ពលករ​ខ្មែរ​ក្នុង​ប្រទេស​ថៃ​ចងក្រង​គ្នា​ជា​បណ្ដាញ​ការពារ​សិទ្ធិ​ការងារ

0:00 / 0:00

ពលករ​ខ្មែរ​មួយ​ចំនួន​ដែល​កំពុង​បំពេញ​ការងារ​នៅ​ក្នុង​ប្រទេស​ថៃ ចាប់​ផ្ដើម​ចងក្រង​គ្នា​ជា​បណ្ដាញ​ដើម្បី​ការពារ​សិទ្ធិ​ពួកគេ អោយ​ចៀស​ផុត​ពី​ការ​រំលោភ​បំពាន និង​ការ​កេង​ប្រវ័ញ្ច​ដោយ​ប្រការ​ផ្សេងៗ។ ក្រុម​ពលករ​ទាំង​នោះ​ធ្វើ​ការ​ដោយ​សហការ​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​ក្នុង​ប្រទេស​ថៃ ដែល​អាច​អន្តរាគមន៍​ទាន់​ពេល​វេលា និង​មាន​ប្រសិទ្ធភាព​ដល់​ពលករ​ដែល​ជួប​ប្រទះ​បញ្ហា។

ក្រុម​ពលករ​ធ្វើ​ការ​នៅ​ប្រទេស​ដែល​ទើប​ចងក្រង​គ្នា​ជា​បណ្ដាញ​បាន​ដាក់​ឈ្មោះ​ខ្លួន​ឯង​ថា "សមាគម​មិត្តភាព​កម្មករ​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ" ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា ស៊ីហ្វាត (CFAT)។

ក្រុម​នេះ​ទើប​តែ​ចាប់​ផ្ដើម​ចងក្រង​ក្នុង​រយៈពេល​ជាង​មួយ​ខែ​នេះ​ទេ ដោយ​មាន​សមាជិក​ពី ៤០​ ទៅ​ ៥០​នាក់ ជា​អ្នក​គ្រប់គ្រង​កម្មករ ឬ​ហៅ​ថា "មេការ" នៅ​តាម​បណ្ដា​រោងចក្រ និង​សហគ្រាស​មួយ​ចំនួន​ក្នុង​ប្រទេស​ថៃ។ អ្នក​ជា​មេការ​ទាំង​នោះ​មាន​កម្មករ​នៅ​ក្រោម​ការ​មើល​ខុសត្រូវ​របស់​ពួកគេ​ចំនួន​សរុប​ប្រមាណ ៥.០០០​នាក់។ ពួកគេ​ភាគ​ច្រើន​ជា​អ្នក​ដែល​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​ក្នុង​ប្រទេស​ថៃ និង​បាន​បន្ត​ធ្វើ​ការងារ​នៅ​ទី​នោះ។

មេការ​ម្នាក់ លោក សោម សិរីមុនី ដែល​ធ្វើការ​នៅ​រោងចក្រ​ដំឡើង​ម៉ាស៊ីន​ដេរ ក្នុង​ខេត្ត​ឈុនបូរី មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ពី​ប្រទេស​ថៃ ថា គោល​បំណង​នៃ​ការ​បង្កើត​បណ្ដាញ​ថ្មី​នេះ ដើម្បី​ការពារ​អត្ថប្រយោជន៍​របស់​ក្រុម​ពលករ​ខ្មែរ​ដែល​ពួកគេ​ជា​មេការ​នោះ​មើល​ការ​ខុស​ត្រូវ៖ «ពលករ​ដែល​ចំណាក​ស្រុក​មក​ក្នុង​ស្រុក​ថៃ នេះ ភាគ​តិច​ណាស់​ដែល​មាន​ច្បាប់​អនុស្សរណៈ​យោគយល់​គ្នា ឬ អឹម.អូ.យូ (MOU) ជួប​ប្រទះ​ជា​ញឹកញាប់​គឺ​បងប្អូន​ដែល​ធ្វើការ​ដោយ​ខុស​ច្បាប់។ ចងក្រង​ក្រុម​ហ្នឹង​គឺ​ចង់​ជួយ​សម្រួល​ឯកសារ ទី​២ ជួយ​សង្គ្រោះ​អោយ​រួច​ផុត​ពី​ការ​ជួញ​ដូរ ប្រវ័ញ្ច​ផ្នែក​ខាង​រំលោភ​សិទ្ធិ​ការងារ ដោយ​ធ្វើ​ការងារ​ជា​ក្រុម ហើយ​ទី​៣ គឺ​អាច​ជួយ​បង្រៀន​ផ្នែក​ខាង​គ្រឿងញៀន​សុំ​អោយ​ចៀស​អោយ​ផុត ព្រោះ​យើង​ធ្វើការ​នៅ​ស្រុក​គេ ដើម្បី​សន្សំ​លុយ​សន្សំ​កាក់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​យើង​នៅ​ស្រុក​ខ្មែរ»

