សហគមន៍​ខេត្ត​ត្បូងឃ្មុំ​ធ្វើ​យុទ្ធនាការ​ឲ្យ​តុលាការ​ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្ស​និង​មន្ត្រី​គ.ជ.ប

0:00 / 0:00

ប្រជាពលរដ្ឋ​ជាច្រើន​សហគមន៍​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ នាំ​គ្នា​ធ្វើ​យុទ្ធនាការ​ទាមទារ​ឲ្យ​រាជ​រដ្ឋាភិបាល និង​តុលាការ ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្ស ៤​រូប និង​មន្ត្រី គ.ជ.ប ១​រូប​ដែល​កំពុង​ជាប់​ឃុំ។

យុទ្ធនាការ​នេះ ប្រជា​សហគមន៍​ធ្វើ​ឡើង​ដោយ​អហិង្សា​លើ​ដី​ចម្ការ​របស់​ខ្លួន ដោយ​លើក​បដា​មាន​អត្ថន័យ​ផ្សេងៗ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១០ ឧសភា។ ចំណែក​អភិបាល​រង​ខេត្ត​ត្បូងឃ្មុំ បញ្ជាក់​ថា សកម្មភាព​របស់​ប្រជា​សហគមន៍ គឺ​ជា​រឿង​នយោបាយ ហើយ​អាជ្ញាធរ​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ប្រសិន​បើ​ពួក​គេ​នៅ​តែ​បន្ត​ធ្វើ​បែប​នេះ​ទៀត។

ប្រជា​សហគមន៍​ពីរ​ឃុំ គឺ​ឃុំ​ជាំក្រវៀន និង​ឃុំ​ទន្លូង លើក​ឡើង​ថា ការ​ឃុំ​ខ្លួន​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (ADHOC) និង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ដោយ​តុលាការ គឺ​ជា​រឿង​អយុត្តិធម៌។ បញ្ហា​នេះ ពួក​គេ​នាំ​គ្នា​ប្រមូល​ផ្តុំ​នៅ​តាម​ដី​ចម្ការ​របស់​ខ្លួន​លើក​បដា​ផ្សេងៗ ដើម្បី​ទាមទារ​ឲ្យ​រាជ​រដ្ឋាភិបាល និង​តុលាការ ដោះ​លែង​អ្នក​ទាំង​នោះ​ឲ្យ​មាន​សេរីភាព​ដោយ​គ្មាន​លក្ខខណ្ឌ។

ប្រជា​សហគមន៍​មួយ​រូប​នៅ​ឃុំ​ទន្លូង លោក យ៉ែម គង់ មាន​ប្រសាសន៍​ថា យុទ្ធនាការ​នេះ គឺ​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​ទី​១០ ឧសភា ដោយ​មាន​ពលរដ្ឋ​ចូលរួម​ប្រមាណ ១០០​គ្រួសារ ដើម្បី​ទាមទារ​ឲ្យ​ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្ស និង​មន្ត្រី គ.ជ.ប ផង។ លោក​បន្ត​ថា ពលរដ្ឋ​នាំ​គ្នា​ធ្វើ​ដោយ​ការ​ពេញ​ចិត្ត ព្រោះ​មន្ត្រី​សិទ្ធិ​មនុស្ស​ទាំង​នោះ​ជា​អ្នក​ជួយ​បណ្តុះបណ្តាល​ឲ្យ​ប្រជា​សហគមន៍​យល់​ដឹង​ពី​សិទ្ធិ​មនុស្ស និង​តម្លៃ​នៃ​ជនជាតិ​ដើម​ភាគ​តិច ជាដើម៖ « ជា​សមាគម​ការពារ​សិទ្ធិ​មនុស្ស ការពារ​ពលរដ្ឋ​ស្លូត​ត្រង់ និង​អ្នក​ក្រ។ ខ្ញុំ​សង្ឃឹម​ថា រាជ​រដ្ឋាភិបាល​នឹង​យល់​ពី​ការ​រស់នៅ​របស់​ប្រជា​សហគមន៍​ជនបទ​មួយ​ចំនួន »

ពលរដ្ឋ​មាន​ដើម​កំណើត​ជា​ជនជាតិ​ដើម​ភាគ​តិច​ស្ទៀង រូប​នេះ​បញ្ជាក់​ថា យុទ្ធនាការ​ទាមទារ​ឲ្យ​ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្ស នឹង​ធ្វើ​ជា​បន្តបន្ទាប់ ប្រសិន​បើ​តុលាការ​នៅ​តែ​បន្ត​ឃុំ​ខ្លួន​ពួក​គេ​ទាំង​នោះ​ទៀត។

ស្រដៀង​គ្នា​នេះ ប្រជា​សហគមន៍​មាន​វិវាទ​ដីធ្លី​នៅ​ឃុំ​ជាំក្រវៀន សុំ​មិន​បញ្ចេញ​ឈ្មោះ​លើក​ឡើង​ថា ការ​ឃុំ​ខ្លួន​អ្នក​ទាំង ៥​រូប គឺ​ជា​រឿង​អយុត្តិធម៌ ដ្បិត​ពួក​គេ​មិន​មាន​កំហុស​ឡើយ។ ម្យ៉ាង​ការ​ឃុំ​ខ្លួន​មន្ត្រី​សិទ្ធិ​មនុស្ស គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ទន់​ខ្សោយ​ដូចជា​ពួក​គាត់៖ « ព្រោះ​គាត់​ជាប់​ឃុំ​ឃាំង អ៊ីចឹង​ធ្វើ​ឲ្យ​ខាត​ផល​ប្រយោជន៍​ទី​មួយ​ដល់​ប្រជាពលរដ្ឋ​ដែល​មិន​បាន​យល់​ដឹង បាន​គាត់​ហ្នឹង​ជា​អ្នក​ដឹក​នាំ​ផ្លូវ​ឲ្យ​ពួក​ខ្ញុំ​យល់​ដឹង »

