ក្រុម​ស្ត្រី​សហគមន៍​បុរីកីឡា​និង​កុមារ​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​សប្ដាហ៍​ទី​២២

0:00 / 0:00

ក្រុម​ស្ត្រី​សហគមន៍​បុរីកីឡា ដែល​រង​ផល​ប៉ះពាល់​ដីធ្លី​ដោយ​ការ​បណ្ដេញ​ចេញ​ពី​បុរីកីឡា បន្ត​នាំ​គ្នា​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​សប្ដាហ៍​ទី​២២ នៅ​ថ្ងៃ​ទី​៣ ខែ​តុលា នេះ។ បើ​ទោះ​បី​ជា​ពុំ​មាន​កង​កម្លាំង​អាជ្ញាធរ​ដាក់​ពង្រាយ​ដូច​សព្វ​ដង​ក្តី ក៏​គេ​សង្កេត​ឃើញ​មាន​កង​សន្តិសុខ​មួយ​ចំនួន​បាន​ស្លៀកពាក់​ស៊ីវិល មក​ឃ្លាំ​មើល​យុទ្ធនាការ​នេះ​ដែរ។

ខុស​ប្លែក​ពី​សប្ដាហ៍​កន្លង​ទៅ​នៃ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នេះ ដែល​គេ​ធ្លាប់​តែ​ឃើញ​មាន​ក្រុម​មនុស្ស​ចាស់​ជា​អ្នក​ចូលរួម​ធ្វើ​យុទ្ធនាការ​នេះ។

ដោយឡែក​នៅ​សប្ដាហ៍​ទី​២២ នេះ​វិញ ក៏​មាន​ការ​ចូលរួម​ពី​កុមារ​ដែរ។ កុមារ​ទាំងនោះ​សុទ្ធសឹងតែ​ជា​កូន​អ្នក​ដែល​រស់នៅ​ក្នុង​សហគមន៍​បុរីកីឡា ដែល​រង​ផល​ប៉ះពាល់​ដោយ​ការ​បណ្ដេញ​ចេញ​ពី​សហគមន៍​នោះ ក្រោម​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​ផាន​អ៊ីមិច (PhanImex)។ ពួក​គាត់​ទាំង​ចាស់​ទាំង​ក្មេង មាន​បិទ​ស្កុត​ខ្មៅ​ជាប់​នឹង​មាត់។

តំណាង​ស្ត្រី​សហគមន៍​បុរីកីឡា លោកស្រី ស ស៊ន មាន​ប្រសាសន៍​ថា ស្កុត​ដែល​បិទ​ជាប់​មាត់​ពួក​គាត់​នេះ គឺ​ក្នុង​គោល​បំណង​ដើម្បី​បង្ហាញ​ពី​ការ​បំបិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​គាត់ និង​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​ក្នុង​ការ​តវ៉ា​ដោយ​អហិង្សា​នេះ។ លោកស្រី​សូម​អំពាវនាវ​ដល់​រាជ​រដ្ឋាភិបាល និង​តុលាការ ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (ADHOC) និង​មន្ត្រី គ.ជ.ប លោក នី ចរិយា ព្រម​ទាំង​អ្នកស្រី ទេព វន្នី ឲ្យ​មាន​សេរីភាព​ឡើង​វិញ៖ «ព្រោះ​ពួក​គាត់​អត់​មាន​កំហុស​អ្វី​ទេ។ អ្នក​ទាំងអស់​នោះ​ជា​មនុស្ស​ដែល​បាន​ជួយ​ដល់​អ្វី​ដែល​រដ្ឋាភិបាល​មិន​បាន​ធ្វើ។ ពួក​គាត់​ជា​អ្នក​ជួយ​គ្រប់​បែប​យ៉ាង​តាំង​ពី​ការ​ធ្វើ​ចំណាក​ស្រុក ដែល​ត្រូវ​គេ​វាយ​ធ្វើ​បាប ខ្លះ​បាក់​ធ្មេញ ខ្លះ​បែក​មាត់ ហើយ​ស្ត្រី​ដែល​មាន​ប្ដី​ត្រូវ​គេ​ធ្វើ​បាប គឺ​បាន​អង្គការ​អាដហុក​នេះ​ហើយ​ជា​អ្នក​ជួយ។ អ៊ីចឹង​សូម​ឲ្យ​ដោះលែង​ពួក​គាត់​បាន​ជួបជុំ​ក្រុម​គ្រួសារ​គាត់​វិញ។ មិន​ត្រូវ​ទុក​ពួក​គាត់​ក្នុង​ពន្ធនាគារ​បិទ​សិទ្ធិ​សេរីភាព​ពួក​គាត់​នោះ​ទេ»