ស្រប​គ្នា​នេះ បណ្ដាញ​ក៏​មាន​គោល​បំណង​ជួយ​ដល់​ក្រុម​ពលករ​ជា​ស្ត្រី​ដែល​រងគ្រោះ​ដោយ​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ។

ពេល​នេះ​លោក សិរីមុនី កំពុង​មើល​ការ​ខុស​ត្រូវ និង​ជួយ​ដល់​ពលករ​ខ្មែរ​ប្រមាណ ៨០​នាក់ នៅ​ក្រោម​បង្គាប់​របស់​លោក។ ក្រៅ​ពី​ជួយ​ដល់​ពលករ​ក្នុង​ក្រុម​បណ្ដាញ​នេះ លោក​ក៏​អាច​ជួយ​ដល់​ពលករ​ផ្សេង​ទៀត​ដែរ។

លោក សោម សិរីមុនី បន្ត​ថា បណ្ដាញ​របស់​លោក​អាច​នឹង​ផ្ដល់​ដំណឹង​ពី​តម្រូវការ ឬ​បញ្ហា​របស់​ពលករ​រងគ្រោះ​ទៅ​ភាគី​ពាក់ព័ន្ធ៖ «បើ​សិន​ជា​បងប្អូន​ទាំង​អស់​មាន​​បញ្ហា​ផ្នែក​ខាង​ការ​ជួញដូរ​ពលកម្ម​ដោយ​គេ​អត់​បើក​លុយ​អោយ ឬ​ក៏​មាន​បញ្ហា​អី​មួយ គឺ​ក្រុម​បណ្តាញ​របស់​ខ្ញុំ​បាទ​ហ្នឹង​អោយ​លេខ​ទូរស័ព្ទ ហើយ​អាច​ទាក់ទង​មក​ខាង​ពួក​ខ្ញុំ​បាន»

បើ​ទោះ​ជា​ទើប​បង្កើត​ថ្មី​ក៏​បណ្ដាញ​នេះ​បាន​ជួយ​សម្របសម្រួល​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​ទាន់​ពេល​វេលា​ទៅ​ដល់​ពលករ រួម​មាន​បញ្ហា​ខ្វះខាត​ឯកសារ​ផ្លូវ​ច្បាប់ ការ​ទាមទារ​សំណង និង​ការ​ទាមទារ​ប្រាក់​ឈ្នួល​ដែល​ត្រូវ​ថៅកែ​កេង​ប្រវ័ញ្ច​ជាដើម។
មេការ​ម្នាក់​ទៀត លោក អវិរុទ្ធ មាន​ប្រសាសន៍​ថា ពលករ​ភាគ​ច្រើន​មិន​បាន​ដឹង​ថា តើ​ពួកគេ​ត្រូវ​ទាក់ទង​ទៅ​នរណា ឬ​ផ្នែក​ណា ដើម្បី​អោយ​បាន​ជំនួយ​បន្ទាន់ ដោះស្រាយ​បញ្ហា​របស់​ពួកគាត់​ឡើយ។ លើស​ពី​នេះ​ពួកគេ​ក៏​ជួប​ការ​លំបាក​ដែរ ក្នុង​ការ​ទាក់ទង​ទៅ​រក​ជំនួយ​ពី​មន្ត្រី​បម្រើការ​នៅ​ស្ថានទូត​ខ្មែរ​ប្រចាំ​ទីក្រុង​បាងកក។

