លោក ប៊ន សំណាង និង លោក សុខ សំអឿន ត្រូវ​ដោះ​លែង​ពី​ពន្ធនាគារ

អស់​រយៈពេល​ជិត ១០​ឆ្នាំ​ហើយ សមត្ថកិច្ច​នៅ​មិន​ទាន់​រក​ឃើញ​ឃាតក​ពិត ដែល​បាញ់​សម្លាប់ លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​តូប​លក់​កាសែត​ក្បែរ​វត្ត​លង្កា កាល​ពី​ឆ្នាំ​២០០៤ នៅ​ឡើយ។

0:00 / 0:00

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ប៊ន សំណាង និង លោក សុខ សំអឿន ដែល​សាលា​ដំបូង​រាជធានី​ភ្នំពេញ និង​សាលា​ឧទ្ធរណ៍ សម្រេច​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ២០​ឆ្នាំ និង​ផ្តល់​សំណង​ប្រាក់ ៤០​លាន​រៀល​ដល់​ដើម​បណ្ដឹង​នោះ បាន​ត្រូវ​គេ​ដោះ​លែង​ពី​ពន្ធនាគារ តាម​សាល​ដីកា​របស់​តុលាការ​កំពូល ដោយ​ទម្លាក់​ចោល​នូវ​ការ​ចោទ​ប្រកាន់​ទាំង​ស្រុង នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​កញ្ញា។

ជន​ជាប់​ចោទ​ទាំង​ពីរ​នាក់ គឺ លោក ប៊ន សំណាង និង លោក សុខ សំអឿន បាន​ត្រូវ​ប៉ូលិស​នៃ​ពន្ធនាគារ​ព្រៃស ដឹក​ចេញ​ពី​ក្នុង​ពន្ធនាគារ​តាម​រថយន្ត​មួយ​គ្រឿង មក​ដាក់​នៅ​ក្បែរ​វត្ត​ព្រៃស នៅ​ម៉ោង​ជិត ១១ និង ៣០​នាទី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍។

ពេល​កំពុង​ដើរ​ចូល​ទៅ​ក្នុង​វត្ត​ព្រៃស ដើម្បី​ធ្វើ​ពិធី​ស្រោច​ទឹក​រំដោះ​គ្រោះ ដោយ​សេចក្ដី​រីករាយ លោក ប៊ន សំណាង និង លោក សុខ សំអឿន បាន​ថ្លែង​អំណរ​គុណ​ចំពោះ​អង្គការ​ស្ថាប័ន​ជាតិ អន្តរជាតិ និង​អ្នក​ទាំង​ឡាយ​ដែល​បាន​ជួយ​ពួក​គាត់​ឲ្យ​ទទួល​បាន​យុត្តិធម៌ និង​សេរីភាព។

ទោះ​យ៉ាង​ណា​ក៏ដោយ លោក សុខ សំអឿន ថ្លែង​ថា យុត្តិធម៌​សម្រាប់​ពួក​គាត់​ទាំង​ពីរ មិន​មែន​មាន​ន័យ​ថា យុត្តិធម៌​សម្រាប់​ខ្មែរ​គ្រប់​រូប​នោះ​ទេ។ លោក​បន្ថែម​ថា មិន​គួរ​មាន​ចំណាត់​ការ​ផ្លូវ​ច្បាប់​បែប​លេង​សើច​យ៉ាង​នេះ ចំពោះ​ពួក​គាត់​សោះ។

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ ប្រធាន​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា ហេតុផល​ខាង​ដើម​ដែល​ឈាន​ដល់​ការ​ចោទ​ប្រកាន់ និង​ដាក់​ទោស​ចំពោះ លោក ប៊ន សំណាង និង លោក សុខ សំអឿន គឺ​ដោយសារ​កង្វះ​សមត្ថភាព​របស់​មន្ត្រី​ពាក់ព័ន្ធ ក្នុង​ការ​ស៊ើប​អង្កេត​ដំបូងៗ និង​ជា​ចេតនា​បំភ្លៃ​ការ​ពិត។

លោក ប៊ន សំណាង និង លោក សុខ សំអឿន បាន​ជាប់​ពន្ធនាគារ​អស់​រយៈពេល​សរុប​ជិត ៦​ឆ្នាំ ដោយ​គ្មាន​ទោសពៃរ៍ ដែល​ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ជា​ពិសេស​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស ហៅ​អ្នក​ទាំង​ពីរ​ថា​ជា​ឃាតក​សិប្បនិម្មិត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។