កម្ពុជា​សង្គ្រោះ​ពលករ​រង​គ្រោះ​ពី​ឥណ្ឌូនេស៊ី​និង​ម៉ាឡេស៊ី

ដោយ តាំង សារ៉ាដា
2015.05.10
កុយ គួង ៦២០ មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត នៅ​ក្រសួង​ការបរទេស​កម្ពុជា បន្ទាប់​ពី​ជំនួប​រវាង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង ជាមួយ​ឯកអគ្គរាជទូត​ថៃ ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១១។
Photo: RFA

មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​ការបរទេស​កម្ពុជា ឲ្យ​ដឹង​ថា ពលករ​ខ្មែរ​រង​គ្រោះ​ចំនួន ៥៩​នាក់ នឹង​ត្រឡប់​ពី​ប្រទេស​ឥណ្ឌូនេស៊ី នៅ​ថ្ងៃ​ទី​១១ ខែ​ឧសភា ខាង​មុខ។ ចំណែក​ពលការិនី និង​នារី​ជំនួយការ​មេផ្ទះ​ចំនួន ៣​នាក់​ទៀត គ្រោង​នឹង​ត្រឡប់​ពី​ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃ​សៅរ៍ ទី​១៦ ឧសភា។

លោក កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​បញ្ជាក់​ថា ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី បាន​អន្តរាគមន៍​ជួយ​ពលរដ្ឋ​ខ្មែរ​ចំនួន ៥៩​នាក់ ពី​ទូក​នេសាទ​ខុស​ច្បាប់​របស់​ថៃ។ លោក​បន្ត​ថា ស្ថានទូត​ខ្មែរ​បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អង្គការ​ទេសន្តរប្រវេសក៍​អន្តរជាតិ (IOM) ដើម្បី​ធ្វើ​មាតុភូមិនិវត្តន៍​ពលករ​ទាំង ៥៩​នាក់​នេះ​មក​កម្ពុជា​វិញ។ លោក​បន្ត​ថា អាជ្ញាធរ​នៃ​ប្រទេស​ឥណ្ឌូនេស៊ី បាន​ចាប់​ទូក​នេសាទ​ថៃ ដែល​បាន​ឆ្លង​ដែន​ចូល​នេសាទ​ក្នុង​ដែនទឹក​របស់​ប្រទេស​នេះ​ដោយ​ខុស​ច្បាប់ ហើយ​បាន​រក​ឃើញ​ពលករ​ខ្មែរ​ដែល​ធ្វើការ​លើ​ទូក​នេសាទ​ទាំង​នោះ។

​ទោះជា​យ៉ាង​ណា​ក៏ដោយ លោក កុយ គួង បញ្ជាក់​ថា អាជ្ញាធរ​កម្ពុជា កំពុង​តាមដាន​ដើម្បី​ចាប់​មេ​ខ្យល់​បាន​បោក​បញ្ឆោត​ពលរដ្ឋ​ខ្មែរ​ទាំង​នោះ​ឲ្យ​ទៅ​ធ្វើ​ការ​នៅ​លើ​ទូក​នេសាទ​របស់​ថៃ យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់។

​ប្រធាន​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា មាន​ប្រសាសន៍​ថា សង្គម​ស៊ីវិល​មួយ​ចំនួន​នៅ​កម្ពុជា កំពុង​សហការ​គ្នា​ជាមួយ​អង្គការ​ទេសន្តរប្រវេសក៍​អន្តរជាតិ ដើម្បី​ស្វែងរក​លទ្ធភាព​ក្នុង​ការ​ផ្ដល់​សេវា​ផ្សេងៗ​ដល់​ពួកគេ​នៅ​ពេល​មក​ដល់​កម្ពុជា​វិញ។ លោក​បញ្ជាក់​ថា សេវា​ទាំង​នោះ​រួមមាន​ការ​ផ្ដល់​កន្លែង​ស្នាក់នៅ​បណ្ដោះអាសន្ន ការ​ផ្ដល់​អាហារ ការ​ផ្ដល់​ជា​សោហ៊ុយ ឬ​មធ្យោបាយ​ក្នុង​ការ​ធ្វើដំណើរ ការ​ផ្ដល់​សេវា​ផ្នែក​ច្បាប់​ក្នុង​ការ​ដាក់​ពាក្យ​បណ្ដឹង​ដើម្បី​ចាប់​ខ្លួន​ក្រុម​មេខ្យល់ និង​ការ​ផ្ដល់​សេវា​បណ្ដុះបណ្ដាល​ជំនាញ​ផ្សេងៗ​ដល់​ពួកគេ។

លោក មឿន តុលា បន្ត​ថា ពលរដ្ឋ​ខ្មែរ​រាប់​ពាន់​នាក់​ត្រូវ​បាន​គេ​ជួញដូរ​កម្លាំង​ពលកម្ម​ខុស​ច្បាប់​ទៅ​ធ្វើ​ការ​លើ​ទូក​នេសាទ​ថៃ ដោយ​ខុស​ច្បាប់។ លោក​បញ្ជាក់​ថា ករណី​ជួញដូរ​នេះ​កើត​ឡើង​ទៅ​បាន​ដោយសារ​មាន​ការ​ឃុបឃិត​គ្នា​រវាង​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​នៅ​តាម​ច្រក​ព្រំដែន និង ក្រុម​ឈ្មួញ ឬ​ក្រុម​មេខ្យល់។ លោក​បន្ត​ថា រហូត​មក​ទល់​ពេល​នេះ​នៅ​មាន​ពលករ​ខ្មែរ​រាប់​ពាន់​នាក់​ទៀត​កំពុង​ជាប់​នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត​ក្នុង​តំបន់​អាស៊ី និង​នៅ​អាហ្វ្រិក។

ក្រសួង​ការបរទេស​ឲ្យ​ដឹង​ទៀត​ថា យ៉ាង​ហោច​ណាស់​មាន​ពលករ​ខ្មែរ​ចំនួន ៣៦​នាក់​ទៀត​នៅ​លើ​កោះ​បេនជីណា (Benjina) ប្រទេស​ឥណ្ឌូនេស៊ី ហើយ​ដែល​មន្ត្រី​ស្ថានទូត និង​មន្ត្រី​អង្គការ​ទេសន្តរប្រវេសក៍​អន្តរជាតិ នឹង​ទៅ​ជួប​សម្ភាសន៍​ផ្ទាល់​នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា ខាង​មុខ​នេះ ដើម្បី​បញ្ជូន​ពលករ​ទាំង ៣៦​នាក់​នេះ​មក​មាតុប្រទេស​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សិទ្ធិ​មនុស្ស
តើ​លោក កើត សារ៉ាយ ជា​អ្នកណា?
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។