ពលកម្មកុមារជាការងារដែលដោះស្រាយមិនចេះចប់ ដោយសារគោលនយោបាយគាំពាររបស់រដ្ឋាភិបាលមានតិចតួច។ កុមារជាច្រើន បានបង្ខំមិនឲ្យចូលសាលារៀន ហើយជំនួសឲ្យពួកគេខិតខំធ្វើកិច្ចការជាច្រើន ដើម្បីរកចំណូលផ្គត់ផ្គង់គ្រួសារ។ កុមារមួយចំនួនទៀត ប្រឈមនឹងការជួញដូរ និងការកេងប្រវ័ញ្ចកម្លាំងពលកម្មយ៉ាងធ្ងន់ធ្ងរបំផុត។
ពលកម្មកុមារជាបញ្ហាប្រឈមធ្ងន់ធ្ងរមួយនៅកម្ពុជា ដែលគេបានមើលរំលង។ កុមាររាប់លាននាក់ ក៏កំពុងក្លាយជាឧបករណ៍សម្រាប់ការរកចំណូលផ្គត់ផ្គង់គ្រួសារ ការធ្វើការងារដោយគ្មានការសម្រាក ជាពិសេសកុមារទាំងនោះគ្មានឱកាសបន្តការសិក្សា។ បញ្ហានេះ នឹងប៉ះពាល់បន្តដល់ការអភិវឌ្ឍប្រទេសកម្ពុជា និងជាបន្ទុករបស់រដ្ឋាភិបាល ប្រសិនគ្មានដំណោះស្រាយសមរម្យនោះទេ។
របាយការណ៍របស់ក្រសួងផែនការ បានបង្ហាញថា កុមារដែលមានអាយុចន្លោះពី ៥ឆ្នាំដល់ ១៧ឆ្នាំ មានចំនួនជិត ៤លាននាក់ ភាគច្រើនបំផុតរស់នៅជនបទ។ កុមារចំនួន ៨០% ជាប់ទាក់ទងនឹងការងារផ្ទះ និងការរកចំណូលដើម្បីផ្គត់ផ្គង់គ្រួសារ។ ការងាររបស់កុមារទាំងនោះ ភាគច្រើនធ្វើការច្រើនម៉ោង ដើម្បីជួយក្រុមគ្រួសាររបស់គេ ឬជាប្រភេទការងារដែលមិនទទួលកម្រៃអ្វីទាំងអស់។
ឯកសារដែលចងក្រងដោយស្ថាប័នស្រាវជ្រាវអន្តរជាតិជាច្រើន បានរកឃើញថា កុមារចំនួន ៧៥ម៉ឺននាក់ ជាក្រុមកុមារដែលទទួលខុសត្រូវលើសេដ្ឋកិច្ចគ្រួសារ។ មូលហេតុសំខាន់មួយចំនួនដែលបណ្ដាលឲ្យមានពលកម្មកុមារ រួមមាន ភាពក្រីក្រ ការចំណាកស្រុក ភាពគ្មានដីធ្លី និងភាពងាយរងគ្រោះពីការធ្វើកសិកម្ម ជាដើម។ កត្តាទាំងអស់ បានបង្ខំឲ្យកុមារត្រូវធ្វើកិច្ចការជាច្រើន និងបំភ្លេចចោលនូវការសិក្សារបស់ខ្លួន។
ការស្រាវជ្រាវដោយអង្គការអន្តរជាតិខាងការងារ បានរកឃើញថា កុមារចំនួន ៤៣ម៉ឺននាក់ បានបោះបង់ចោលការសិក្សា និងចំនួនជិត ៤០ម៉ឺននាក់ផ្សេងទៀត ពុំដែលចូលសាលាទាល់តែសោះ។ ភាគច្រើន ក្រុមកុមារដែលបោះបង់ចោល និងបាត់បង់ឱកាសសិក្សាមកពីគ្រួសារដែលធ្វើចំណាកស្រុកពីខេត្តមួយទៅខេត្តមួយ ឬពីប្រទេសមួយទៅប្រទេសមួយទៀត។
គ្រួសារពលករចំណាកស្រុកជាផ្នែកដ៏សំខាន់បំផុតនាំឲ្យមានពលកម្មកុមារ។
នាយិកានៃអង្គការជំនួយការផ្លូវច្បាប់ នៃកុមារ និងស្ត្រី អ្នកស្រី លី វិជ្ជតា មានប្រសាសន៍ថា ការកេងប្រវ័ញ្ចកម្លាំងពលកម្មកុមារ ដែលកើតចេញពីគ្រួសារពលករចំណាកស្រុក មានផលប៉ះពាល់ធ្ងន់ធ្ងរដែលរដ្ឋាភិបាលបានមើលរំលង។ កុមារទាំងនោះភាគច្រើន ដែលមានអាយុក្រោម ១៧ឆ្នាំ បានធ្វើការដោយខុសច្បាប់ ដែលអាចឈានឲ្យមានការរំលោភបំពាននានាពីសំណាក់ថៅកែនៅបរទេស។
អ្នកស្រីបញ្ជាក់ទៀតថា ការដោះស្រាយ ឬការលុបបំបាត់ពលកម្មកុមារ ហាក់ជារឿងមួយពិបាក ដោយសារតែបញ្ហានេះទាមទារការចូលរួមពីរដ្ឋាភិបាល សង្គមស៊ីវិល ប្រជាពលរដ្ឋ និងដៃគូអន្តរជាតិ។ ម្យ៉ាងវិញទៀត ការអនុវត្តច្បាប់របស់ប្រទេសកម្ពុជា និងច្បាប់អន្តរជាតិ ហាក់មិនស៊ីសង្វាក់គ្នា៖ «សំឡេង»។