លោក អវិរុទ្ធ បន្ត​ថា ទាំង​នេះ​ជា​មូលហេតុ​មួយ​ដែល​នាំ​អោយ​មាន​ការ​បង្កើត​បណ្ដាញ ឬ​សមាគម​មិត្តភាព​កម្មករ​កម្ពុជា នេះ​ឡើង៖ «ការ​ពិត​គាត់ (ស្ថានទូត) ពុំ​បាន​ដោះស្រាយ​ផ្ដល់​ជំនួយ​អោយ​ទាន់​ពេល​ទេ យឺតយ៉ាវ​ស្ទើរ​តែ​អាច​និយាយ​ថា មិន​យក​ចិត្ត​ទុក​ដាក់។ ពេល​មាន​បញ្ហា​ពួក​ខ្ញុំ​ស្ទើរ​តែ​ភ្លេច​ថា ត្រូវ​ការ​ជំនួយ​ពី​ស្ថានទូត​ទៅ​ហើយ»

តួលេខ​ពី​អង្គការ​មិន​មែន​រដ្ឋាភិបាល​អោយ​ដឹង​ថា បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​ថៃ មាន​ពលករ​ខ្មែរ​ដែល​កំពុង​បំពេញ​ការងារ​ប្រមាណ ១​លាន​នាក់ ទាំង​អ្នក​ដែល​ធ្វើ​ការងារ​ដោយ​ស្រប និង​មិន​ស្រប​ច្បាប់។ ចំណែក​តួលេខ​ពី​ក្រសួង​ការបរទេស​អោយ​ដឹង​ថា នៅ​ពេល​នេះ​មាន​ពលករ​ខ្មែរ​ដែល​កំពុង​បំពេញ​ការងារ​ស្រប​ច្បាប់​នៅ​ទី​នោះ​មាន​ប្រមាណ ៧០០.០០០ (ចិតសិប​ម៉ឺន​នាក់)។ ពួកគេ​ជួប​ប្រទះ​បញ្ហា​ជា​ច្រើន ដែល​កើត​ចេញ​ពី​ការ​រំលោភ​សិទ្ធិ​ការ​កេង​ប្រវ័ញ្ច និង​ការ​ជួញដូរ។

បណ្ដាញ​ពលករ​ខ្មែរ ឬ​សមាគម​មិត្តភាព​កម្មករ​កម្ពុជា ត្រូវ​បង្កើត​ឡើង​ដោយ​មាន​ការសម្រប​សម្រួល​ពី​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍។

មន្ត្រី​ផ្នែក​សិទ្ធិ​ការងារ នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក ឌី ថេហូយ៉ា មាន​ប្រសាសន៍​ថា កន្លង​ទៅ​ពលករ​ខ្មែរ​តែង​ធ្វើ​ការ​ដោយ​ឡែកៗ​ពី​គ្នា ដែល​ធ្វើ​អោយ​ពួកគេ​ពិបាក​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពេញលេញ។

លោក​បន្ត​ថា គំនិត​ផ្ដួចផ្ដើម​នេះ​អាច​អោយ​ពលករ​ទទួល​បាន​ជំនួយ​ភ្លាមៗ នៅ​ពេល​ពួកគេ​ត្រូវការ។ យ៉ាងណា​លោក​ថា ករណី​នេះ​ឋិត​នៅ​ក្នុង​ដំណើរ​សាក​ល្បង​នៅ​ឡើយ៖ «អ៊ីចឹង​បើសិនជា​ពួកគាត់​មាន​បណ្ដុំ​កម្លាំង ជា​ជំហាន​ដំបូង​គាត់ត្រូវ​មាន​ទំនាក់ទំនង​នឹង​អាជ្ញាធរ​ថៃ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នៅ​ថៃ បន្ទាប់​ទៀត​គាត់​ត្រូវ​តែ​ទាក់ទង​ទៅ​ស្ថានទូត។ ខ្ញុំ​មិន​ប្រើ​ពាក្យ​ថា សហការ​ទេ តែ​ជា​ការ​តាមដាន​សកម្មភាព​ច្រើន​ជាង»

