មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ចេញ​របាយការណ៍​ពី​ការ​លំបាក​សួរ​សុខ​ទុក្ខ​អ្នក​ជាប់​ពន្ធនាគារ

0:00 / 0:00

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​បញ្ចេញ​របាយការណ៍​អំពី​​​​ផល​លំបាក​​​​នានា ចំពោះ​​ការ​សួរ​សុខ​ទុក្ខ​អ្នក​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​កម្ពុជា។ ផល​លំបាក​ទាំង​នោះ​​ ដោយ​រាប់​តាំង​ពី​ការ​ដាក់​លិខិត​ ការ​ឆ្លើយ​តប និង​រយៈ​ពេល​ការ​ជួប​​សួរ​សុខ​ទុក្ខ​អ្នក​ជាប់​ឃុំ​ជា​ដើម។ ប៉ុន្តែ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​អះអាង​​ថា ការ​សុខ​ទុក្ខ​អ្នក​ជាប់​ឃុំ ត្រូវ​​​​ធ្វើ​ឡើង​ស្រប​តាម​បែប​បទ​រដ្ឋបាល​​របស់​ពន្ធនាគារ។

កម្រង​ឯកសារ​សិក្សា​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ស្ដី​ពី​ការ​សួរ​សុខ​ទុក្ខ​​អ្នក​ជាប់​ពន្ធនាគារ ​បាន​បង្ហាញ​ថា អ្នក​គ្រប់គ្រង​ពន្ធនាគារ​​កម្ពុជា បាន​បង្ក​ការ​លំបាក​ចំពោះ​អង្គការ​សង្គម​ស៊ីវិល​នានា​ នៅ​ពេល​ដែល​ពួក​គាត់​ស្នើ​សុំ​ទៅ​សួរ​សុខ​ទុក្ខ​អ្នក​ជាប់​ឃុំ​​ទាំង​នោះ។

របាយការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៩​​ មីនា​​ បាន​គូស​បញ្ជាក់​ថា​ ការ​រឹត​បន្តឹង​បែប​ការិយាធិបតេយ្យ​ បាន​រាំង​ស្ទះ​ដល់​ការ​ចុះ​ពិនិត្យ​មើល​របស់​មន្ត្រី​សិទ្ធិមនុស្ស​នៅ​ពន្ធនាគារ​ ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តួនាទី​ជា​វិជ្ជមាន​ក្នុង​កិច្ច​ខិត​ខំ​ប្រឹងប្រែង​​របស់​អង្គការ​សង្គម​ស៊ីវិល ​ដើម្បី​បង្កើត​កិច្ច​ការពារ​ដល់​អ្នក​ជាប់​ឃុំ​ និង​ពង្រឹង​តម្លាភាព​នៅ​ក្នុង​ពន្ធនាគារ។

មន្ត្រី​សម្រប​សម្រួល​គម្រោង​ការពារ​សេរីភាព​មូលដ្ឋាន​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា កញ្ញា ឆាយ ឈុនលី បាន​អះអាង​ថា ការ​ឆ្លើយ​តប​របស់​​​​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ចំពោះ​ការ​ស្នើ​សុំ​ ឬ​ការ​ដាក់​លិខិត​របស់​​អង្គការ​សិទ្ធិ​មនុស្ស​មាន​រយៈ​ពេល​យូរ​ពេក ​ជា​ពិសេស​ជាប់​ឃុំ​ដែល​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​​ និង​រឿង​សិទ្ធិមនុស្ស។ កញ្ញា​ ឆាយ ឈុនលី បាន​បញ្ជាក់​ទៀត​ថា សកម្មភាព​របស់​​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​ធ្វើ​ឡើង​ស្រប​ទៅ​តាម​ច្បាប់​ដែល​បាន​កំណត់៖ «»។

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ លោក គុយ ប៊ុនសន មាន​ប្រសាសន៍​ថា​ ពន្ធនាគារ​កម្ពុជា មិន​មាន​បញ្ហា​ស្មុគស្មាញ​ដែល​​បាន​បង្ក​ផល​លំបាក​ចំពោះ​ការ​សួរ​សុខ​ទុក្ខ​​អ្នក​ជាប់​ឃុំ​នោះ​ទេ ប៉ុន្តែ​អ្នក​ដែល​មក​​សួរ​សុខ​ទុក្ខ​ត្រូវ​បំពេញ​ស្រប​ទៅ​តាម​បែបបទ​រដ្ឋបាល៖ «»។

​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​គូស​បញ្ជាក់​នៅ​ក្នុង​របាយការណ៍​ករណី​សិក្សា​នោះ​ថា នៅ​ពេល​ដែល​ប្រទេស​កម្ពុជា ពុំ​ទាន់​មាន​វិទ្យាស្ថាន​​សិទ្ធិមនុស្ស នោះ​តួនាទី​របស់​អង្គការ​សង្គម​ស៊ីវិល មាន​តួនាទី​សំខាន់​ ​ក្នុង​ការ​ធានា​ឲ្យ​​អ្នក​ជាប់ឃុំ​ទាំង​អស់​មាន​សិទ្ធិ​សេរីភាព​គ្រប់គ្រាន់ និង​មិន​មាន​ការ​រំលោភ​បំពាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។