សហគមន៍​បុរីកីឡា​និង​បឹងកក់​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​តាម​បែប​សាសនា

ពលរដ្ឋ​សហគមន៍​បុរីកីឡា និង​បឹងកក់ ប្រមាណ​ជាង ២០​នាក់ នាំ​គ្នា​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ សប្ដាហ៍​ទី​៤២ នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ តាម​បែប​ព្រះពុទ្ធ​សាសនា​វិញ​ម្ដង ខុស​ប្លែក​ពី​សប្ដាហ៍​កន្លង​ទៅ​ដែល​ឈរ​កាន់​បដា និង​ស្រែក​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​កំពុង​ជាប់​ឃុំ។

តំណាង​ពលរដ្ឋ​បុរីកីឡា ដែល​មិន​ព្រម​ចាកចេញ និង​បន្ត​រស់​នៅ​ក្នុង​អគារ​ចាស់​បាក់បែក លោកស្រី សរ ស៊ន អះអាង​ថា ការ​ធ្វើ​ពិធី​សូត្រ​មន្ត​នៅ​ច័ន្ទ​ពណ៌​ខ្មៅ​នេះ គឺ​ដើម្បី​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី ដែល​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់ និង​បួងសួង​សុំ​ឲ្យ​រដ្ឋាភិបាល​កែប្រែ​គំនិត ជំរុញ​ឲ្យ​មាន​ការ​ដោះលែង​មន្ត្រី​ការពារសិទ្ធិ​មនុស្ស អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​និង​នយោបាយ លោក គឹម សុខ សកម្មជន​ដីធ្លី អ្នកស្រី ទេព វន្នី និង​អ្នក​នយោបាយ​បក្ស​ប្រឆាំង​​មួយ​ចំនួន​ផង។

លោកស្រី សរ ស៊ន៖ «មីង​នៅ​តែ​បន្ដ​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​រហូត បើ​គ្មាន​ដំណោះស្រាយ ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស មន្ត្រី​គ.ជ.ប លោក នី ចរិយា អ្នកស្រី ទេព វន្នី ហើយ​ថ្មី​ហ្នឹង​ លោក គឹម សុខ ហើយ​និង​បង្ហាញ​កាមេរ៉ា​នៅ​ក្នុង​ស្ដារម៉ាត កាល់តិច ចុង​ក្រោយ​ដោះស្រាយ​ផ្ទះ​នៅ​បុរីកីឡា​បញ្ចប់ ១៥​គ្រួសារ​ហ្នឹង ឲ្យ​គាត់​មាន​ទី​ជំរក​សមរម្យ កុំ​ឲ្យ​គាត់​នៅ​បាត់​បង់​ការងារ បាត់​បង់​ការ​សិក្សា​របស់​កូន​ៗ ហើយ​ជំពាក់​បំណុល​របស់​គេ ព្រោះ​យើង​ដើរ​តវ៉ា យើង​មិន​បាន​ដើរ​រក​ស៊ី​អី»

ចំណែក​អ្នក​បឹងកក់ បញ្ជាក់​ថា ពួក​គេ​លើក​ពេល​ធ្វើ​​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​សប្ដាហ៍​ទី​៤២ ទៅ​ធ្វើ​នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ចំ​ថ្ងៃ​ដែល​តុលាការ​ក្រុង​ភ្នំពេញ កោះ​ហៅ​សកម្មជន​របស់​ពួក​គេ គឺ​អ្នកស្រី ទេព វន្នី ឡើង​តុលាការ​ម្ដង​ទៀត។

ក្រៅ​ពី​ទាមទារ​ឲ្យ​ដោះលែង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (ADHOC) ៤​រូប មន្ត្រី គ.ជ.ប ១​រូប ស្វែង​រក​យុត្តិធម៌​ជូន​លោក​បណ្ឌិត កែម ឡី ការ​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​របស់​សហគមន៍​បុរីកីឡា​នេះ ក៏​ដើម្បី​ទាមទារ​សំណង​សមរម្យ​ផង​ដែរ។ ទាំង​អ្នក​បុរីកីឡា និង​អ្នក​បឹងកក់ អះអាង​ថា យុទ្ធនាការ​នេះ គឺ​មិន​ដូច​ទៅ​នឹង​ការ​លើក​ឡើង​របស់​រដ្ឋាភិបាល​ថា ជា​សញ្ញា​ធ្វើ​បដិវត្តន៍​ពណ៌​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​នោះ​ទេ។ ទោះបីជា​យ៉ាង​ណា យុទ្ធនាការ​នេះ​នៅ​តែ​ស្ថិត​ក្រោម​ក្រសែភ្នែក​ពី​សមត្ថកិច្ច​ដែល​នៅ​តែ​ឃ្លាំ​មើល​ជា​ប្រចាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។