ពួកគេក្រោកឡើងទាមទារសិទ្ធិសេរីភាព ប្រឆាំងការរំលោភបំពាន។ ប៉ុន្តែ សកម្មភាពរបស់ពួកគេ ជាញឹកញយតែងរងការបង្ក្រាបដោយហិង្សាពីសំណាក់ក្រុមកម្លាំងសមត្ថកិច្ចដែលទទួលបន្ទុករក្សាសន្តិសុខសណ្ដាប់ធ្នាប់។
«សំឡេងស្រែកទាមទាររកអន្តរាគមន៍បញ្ឈប់អំពើហិង្សាលើស្ត្រី»
ប្រជាពលរដ្ឋមកពីសហគមន៍មានជម្លោះដីធ្លី ក្រុមអ្នករត់រ៉ឺម៉កទេសចរណ៍ ព្រះសង្ឃ និងតំណាងអង្គការមិនមែនរដ្ឋាភិបាល សរុបប្រមាណជាង ២០០នាក់ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា បានហែក្បួនចេញពីរមណីយដ្ឋានវត្តភ្នំ ទៅតវ៉ានៅខាងមុខក្រសួងកិច្ចការនារី និងអគ្គស្នងការនគរបាលជាតិ។ ពួកគេស្នើស្ថាប័នទាំងនេះ យកចិត្តទុកដាក់បញ្ឈប់អំពើហិង្សាលើស្ត្រីតាមគ្រប់រូបភាព ជាពិសេសអំពើហិង្សារបស់មន្ត្រីដែលជាភ្នាក់ងាររបស់រដ្ឋ។
ពេលហែក្បួនតាមផ្លូវ ពួកគេបានលើកបង្ហាញបដា និងរូបថតជាច្រើន ព្រមទាំងបានទូងស្គរ និងច្រៀង ដែលមានអត្ថន័យបញ្ឈប់អំពើហិង្សាលើស្ត្រីនៅគ្រប់ទីកន្លែង។
«សំឡេង»
តំណាងអ្នកបឹងកក់ អ្នកស្រី ទេព វន្នី មានប្រសាសន៍ថា ក្រុមស្ត្រីមេផ្ទះដែលត្រូវបង្ខំចេញពីលំនៅឋាន និងក្រុមកម្មករ គឺជាជនរងគ្រោះដោយការរំលោភសិទ្ធិ ប៉ុន្តែពុំសូវបានទទួលដំណោះស្រាយឡើយ។ ផ្ទុយទៅវិញ ពួកគេបានរងគ្រោះម្ដងទៀតដោយការបង្ក្រាបដោយហិង្សាពីសំណាក់ក្រុមសមត្ថកិច្ច នៅពេលដែលពួកគេហ៊ានចេញមុខតវ៉ាទាមទារដំណោះស្រាយ ឬទាមទារបញ្ឈប់ការរំលោភបំពានសិទ្ធិពួកគេជាដើម។
អ្នកស្រីអំពាវនាវអោយក្រសួងកិច្ចការនារី និងអគ្គស្នងការនគរបាលជាតិ ត្រូវទទួលខុសត្រូវចំពោះករណីអំពើហិង្សាទៅលើស្ត្រីស្លូតត្រង់។
«សំឡេង»
នៅពេលទៅដល់ខាងមុខការិយាល័យកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា (UNDP) ក្រុមអ្នកតវ៉ាក៏បានស្រែកទាមទារអោយអង្គការសហប្រជាជាតិស្ត្រី ងាកមកយកចិត្តទុកដាក់ចំពោះបញ្ហាអំពើហិង្សាលើស្ត្រីខ្មែរ។
«សំឡេង»
ភ្លាមៗនៅពេលក្រុមអ្នកតវ៉ាបានហែទៅដល់តំណាងក្រសួងកិច្ចការនារី និងតំណាងអគ្គស្នងការនគរបាលជាតិ បានចេញមកទទួលញត្តិដែលជាសំណូមពររបស់អ្នកតវ៉ា ប៉ុន្តែពុំបានផ្ដល់ការសន្យាណាមួយឡើយ។
ប្រធានបច្ចេកទេសការិយាល័យស៊ើបអង្កេតនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា បញ្ហានិទ្ទណ្ឌភាពបានធ្វើអោយអំពើហិង្សាលើស្ត្រី ដែលបង្កដោយសមត្ថកិច្ចកើនឡើង។ បើតាម លោក អំ សំអាត អង្គការរបស់លោកទទួលបានពាក្យបណ្ដឹងចំនួន ៣០ករណីនៃអំពើហិង្សាលើស្ត្រី បន្ថែមលើករណីអំពើហិង្សាក្នុងគ្រួសារដែលមានចំនួនជាង ១០០ករណី។
«សំឡេង»
សេចក្ដីប្រកាសព័ត៌មានរួមនៃអង្គការមិនមែនរដ្ឋាភិបាលចំនួន១២ បានលើកករណីអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធបង្ក្រាបក្រុមអ្នកតវ៉ាដោយឥតរើសមុខ ជាពិសេសការបង្ក្រាបលើស្ត្រី។ ក្នុងនោះមានជាអាទិ៍ ករណី អ្នកស្រី យ៉ោម បុប្ផា សកម្មជនដីធ្លីសហគមន៍បឹងកក់ ដែលត្រូវគេចាប់ដាក់គុកដោយអយុត្តិធម៌ ដោយសារការទាមទារសិទ្ធិដីធ្លី។ ការបាញ់សម្លាប់ស្ត្រីដែលគ្មានកំហុសនៅស្ទឹងមានជ័យ កន្លងមក ក្នុងការបង្ក្រាបរបស់អាជ្ញាធរលើក្រុមបាតុកររោងចក្រ និងករណីអតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត បាញ់រះលើក្រុមបាតុករនៅខេត្តស្វាយរៀង ហើយមិនត្រូវបានចាប់ខ្លួនមកផ្ដន្ទាទោសជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
