រដ្ឋាភិបាលដែលដឹកនាំដោយបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី៤ មករា បានប្រកាសហាមប្រមូលផ្ដុំគ្នានៅទីសាធារណៈ ហាមធ្វើបាតុកម្ម និងហែក្បួនបាតុកម្មដែលប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ។
ក៏ប៉ុន្តែ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរិះគន់ថា ចាប់តាំងពីថ្ងៃដែលរដ្ឋាភិបាលដាក់បទបញ្ញានោះមក សកម្មជននានា និងសកម្មជនសិទ្ធិមនុស្សជាច្រើន ដែលធ្វើការតវ៉ានៅទីសាធារណៈដោយសន្តិវិធី ត្រូវចាប់ឃុំខ្លួនជាបន្តបន្ទាប់។
សេចក្ដីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ធ្វើឡើងចំពេលអាជ្ញាធររាជធានីភ្នំពេញ ចាប់ លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ កញ្ញា ឡុង គឹមហ៊ាង មន្ត្រីក្រុមការងារពិសេសសិទ្ធិលំនៅឋាន អ្នកស្រី ទេព វន្នី តំណាងសហគមន៍បឹងកក់ និងអ្នកសហគមន៍មួយចំនួនទៀត ឃុំខ្លួនអស់មួយព្រឹកនៅថ្ងៃទី២១ មករា ដោយមិនមានមូលហេតុច្បាស់លាស់ បន្ទាប់ពីអាជ្ញាធរចាប់ឃុំខ្លួន លោក សុខ ឈុនអឿង ប្រធានស្ដីទីសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ អស់មួយយប់ កាលពីថ្ងៃទី២០ មករា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
