កម្ពុជា​សន្យា​សិក្សា​លម្អិត​ពី​សំណើ​របស់​អង្គការ​សមាគម​ខ្មែរ​ក្រោម

ក្រសួង​ការ​បរទេស​កម្ពុជា សន្យា​ថា​នឹង​យក​សំណើ​របស់​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម មក​សិក្សា​លម្អិត មុន​នឹង​ពិចារណា​ថា ត្រូវ​ចាត់​វិធាន​ការ​បែប​ណា ដើម្បី​ឆ្លើយ​តប​ចំពោះ​ការ​ទទូច​សុំ​របស់​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម អោយ​រដ្ឋាភិបាល​កម្ពុជា អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​សង្គម​និយម​វៀតណាម ដោះ​លែង​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ទាំង ៩​អង្គ និង​នាក់ ព្រម​ទាំង​បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​សេរីភាព​មួយ​ចំនួន​ទៀត។

0:00 / 0:00

ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា បាន​ចូល​ជួប​តំណាង​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក អ៊ុច ប៊ូរិទ្ទ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៣។

គោល​បំណង​នៃ​ជំនួប​នោះ គឺ​រាយការណ៍​ជូន​ក្រសួង​ការ​បរទេស​កម្ពុជា អោយ​បាន​ដឹង​ពី​ស្ថានភាព​លំបាក​មួយ​ចំនួន​ដែល​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម កំពុង​ជួប​ប្រទះ​នៅ​ដែន​ដី​កម្ពុជា​ក្រោម​សព្វថ្ងៃ ពិសេស​ដើម្បី​ស្នើសុំ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម អោយ​ដោះ​លែង​ព្រះតេជព្រះគុណ លីវ នី និង​ព្រះតេជព្រះគុណ ថាច់ ធឿន ព្រម​ទាំង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ៧​នាក់​ផ្សេង​ទៀត ដែល​ត្រូវ​តុលាការ​ប្រជាជន​វៀតណាម កាត់​ទោស​អោយ​ជាប់​ពន្ធនាគារ​ពី ១០​ខែ ទៅ ៦​ឆ្នាំ ដោយ​ចោទ​ពី​បទ​ធ្វើ​អោយ​ខូច​សណ្ដាប់ធ្នាប់​សាធារណៈ។

រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក អ៊ុច ប៊ូរិទ្ទ បាន​សន្យា​ថា នឹង​យក​សំណើ​របស់​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ទៅ​សិក្សា​អោយ​បាន​លម្អិត​បន្ថែម​ទៀត មុន​នឹង​ពិចារណា​ថា ត្រូវ​ចាត់​វិធាន​ការ​យ៉ាង​ណា​នោះ។ លោក​បន្ត​ថា ប្រទេស​នីមួយៗ​គេ​មាន​អធិបតីភាព​រៀងៗ​ខ្លួន ហើយ​កម្ពុជា គោរព​យ៉ាង​ម៉ឺងម៉ាត់​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ និង​ធម្មនុញ្ញ​របស់​អាស៊ាន ហើយ​កម្ពុជា ខ្លួន​ឯង ក៏​មាន​គោល​នយោបាយ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ដទៃ​ដែរ។ លោក​ថា រាល់​បញ្ហា​ទាំងអស់ គឺ​ត្រូវ​ដោះស្រាយ​ក្នុង​ក្របខ័ណ្ឌ​នៃ​ច្បាប់។

លោក អ៊ុច ប៊ូរិទ្ទ៖ «ខ្ញុំ​ទទួល​បង​ប្អូន​ក្នុង​នាម​ជា​សមាគម​អ៊ីចឹង​ទេ ការ​ពិភាក្សា​ទាំងអស់ ខ្ញុំ​បញ្ជាក់​ហើយ គឺ​ថា យើង​ខ្ញុំ​កត់ត្រា​ទុក​នូវ​សំណូម​ពរ ហើយ​អ្វី​ក៏ដោយ គឺ​ក្នុង​ក្របខ័ណ្ឌ​នៃ​ប្រទេស​ដែល​មាន​អធិបតីភាព ដូច​វៀតណាម គេ​មាន​អធិបតីភាព​របស់​គេ យើង​មាន​អធិបតីភាព​របស់​យើង។ ដូច្នេះ ជា​ផ្លូវ​ច្បាប់ គេ​មិន​អាច​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​វៀតណាម បាន​ទេ»

អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​វៀតណាម ថា កាត់​ទោស​អោយ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ជាប់​ពន្ធនាគារ​ដោយសារ​ព្រះសង្ឃ និង​ពលរដ្ឋ​ទាំង​នោះ​បាន​ទាមទារ​ចង់​អោយ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​បាន​សិក្សា​អក្សរសាស្ត្រ​ជាតិ​ខ្មែរ​របស់​ខ្លួន។

លោក ថាច់ សេដ្ឋា បាន​មាន​ប្រសាសន៍​ថា អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម នឹង​រង់ចាំ​មើល​អន្តរាគមន៍​របស់​រដ្ឋាភិបាល​កម្ពុជា តែ​លោក​ថា ការ​រង់ចាំ​នេះ​ក៏​មិន​អាច​មាន​រយៈពេល​យូរ​ដែរ ព្រោះ​ថា បើ​ទុក​ពេល​អោយ​អូស​បន្លាយ​យូរ ព្រះសង្ឃ និង​ពលរដ្ឋ​ដែល​កំពុង​ជាប់​ពន្ធនាគារ នឹង​ត្រូវ​ទទួល​រង​ការ​ធ្វើ​បាប​ធ្ងន់ធ្ងរ​ថែម​ទៀត។

លោក ថាច់ សេដ្ឋា៖ «យើង​រង់ចាំ​មើល​ថា តើ​អន្តរាគមន៍​រដ្ឋាភិបាល​មាន​កម្រិត​ណា ប្រសិន​ជា​មាន​ការ​ស្ងៀមស្ងាត់ ពុំ​មាន​ការ​ឆ្លើយ​តប​ណា​មួយ យើង​នឹង​រៀប​ចំ​ធ្វើ​បាតុកម្ម​មិន​ខាន ហើយ​អា​ហ្នឹង​ជា​ជម្រើស​ចុង​ក្រោយ។ ប៉ុន្តែ ឥឡូវ​ដែល​ធ្វើ​នេះ ដោយសារ​ថា ចង់​អោយ​មាន​ការ​សម្រប​សម្រួល​ជាមួយ​រដ្ឋាភិបាល មិន​ចង់​អោយ​មាន​បាតុកម្ម​អ៊ីចឹង​ទេ រឿង​ដែល​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង ខ្ញុំ​បាន​ជម្រាប​ព្រឹក​មិញ​ហើយ​ថា មិន​មែន​ជា​ការ​ជ្រៀតជ្រែក​ផ្ទៃ​ក្នុង​ទេ។ រដ្ឋធម្មនុញ្ញ និង​ច្បាប់​សញ្ជាតិ​ខ្មែរ បាន​ចែង​ច្បាស់​ណាស់ រដ្ឋ​គាំពារ​តាម​ផ្លូវ​ទូត​ខ្មែរ​ដែល​នៅ​បរទេស។ យើង​ឃើញ​ថា វា​មិន​មែន​មាន​រឿង​អី​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​នោះ​ទេ ព្រោះ​តាម​រយៈ​ការទូត យើង​មិន​មែន​ប្រើ​កម្លាំង​ទៅ​ប្រឆាំង​ប្រទេស​ជិត​ខាង​ឯណា»

ក្រៅ​ពី​ស្នើសុំ​អោយ​មាន​អន្តរាគមន៍​ដោះ​លែង​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ចេញ​ពី​គុក អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ក៏​បាន​ស្នើ​អោយ​រដ្ឋាភិបាល​វៀតណាម បញ្ឈប់​នូវ​ការ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​ព្រះពុទ្ធ​សាសនា​ខ្មែរ​ក្រោម​តាម​វត្ត​អារាម​នានា បញ្ឈប់​នូវ​ការ​ដាក់​ព្រះពុទ្ធ​សាសនា​ខ្មែរ​នៅ​កម្ពុជា​ក្រោម ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​សមាគម​ព្រះពុទ្ធ​សាសនា​ឯករាជ្យ​វៀតណាម និង​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​គំរាម​កំហែង​គ្រប់​រូបភាព និង​ការ​បិទ​សិទ្ធិ​សេរីភាព​មក​លើ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។