មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានៅថ្ងៃទី១៤ សីហា បានចេញសេចក្ដីថ្លែងការណ៍បញ្ជាក់ជុំវិញសញ្ញានៃការបណ្ដេញចេញដោយបង្ខំដែលបានកើតឡើងជាថ្មីភ្លាមៗ បន្ទាប់ពីការបោះឆ្នោតជាតិ និងដំណោះស្រាយវិវាទដីធ្លីដែលបានសន្យាដោយគណបក្សនានា ក្នុងអំឡុងយុទ្ធនាការឃោសនាមុនការបោះឆ្នោតនៅពេលដែលរដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា មិនលើសពី ៥ថ្ងៃផងបន្ទាប់ពីការបោះឆ្នោតជាតិ មានរបាយការណ៍មួយចំនួនពីខេត្តបន្ទាយមានជ័យ ទាក់ទងនឹងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងដំណាំរបស់កសិករម្នាក់ដែលដីរបស់គាត់កាន់កាប់ ពាក់ព័ន្ធនឹងកន្លែងធ្វើមូលដ្ឋានយោធា។
របាយការណ៍ពីខេត្តកោះកុង ពាក់ព័ន្ធនឹងអាជ្ញាធរមូលដ្ឋានមានគម្រោងបណ្ដេញអ្នកភូមិមួយចំនួនដោយបង្ខំពីផ្ទះរបស់ពួកគាត់។ ក្នុងលិខិតជូនដំណឹងរបស់អាជ្ញាធរដល់អ្នកភូមិបញ្ជាក់ថា អ្នកភូមិដែលពាក់ព័ន្ធទាំងនោះ នឹងត្រូវប្រឈមមុខនឹងការឈូសឆាយពីសំណាក់ក្រុមហ៊ុន បើសិនពួកគេខកខានមិនបានរុះរើផ្ទះសម្បែង និងទ្រព្យសម្បត្តិឲ្យទាន់នៅថ្ងៃទី២០ សីហា ឆ្នាំ២០១៣។
របាយការណ៍ពីខេត្តព្រះវិហារ ពាក់ព័ន្ធនឹងប្រជាពលរដ្ឋ ៤០គ្រួសារដែលបានរងការប្រមាថថានឹងបណ្ដេញពួកគាត់ចេញពីភូមិ និងដកកម្មសិទ្ធិពីពួកគាត់មកវិញ ជាទណ្ឌកម្មដែលពួកគាត់បានបោះឆ្នោតឲ្យគណបក្សប្រឆាំង និងរបាយការណ៍ពីរាជធានីភ្នំពេញ ជុំវិញក្រុមសន្តិសុខរបស់ក្រុមហ៊ុន ឃុន សៀ អ៊ីមផត អិចផត បានវាយកម្ទេចសម្ភារៈរបស់ស្រីអ្នកលក់បាយម្នាក់ ដោយសារតែបានបដិសេធទទួលយកសំណង ១៥.០០០ដុល្លារពីក្រុមហ៊ុនដើម្បីគ្រួសាររបស់គាត់ចាកចេញពីផ្ទះនិងដី។
មន្ត្រីសម្របសម្រួលកម្មវិធីកំណែទម្រង់ដីធ្លីនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត មានប្រសាសន៍ថា គណៈកម្មការដោះស្រាយវិវាទដីធ្លីដែលរដ្ឋាភិបាលបានបង្កើតឡើងមិនសូវមានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាវិវាទដីធ្លីនៅឡើយទេ ដោយសារតែពួកគេរុញបន្ទុកដោះស្រាយបញ្ហាឲ្យគ្នាទៅវិញទៅមក។
លោក វណ្ណ សុផាត៖ «បើសិនជាមានពាក្យបណ្ដឹងពីប្រជាពលរដ្ឋរវាងក្រុមហ៊ុន ឫអ្នកមានអំណាច រដ្ឋអីហ្នឹង ពេលណាដែលដាក់ទៅគណៈកម្មការសុរិយោដី ត្រឹមឃុំ ត្រឹមស្រុកហ្នឹង ភាគច្រើនគាត់និយាយថា ហួសពីសមត្ថភាពរបស់គាត់ ហើយគាត់បញ្ជូនមកថ្នាក់ខេត្ត។ ថ្នាក់ខេត្តក៏អ៊ីចឹងដែរ នៅពេលដែលមានការតវ៉ា ឫមួយមានការសួរនាំអីអ៊ីចឹងទៅគាត់ថា ហួសសមត្ថភាពរបស់គាត់ ក៏រុញមកថ្នាក់ជាតិ។ ដល់តែរុញមកថ្នាក់ជាតិ ប្រជាពលរដ្ឋគាត់តាមមកដល់ថ្នាក់ជាតិទៀត។ ដល់អ៊ីចឹងទៅ ថា គេហ្នឹងធ្វើលិខិតបញ្ជូនទៅថ្នាក់ខេត្តវិញហើយ។ បើតាមខ្ញុំសង្កេតឃើញមកភាគច្រើន គឺការរុញដាក់គ្នាទៅវិញទៅមក»។
វិទ្យុអាស៊ីសេរី មិនអាចទំនាក់ទំនងសុំការអធិប្បាយពីមន្ត្រីគណៈកម្មការដោះស្រាយវិវាទដីធ្លីថ្នាក់ជាតិបានទេ នៅរសៀលថ្ងៃទី១៤ ខែសីហា នេះ។
សេចក្ដីថ្លែងការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក៏បានអំពាវដល់រដ្ឋាភិបាលបច្ចុប្បន្នចាត់វិធានការទប់ស្កាត់ការរំលោភទាំងអស់នោះទៅលើសិទ្ធិរបស់ពលរដ្ឋ និងត្រូវយកចិត្តដាក់នឹងការរក្សាសន្តិភាព ព្រមទាំងគោរពការសន្យាទាំងឡាយនៅមុនការបោះឆ្នោត ថានឹងធ្វើឲ្យមានភាពប្រសើរឡើងនូវស្ថានភាពសិទ្ធិមានដីធ្លីនៅក្នុងប្រទេសកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
