មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ចាត់ទុកវិធានការតុលាការចំពោះប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU) លោក អាត់ ធន់ ថា ជាវិធានការដែលតឹងតែងពេក និងរឹតត្បិតសិទ្ធិសហជីព។
សេចក្ដីថ្លែងការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលចេញនៅថ្ងៃទី២៤ ខែមេសា បានជំរុញអោយតុលាការចាត់វិធានការប្រកបដោយយុត្តិធម៌ តម្លាភាព និងមិនត្រូវកំណត់មុខសញ្ញាចំពោះលោក អាត់ ធន់ ដោយសារតែសកម្មភាពសហជីពឡើយ។
សេចក្ដីបារម្ភរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កើតឡើងបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់អោយលោក អាត់ ធន់ ត្រូវនៅអោយឆ្ងាយពីរោងចក្រ អែស.អិល (SL) និងកម្មករ ព្រមទាំងជៀសវាងការប្រជុំជាសាធារណៈ ដែលអាចប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ឬប្រឈមនឹងការឃុំខ្លួនបណ្ដោះអាសន្ន។
កាលពីខែមីនា លោក អាត់ ធន់ ត្រូវចោទប្រកាន់ពីបទញុះញង់អោយប្រព្រឹត្តអំពើហិង្សានៅក្នុងការតវ៉ារបស់កម្មករនៃរោងចក្រ អែស.អិល កាលពីខែវិច្ឆិកា ឆ្នាំ២០១៣ ហើយថ្មីៗនេះលោកត្រូវតុលាការបង្គាប់អោយបង់ប្រាក់ធានាចំនួន ២.៥០០ដុល្លារ ឬអាចប្រឈមនឹងការឃុំខ្លួនបណ្ដោះអាសន្ន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
