មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នឹងដាក់បញ្ចាំង វីដេអូឯកសារមួយបង្ហាញពីស្ថានភាពរំលោភសិទ្ធិមនុស្ស និងបញ្ហាដីធ្លីដ៏ចម្រូងចម្រាសនៅកម្ពុជា។ វីដេអូឯកសារថ្មីនេះត្រូវសកម្មជនការពារសិទ្ធិដីធ្លីចាត់ទុកជាកញ្ចក់ឆ្លុះបញ្ចាំងពីស្ថានភាពពិត។
វីដេអូឯកសារក្រោមចំណងជើងថា "សិទ្ធិអ្នកដទៃ" ដែលផលិតដោយអង្គការពិភពលោក ប្រឆាំងនឹងការធ្វើទារុណកម្ម នឹងត្រូវបញ្ចាំងនៅមជ្ឈមណ្ឌលវប្បធម៌អាល្លឺម៉ង់-កម្ពុជា ឬផ្ទះមេត្តា (Meta House) នៅថ្ងៃទី៨ ខែកុម្ភៈ ចាប់ពីម៉ោង៧ ដល់ ៨កន្លះយប់។
អ្នកសម្របសម្រួលគម្រោងការពារសេរីភាពមូលដ្ឋាននៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កញ្ញា ឆាយ ឈុនលី បង្ហាញពីគោលបំណងនៃការបញ្ចាំងវីដេអូឯកសារនេះ៖ «វីដេអូនេះគឺចង់ឲ្យសាធារណជនទូទៅគាត់ដឹងពីការប្រឈមរបស់អ្នកធ្វើការផ្នែកសិទ្ធិមនុស្ស និងសកម្មជនដីធ្លី ថាតើគាត់ប្រឈមបញ្ហាអ្វីខ្លះ?»។
កញ្ញា ឆាយ ឈុនលី ឲ្យដឹងថា វីដេអូឯកសារនេះនឹងគ្រោងដាក់បញ្ចាំងតាមសហគមន៍ដែលជួបប្រទះបញ្ហាដីធ្លីក្នុងក្រុងភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន។ គម្រោងបញ្ចាំងវីដេអូឯកសារ អង្គការពិភពលោកប្រឆាំងនឹងការធ្វើទារុណកម្មនេះ គឺស្របពេលដែលសកម្មជនដីធ្លីជាច្រើននាក់កំពុងជាប់ឃុំក្នុងពន្ធនាគារដោយសារការពារដី។ ករណីថ្មីជាងគេចំពោះការឃុំខ្លួនសកម្មជនដីធ្លី គឺការផ្ទន្ទាទោសស្រ្តីជាសកម្មជនដីធ្លី ១០នាក់ និងព្រះសង្ឃ ១អង្គ ឃុំក្នុងពន្ធនាគារព្រៃស។
សកម្មជនដីធ្លីនៅតំបន់បឹងកក់ លោក ចាន់ ពុទ្ធិស័ក្ដ យល់ថា វីដេអូឯកសារនេះអាចជាកញ្ចក់មួយដើម្បីបង្ហាញដល់អ្នកទស្សនាជាតិ និងអន្តរជាតិ ពីបញ្ហាដែលកើតឡើងពិតប្រាកដក្នុងសង្គមអយុត្តិធម៌មួយនេះ៖ «ជាចលនាមួយបង្ហាញមុខបង្ហាញមាត់ទៅអន្តរជាតិ ហើយក៏ជាសញ្ញាមួយបញ្ជាក់ដល់អាជ្ញាធរ ថៅកែក្រុមហ៊ុនទាំងអស់ មិនត្រឹមកាត់បន្ថយ គឺឲ្យបញ្ឈប់រាល់ការឈ្លានពានសិទ្ធិមនុស្ស ទាំងសិទ្ធិដីធ្លី ឬក៏បណ្ដេញប្រជាពលរដ្ឋពីមូលដ្ឋានតទៅទៀត»។
ក្នុងចំណោមស្រ្តីជាសកម្មជនទាំង ១១នាក់នោះ តុលាការបានចោទប្រកាន់ស្ត្រីសកម្មជនដីធ្លី ៧នាក់ ដាក់ពន្ធនាគារចន្លោះពី ៦ខែ ទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ ១,៥លានរៀល ក្រោមបទចោទថា ធ្វើឲ្យស្ទះចរាចរណ៍សាធារណៈ បន្ទាប់ពីពួកគាត់ស្វែងរកដំណោះស្រាយរឿងទឹកលិចផ្ទះនៅបឹងកក់ មុខសាលារាជធានីភ្នំពេញ។ ចំណែកស្ត្រីបីនាក់ទៀត និងព្រះសង្ឃមួយអង្គដែលតវ៉ារឿងដីធ្លីនៅមុខសាលាដំបូងរាជធានីភ្នំពេញ ត្រូវតុលាការចោទពីបទប្រឆាំងនឹងមន្ត្រីរាជការសាធារណៈដោយផ្ដន្ទាទោសដាក់ពន្ធនាគារ ១០ខែ និងពិន័យជាប្រាក់ ១,៥លានរៀល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
