១៥៣ថ្ងៃ ដោយសារធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ។
ទោះបីជាមិនទាន់មានតម្រុយដែលលេចចេញពីការចរចានយោបាយក្ដី អ្នកបឹងកក់សង្ឃឹមថា តុលាការកំពូល នឹងផ្ដល់យុត្តិធម៌ឲ្យអ្នកស្រី ទេព វន្នី ដែលនឹងត្រូវឡើងសវនាការនៅថ្ងៃទី១៨ មករា លើបណ្ដឹងសុំនៅក្រៅឃុំបណ្ដោះអាសន្ន ករណីអាជ្ញាធរចោទអ្នកស្រីថា បង្កហិង្សានៅក្បែរផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីឆ្នាំ២០១៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។