ក្រៅ​ពី​ការ​អំពាវនាវ​ខាង​លើ​នេះ តំណាង​ស្ត្រី​សហគមន៍​បុរីកីឡា លោកស្រី ស ស៊ន ក៏​ស្នើ​ដល់​ប្រមុខ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​បញ្ហា​ផ្ទះ​សម្បែង​ដល់​ពួក​គាត់​ដែល​នៅ​សេសសល់​ជាង ១០​គ្រួសារ​នេះ​ដែរ៖ «សូម​កុំ​ទុក​ពួក​ខ្ញុំ​ឲ្យ​នៅ​វេទនា​ដល់​ណា​ទៀត ព្រោះ​អី​ពួក​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​រស់នៅ​ទីនេះ​ពិត​ប្រាកដ មាន​អាជ្ញាធរ​ទទួល​ស្គាល់​ពួក​ខ្ញុំ​ត្រឹមត្រូវ ហើយ​ខ្ញុំ​បាន​បោះឆ្នោត​គ្រប់​អាណត្តិ។ អ៊ីចឹង​អ្វី​ដែល​រដ្ឋាភិបាល​បាន​អភិវឌ្ឍ ១០​អគារ​ឲ្យ​ពួក​ខ្ញុំ​រស់នៅ​ហ្នឹង មាន​តូប​សម្រាប់​រកស៊ី​នោះ​តាម​ដែល​ខ្ញុំ​បាន​តាមដាន​មើល​នោះ គឺ​គ្មាន​ទេ។ ចំណែក​តូប​វិញ​មាន​តែ​អ្នក​មក​ពី​ក្រៅ​ទិញ​ទេ។ សូម្បី​តែ​ផ្ទះ​ថា​បាន​គ្រប់​គ្នា តែ​ពួក​ខ្ញុំ​មិន​បាន​ទទួល​ទេ។ សូម​ដោះស្រាយ​បញ្ចប់​ឲ្យ​ពួក​ខ្ញុំ​មក ពួក​ខ្ញុំ​នឹង​ឈប់​តវ៉ា​ទៀត​ហើយ»

ជុំវិញ​រឿង​នេះ នាយក​លេខាធិការដ្ឋាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ មាន​ប្រសាសន៍​ថា បើ​រាជ​រដ្ឋាភិបាល​មិន​ចង់​ឲ្យ​មាន​ការ​តវ៉ា​ក្នុង​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នេះ​ទេ រដ្ឋាភិបាល​ត្រូវ​ពិចារណា​នូវ​សំណូមពរ​របស់​ពលរដ្ឋ ដែល​នឹង​មិន​ប៉ះពាល់​ទៅ​ដល់​កិត្តិយស ឬ​ប្រជាប្រិយភាព​របស់​បក្ស​កាន់​អំណាច​នោះ​ឡើយ៖ «បើ​ពួក​គាត់​នៅ​តែ​តវ៉ា​កាន់​តែ​ច្រើន​ទៅៗ ហើយ​រ៉ាំរ៉ៃ​នោះ គេ​ហៅ​ថា​ជា​ភ្លៀង​រលឹម។ ជា​យុទ្ធសាស្ត្រ​ភ្លៀង​រលឹម​របស់​ពលរដ្ឋ។ អ៊ីចឹង​បើ​សិន​រដ្ឋាភិបាល​មិន​បាន​ធ្វើ​តាម​សំណូមពរ​ពួក​គាត់​ទេ នោះ​រដ្ឋាភិបាល ឬ​បក្ស​កាន់​អំណាច គឺ​ជា​អ្នក​ដែល​ខាត​ប្រយោជន៍​ខ្លួន​ឯង ជាពិសេស​គឺ​ទាក់ទង​នឹង​ការ​បាត់បង់​ប្រជាប្រិយភាព និង​ការ​គាំទ្រ​ពី​ម្ចាស់​ឆ្នោត​របស់​ខ្លួន»

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ក្រុម​ស្ត្រី​សហគមន៍​បុរីកីឡា នៅ​តែ​មាន​សង្ឃឹម​ថា នឹង​ទទួល​បាន​ដំណោះស្រាយ​ពី​ប្រមុខ​រដ្ឋាភិបាល​ពី​បញ្ហា​ផ្ទះ​សម្បែង​ដែល​នៅ​សេសសល់​ជាង ១០​គ្រួសារ​នោះ។ ពួក​គាត់​អះអាង​ថា នឹង​បន្ត​ធ្វើ​យុទ្ធនាការ​នេះ​ទៀត បើ​មិន​មាន​ដំណោះស្រាយ​ជូន​ពួក​គាត់ និង​មិន​ដោះលែង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស រួម​ទាំង​លោក នី ចរិយា ផង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។