លោក ឌីថេ ហូយ៉ា អោយ​ដឹង​ដែរ​ថា គម្រោង​បង្កើត​បណ្ដាញ​ពលករ​ក្នុង​ប្រទេស​ថៃ នេះ​កំពុង​ធ្វើ​នៅ​ក្នុង​ខេត្ត​ឈុនបូរី ដែល​ជា​ខេត្ត​ឧស្សាហកម្ម​ធំ​មួយ​របស់​ប្រទេស​ថៃ ហើយ​គម្រោង​នេះ​នឹង​ត្រូវ​ពង្រីក​បន្ត​ទៅ​ខេត្ត​មួយ​ចំនួន​ទៀត ជុំវិញ​ក្រុង​បាងកក ជាទី​ដែល​សំបូរ​ពលករ​ខ្មែរ​ធ្វើ​ការ​ដែរ​នោះ។

មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ថៃ លោក ម៉ៅ ភិរុណ មាន​ប្រសាសន៍​ថា ជា​គំនិត​ល្អ​ក្នុង​ការ​បង្កើត​ក្រុម​ជួយ​ពលករ​បែប​នេះ ប៉ុន្តែ​លោក​បារម្ភ​ថា អាច​នៅ​មាន​បញ្ហា​ខ្លះ​ប្រសិន​បើ​ក្រុម​នេះ​នៅ​មិន​ទាន់​ទៅ​ជា​ក្រុម​ស្របច្បាប់៖ «មិន​មែន​ងាយ​ស្រួល។ ព័ត៌មាន​មួយ​ចំនួន​យើង​អត់​ដឹង​ទេ យើង​ចូល​ទៅ​អត់​បាន​ដែរ ហើយ​ប្រសិន​បើ​យើង​មាន​អី​មួយ ជា​អាង​ជា​អី យើង​អាច​សួរ​បញ្ហា​ សួរ​ពត៌មាន​អី​បាន»

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​ក្រុម​ពលករ​ដែល​ថា ពួកគេ​ពិបាក​នឹង​ទទួល​បាន​ជំនួយ​ពី​ស្ថានទូត លោក ម៉ៅ ភិរុណ បញ្ជាក់​ថា មាន​ករណី​ជា​ច្រើន​ដែល​ស្ថាន​ទូត​បាន​ជួយ​នៅ​ពេល​ពលករ​ត្រូវ​ការ​ជំនួយ ដោយ​ការ​ចុះ​ទៅ​ជួប​ផ្ទាល់ ឬ​តាម​ទូរស័ព្ទ៖ «ស្ថានទូត​ទី​១ គឺ​ទំនាក់ទំនង ទី​២ មើល​ទៅតាម​កន្លែង​តំបន់​ណា និយាយ​អោយ​ចំ​គឺ​មើល​រឿង​ថា រឿង​ណា​គួរ​ មិន​គួរ​ បើ​អាច​ធ្វើ​តាម​ទូរស័ព្ទ​បាន​ធ្វើ ធ្វើ​មិន​បាន​ចាំ​យើង​ចុះ​ផ្ទាល់»

ទាក់ទង​នឹង​បញ្ហា​របស់​ពលករ​ចំណាក​ស្រុក​នេះ រដ្ឋាភិបាល​កម្ពុជា និង​ថៃ កំពុង​ព្យាយាម​កាត់​បន្ថយ​ចំនួន​ពលករ​ដែល​ទៅ​ធ្វើ​ការ​ដោយ​ខុស​ច្បាប់ ដែល​ធ្វើ​អោយ​ពួកគេ​ងាយ​រងគ្រោះ ជាពិសេស​ពលករ​ដែល​ទៅ​ធ្វើការ​នៅ​លើ​ទូក​នេសាទ​ថៃ។ ពលករ​ទាំងនោះ​ត្រូវ​គេ​ជួញដូរ រំលោភ​បំពាន​សិទ្ធិ ឬ​អាច​ហៅ​បាន​ថា ទាសភាព​សម័យ​ទំនើប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។