បន្ថែមលើនេះ កត្តាជីវភាពក្រីក្ររបស់គ្រួសារនៅជនបទ បានបង្ខំឲ្យកូនរបស់គេមកធ្វើការនៅទីក្រុង ឬធ្វើចំណាកស្រុក។ ករណីខ្លះឈានដល់ការកែប្រែអាយុ ដើម្បីរកការងារមួយសមរម្យ។ ទោះជាយ៉ាងណាក៏ដោយ ការរកឃើញដោយអង្គការអន្តរជាតិខាងការងារ (ILO) បានបញ្ជាក់ថា ដើម្បីលើកកម្ពស់អត្រាចូលសិក្សា និងកាត់បន្ថយពលកម្មកុមារ រដ្ឋាភិបាលកម្ពុជា ផ្ដល់អាហារសម្រាប់កុមារអាយុ ៥ឆ្នាំដល់ ១៧ឆ្នាំ បានចំនួនជាង ៣លាននាក់ ដែលស្មើនឹង ៨០% នៃកុមារកម្ពុជា សរុប ប៉ុន្តែពលកម្មកុមារនៅតែកើនឡើង។
បន្ថែមលើនេះ ដោយមើលឃើញអំពីទុក្ខលំបាករបស់កុមារ ដែលកំពុងធ្វើកិច្ចការជាច្រើន ដូចជា ការលក់របស់កំប៉ិកកំប៉ុកនៅតាមផ្លូវ និងការសុំទានអ្នកដំណើរ ជាដើម ប្រមុខរដ្ឋាភិបាលកម្ពុជា ហាក់បង្ហាញអំពីការទទួលខុសត្រូវរបស់ខ្លួនឲ្យពិនិត្យមើល និងដោះស្រាយបញ្ហានេះ។ ប៉ុន្តែការទទួលខុសត្រូវរបស់រដ្ឋាភិបាលនេះ មិនបានឆ្លើយតបលើការកាត់បន្ថយ ការកេងប្រវ័ញ្ចកម្លាំងពលកម្មកុមារឡើយ ព្រោះគ្រាន់តែជាការអំពាវនាវ ហើយខ្វះការយន្តការអនុវត្តន៍ជាក់ស្ដែង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍នៅក្នុងពិធីប្រកាសជាផ្លូវការ ដាក់ឲ្យអនុវត្ត "ផែនការយុទ្ធសាស្ត្រជាតិ ស្ដីពីពិការភាព ២០១៤-២០១៨" ថា អ្នកខ្លះបានទៅសុំក្មេងពីមណ្ឌលកុមារកំព្រា យកទៅចិញ្ចឹម តែការពិតបែរជាយកទៅបម្រើខ្លួនដូចទាសករ និងវាយដំគ្មានមេត្តា។ លោកបានអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធ រួមនិងប្រជាពលរដ្ឋផង ត្រូវរួមគ្នាទប់ស្កាត់ការធ្វើទារុណកម្មលើកុមារ ជាពិសេសស្វែងរកវិធីទប់ស្កាត់ កុំចាំដល់ពេលកើតឡើងហើយ ទើបនាំគ្នាចាត់វិធានការ។ លោកបញ្ជាក់ថា បច្ចុប្បន្នការរំលោភបំពានលើកុមារមានរូបភាពព្រៃផ្សៃបំផុត ដែលកើតឡើងលើកុមារអាយុ ៩ឆ្នាំ នៅខេត្តបន្ទាយមានជ័យ ដែលទទួលការធ្វើបាបពីព្រះសង្ឃ៖ «សំឡេង»។
របាយការណ៍របស់អង្គការអន្តរជាតិខាងការងារ បានបង្ហាញថា បច្ចុប្បន្នកុមារជាង ៥០% កំពុងធ្វើការនៅវិស័យផលិតកម្ម ការលក់ដុំ និងរាយ សំណង់ និងផ្នែកជួសជុល។ ក្នុងចំណោមកុមារដែលធ្វើការនោះ មានប្រមាណ ៥% បានទទួលរងរបួស។ កុមារចំនួន ៥ពាន់នាក់នៅក្នុងពលកម្មកុមារ ដែលរកចំណូលផ្គត់ផ្គង់គ្រួសារ បានធ្លាក់ខ្លួនឈឺនៅពេលដែលគាត់ធ្វើការនៅវិស័យឧស្សាហកម្ម និងចំនួន ១ម៉ឺន ៥ពាន់នាក់ផ្សេងទៀត ធ្វើការនៅក្រោមកម្ដៅថ្ងៃ និងកន្លែងដែលប៉ះពាល់ដល់សុខភាព។
របាយការណ៍នេះ បានក្រើនរំលឹកដល់រដ្ឋាភិបាលកម្ពុជា ត្រូវដោះស្រាយបន្ទាន់ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារក្រីក្រ និងព័ត៌មាននៃពលកម្មកុមារត្រួតពិនិត្យជាប្រចាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
