មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​អំពាវនាវ​ជា​ថ្មី​ឲ្យ​ដោះលែង​លោក ម៉ម សូណង់ដូ

សាលា​ឧទ្ធរណ៍​គ្រោង​នឹង​ប្រកាស​សាល​ដីកា​លើ​សំណុំ​រឿង​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ លោក ម៉ម សូណង់ដូ នៅ​ថ្ងៃ​ទី១៤ ខែ​មីនា ខាង​មុខ។ មន្ត្រី​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ឃ្លាំ​មើល​សវនាការ​សំណុំ​រឿង​នេះ​នៅ​សាលា​ឧទ្ធរណ៍ បាន​លើក​ឡើង​ពី​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន​នៃ​សវនាការ​សាលា​ឧទ្ធរណ៍ និង​នៅ​តែ​អះអាង​ថា ពុំ​មាន​ភស្តុតាង​បញ្ជាក់​ថា លោក ម៉ម សូណង់ដូ មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។

0:00 / 0:00

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អំពាវនាវ​ជា​ថ្មី​ទៀត​ឲ្យ​ដោះ​លែង​លោក ម៉ម សូណង់ដូ ជា​បន្ទាន់ ដោយ​សំអាង​ថា ពុំ​មាន​ភស្តុតាង​ណា​មួយ​ដែល​អាច​ភ្ជាប់​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ​រូប​នេះ ទៅ​នឹង​ព្រឹត្តិការណ៍​នៅ​ភូមិ​ប្រម៉ា ខេត្ត​ក្រចេះ ឡើយ។

សេចក្ដី​អំពាវនាវ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ធ្វើ​ឡើង​តាម​រយៈ​សេចក្ដី​ថ្លែងការណ៍​ដែល​ចេញ​នៅ​ថ្ងៃ​ទី១២ ខែ​មីនា គឺ​២​ថ្ងៃ​នៅ​មុន​ពេល​សាលា​ឧទ្ធរណ៍​គ្រោង​ប្រកាស​សាល​ដីកា​លើ​នាយក​វិទ្យុ​សំបុក​ឃ្មុំ​រូប​នេះ។

សេចក្តី​ថ្លែងការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ស្តី​ពី​ការ​អង្កេត​ដំណើរ​ការ​សវនាការ​រយៈពេល​ពីរ​ថ្ងៃ​នៅ​សាលា​ឧទ្ធរណ៍ លើ​លោក ម៉ម សូណង់ដូ បាន​លើក​ឡើង​ថា ព្រះរាជ​អាជ្ញា​ទម្លាក់​បទ​ចោទ​ជា​ប្រភេទ​បទល្មើស​ឧក្រិដ្ឋ ដោយ​ប្ដូរ​មក​ជា​បទ​ចោទ​ថ្នាក់​មជ្ឈិម​វិញ គឺ​ជា​សញ្ញា​វិជ្ជមាន​សម្រាប់​រឿង​ក្ដី​នេះ។ ប៉ុន្តែ ការ​ចោទ​ប្រកាន់​ពី​បទល្មើស​ថ្មី​លើ​លោក ម៉ម សូណង់ដូ គឺ​ពុំ​ត្រឹមត្រូវ ដោយ​ពុំ​បាន​ផ្ដល់​ឱកាស​អោយ​មាន​ការ​ការពារ​ខ្លួន ម្យ៉ាង​ទៀត​សាលា​ឧទ្ធរណ៍​បាន​ខកខាន​ក្នុង​ការ​កោះ​ហៅ​សាក្សី ៧​នាក់ ដែល​ជា​សហ​ជន​ជាប់​ចោទ​ជាមួយ​លោក ម៉ម សូណង់ដូ។

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា នៅ​ពេល​ដែល​ព្រះរាជ​អាជ្ញា​ចាត់​ទុក​ការ​ចោទ​ប្រកាន់​នៅ​សាលា​ដំបូង​មិន​ត្រឹមត្រូវ សាលា​ឧទ្ធរណ៍​គួរ​ទម្លាក់​បទ​ចោទ​ទាំងអស់​លើ​លោក ម៉ម សូណង់ដូ និង​មិន​គួរ​ដាក់​ទោស​លោក​ទៅ​តាម​បទ​ចោទ​ថ្មី​ណា​មួយ​ឡើយ។

កាល​ពី​ថ្ងៃ​ទី៦ ខែ​មីនា ព្រះរាជ​អាជ្ញា​អម​សាលា​ឧទ្ធរណ៍ លោក ហ៊ាន រិទ្ធិ បាន​សម្រេច​ផ្លាស់​ប្ដូរ​បទ​ចោទ​លើ​លោក ម៉ម សូណង់ដូ ក្នុង​នោះ​លោក​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​មេ​គំនិត​អោយ​មាន​បទល្មើស​ព្រៃ​ឈើ តាម​មាត្រា​៩៧ ចំណុច​ទី៦ នៃ​ច្បាប់​ព្រៃ​ឈើ និង​ជ្រៀត​ជ្រែក​មុខងារ​រាជការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់​ទោស តាម​មាត្រា​៦០៩ និង​៥០៤ នៃ​ក្រម​ព្រហ្មទណ្ឌ។

នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ម៉ម សូណង់ដូ ត្រូវ​ចោទ​ពី​បទ​ផ្ដើម​គំនិត​ញុះញង់​អោយ​ប្រជាពលរដ្ឋ​កាន់​អាវុធ​ប្រឆាំង​រាជការ កុបកម្ម ជ្រៀត​ជ្រែក​កិច្ចការ​សាធារណៈ តាម​មាត្រា​២៨ ៤៥៦ ៤៥៧ និង​៤៦៤ នៃ​ក្រម​ព្រហ្មទណ្ឌ ពាក់ព័ន្ធ​នឹង​ការ​បង្កើត​ចលនា​តំបន់​អបគមន៍​ក្នុង​ភូមិ​ប្រម៉ា ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។ តាម​រយៈ​បទ​ចោទ​ទាំង​នេះ លោក​ត្រូវ​កាត់​អោយ​មាន​ទោស ២០​ឆ្នាំ និង​ពិន័យ​ប្រាក់ ១០​លាន​រៀល។

សហ​មេធាវី​ការពារ​ក្ដី​អោយ​លោក ម៉ម សូណង់ដូ គឺ​លោក សម សុខគង់ មាន​ប្រសាសន៍​ថា ប្រសិន​បើ​ចៅក្រម​ផ្ដន្ទាទោស​កូន​ក្ដី​របស់​លោក​ទៅ​តាម​បទ​ចោទ​ថ្មី​ណា​មួយ គឺ​ជា​ការ​សម្រេច​ដែល​មិន​អាច​ទទួល​យក​បាន។

សេចក្ដី​ថ្លែងការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ក៏​បាន​សាទរ​ចំពោះ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​សាលា​ឧទ្ធរណ៍ ដែល​បាន​ទទួល​យក​ទៅ​ពិចារណា​នូវ​ឯកសារ​វិភាគ​ផ្លូវ​ច្បាប់ ដែល​បាន​ស្នើ​ឡើង​ដោយ​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​នេះ។ ឯកសារ​នោះ បាន​លើក​ឡើង​ពី​បទ​ពិសោធន៍​នៃ​ការ​អនុវត្ត​ច្បាប់​នៅ​តាម​បណ្ដា​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក ពាក់ព័ន្ធ​នឹង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​ការ​ចោទ​ប្រកាន់​អ្នក​សារព័ត៌មាន ដូច​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ លោក ម៉ម សូណង់ដូ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។