ទីតាំង​ដែល​ប្រជា​សហគមន៍​ជួប​ជុំ​គ្នា​នោះ គឺ​ស្ថិត​នៅ​តំបន់​ទួល​គ្រួស លើ​ដី​ចម្ការ​របស់​ពួក​គាត់​ដែល​ធ្លាប់​បង្កបង្កើនផល​កន្លង​មក ដោយ​ពួក​គាត់​យល់​ថា វា​មិន​បណ្ដាល​ឲ្យ​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ ឬ​កក​ស្ទះ​ចរាចរណ៍​ឡើយ។

មន្ត្រី​សិទ្ធិ​មនុស្ស​សមាគម​អាដហុក ៤​រូប រួម​មាន លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និង​អ្នកស្រី លឹម មុនី្ន ព្រម​ទាំង​មន្ត្រី គ.ជ.ប ១​រូប គឺ​លោក នី ចរិយា ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ កោះ​ហៅ​មក​សាកសួរ​តាំង​ពី​ថ្ងៃ​ទី​២៧ មេសា និង​ឈាន​ដល់​ឃាត់​ខ្លួន​កាល​ពី​យប់​ថ្ងៃ​ទី​២៨ មេសា រួច​បញ្ជូន​មក​តុលាការ​នៅ​ល្ងាច​ថ្ងៃ​ទី​៣០ មេសា ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ ជុំវិញ​ការ​ចោទ​ប្រកាន់​របស់​អ្នក​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ។ រហូត​ដល់​ថ្ងៃ​ទី​២ ឧសភា តុលាការ​សម្រេច​បញ្ជូន​ពួក​គេ​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន ក្រោម​បទ​ចោទ​សូកប៉ាន់​សាក្សី និង​សម​គំនិត​សូកប៉ាន់​សាក្សី។

ទាក់ទង​យុទ្ធនាការ​របស់​ប្រជាពលរដ្ឋ​ពេល​នេះ អភិបាល​រង​ខេត្ត​ត្បូងឃ្មុំ ទទួល​បន្ទុក​ដីធ្លី លោក ហាក់ សុខមករា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១១ ឧសភា ថា សកម្មភាព​ពលរដ្ឋ​ទាំង​នោះ​ជា​រឿង​នយោបាយ។ លោក​ថែម​ទាំង​ព្រមាន​ថា ប្រសិន​បើ​ពលរដ្ឋ​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​ដែល​ខុស​ពី​ច្បាប់ ឬ​គោលការណ៍​របស់​ក្រសួង​មហាផ្ទៃ បែប​នេះ​ទៀត ខាង​អាជ្ញាធរ​ខេត្ត​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់៖ « គាត់​គួរ​ឈរ​លើ​គោល​នយោបាយ​របស់​គាត់​ឲ្យ​បាន​ច្បាស់លាស់ ថា​គាត់​ចង់​បាន​អី ? ឃ្លាន​អី ? រមាស់​កន្លែង​ណា ? មិន​មែន​រមាស់​ខ្នង ហើយ​ឲ្យ​គេ​អេះ​ជើង​ទេ »

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​សម្រប​សម្រួល​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ខេត្ត​កំពង់ចាម លោក ប៊ូ វីរៈ យល់​ថា សកម្មភាព​ទាមទារ​ឲ្យ​ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្ស គឺ​ពុំ​មែន​ជា​រឿង​នយោបាយ​ឡើយ ប៉ុន្តែ​ជា​ការ​បង្ហាញ​ភាព​មិន​ពេញ​ចិត្ត​ទៅ​នឹង​ចំណាត់​ការ​របស់​តុលាការ ដែល​ស្រប​ទៅ​នឹង​រដ្ឋធម្មនុញ្ញ​ប្រទេស​កម្ពុជា ហើយ​ការ​សម្រេច​បែប​ណា​នោះ គឺ​ជា​សិទ្ធិ​របស់​តុលាការ។ លោក​ថា ការ​ទាមទារ ឬ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី គប្បី​អាជ្ញាធរ​ចូលរួម​ការពារ​ទៀត​ផង៖ « ព្រោះ​ថា​ការ​ចាប់​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​អាដហុក នេះ គឺ​ធ្វើ​ឡើង​មើល​ទៅ​ដើម្បី​ឲ្យ​សង្គម​ស៊ីវិល​ហ្នឹង​ខ្លបខ្លាច​ទៅ​វិញ »

លោក ប៊ូ វីរៈ បញ្ជាក់​ថា ប្រសិន​បើ​ការ​បញ្ចេញ​មតិ​ទាមទារ​ដោយ​អហិង្សា​របស់​ប្រជា​សហគមន៍​ត្រូវ​បាន​រារាំង ឬ​ត្រូវ​បាន​អាជ្ញាធរ​បង្ក្រាប​នោះ គឺ​ជា​រឿង​ខុស​ច្បាប់ ហើយ​ជា​ការ​រំលោភ​ទៅ​នឹង​រដ្ឋធម្មនុញ្ញ​ប្រទេស​កម្ពុជា។ ម្យ៉ាង បង្ហាញ​ឲ្យ​ឃើញ​ថា ពន្លក​លទ្ធិប្រជាធិបតេយ្យ​កំពុង​រីក​លូតលាស់ ត្រូវ​រួញ​ស្វិត​ទៅ​វិញ និង​ស្ដែង​ឲ្យ​ឃើញ​ថា សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​ដោយ​ស្រប​ច្បាប់ ត្រូវ​បាន​ធ្លាក់​ចុះ​ថែម​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។