អង្គការទាំងនោះក៏បានអំពាវនាវសុំឲ្យកម្លាំងសមត្ថកិច្ចរដ្ឋាភិបាលបញ្ឈប់ជាបន្ទាន់នូវសកម្មភាពហិង្សាដោយប្រើអាវុធជាតិផ្ទុះជាមធ្យោបាយបង្ក្រាបលើក្រុមបាតុករ និងសុំឲ្យមានការទទួលខុសត្រូវក្នុងរឿងនេះ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានបញ្ចេញរបាយការណ៍សិក្សាស្រាវជ្រាវមួយស្ដីពីការបង្ក្រាបហួសហេតុលើបាតុកម្មរបស់ក្រុមកម្មករ។
របាយការណ៍បានបង្ហាញពីទិដ្ឋភាពរួមថា ការប៉ុនប៉ងបង្ក្រាបដោយហិង្សាពីសំណាក់អាជ្ញាធរកាលពីពេលថ្មីៗនេះ ក្នុងការបំបែកបាតុកម្មរបស់ក្រុមកម្មករនោះជាគំរូមួយទៀត ដែលបង្ហាញឲ្យឃើញពីការមិនគោរពសិទ្ធិសេរីភាពនៃបញ្ចេញមតិ និងការជួបជុំគ្នាដោយសន្តិវិធី។
មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក ឌុច ពិសិដ្ឋ បានពន្យល់ថា របាយការណ៍នេះចង់បង្ហាញពីទិដ្ឋភាពដែលអាជ្ញាធរបង្ក្រាបការដង្ហែក្បួនបាតុកម្មរបស់ក្រុមកម្មកររោងចក្រកាត់ដេរ អែស.អិល (SL) ដោយហិង្សានៅមុខវត្តស្ទឹងមានជ័យ កាលពីថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០១៣។ ក្នុងយុទ្ធនាការបង្ក្រាបនោះ បណ្តាលឲ្យមានការប៉ះទង្គិចគ្នាដោយហិង្សារហូតធ្វើឲ្យស្ត្រីលក់បាយនៅក្បែរនោះម្នាក់ស្លាប់ និងមានអ្នករងបួសធ្ងន់ ព្រមទាំងមានចាប់ព្រះសង្ឃ និងពលរដ្ឋភ្លាមៗ ជាច្រើននាក់ថែមទៀត។
លោក ឌុច ពិសិដ្ឋ៖ «ដោយសារតែយើងឃើញមានប៉ះទង្គិចគ្នាយ៉ាងហិង្សា ដូច្នេះបានយើងសូមធ្វើការថ្កោលទោសទៅលើការប្រព្រឹត្តអំពើហិង្សា មិនថាការប្រព្រឹត្តអំពើហិង្សាពីកម្មករទេ សូម្បីពីអាជ្ញាធរក៏យើងថ្កោលទោសដែរ។ បានន័យថា យើងអត់ចង់ឲ្យមានការធ្វើបាតុកម្មណាមួយ ឬក៏ការទាមទារណាមួយដោយប្រើអំពើហិង្សាទេ គឺសូមឲ្យប្រើដោយសន្តិវិធី អ៊ីចឹងបានន័យថា កម្មករគាត់អាចប្រើប្រាស់សេរីភាពក្នុងការបញ្ចេញមតិ ឬក៏ទាមទារអ្វីផលប្រយោជន៍ផ្សេងៗ ទៅតាមផ្លូវច្បាប់ហ្នឹង គឺដោយអហិង្សា។ ចំណែកខាងអាជ្ញាធរត្រូវតែរិះរកវិធានការ ឬក៏ចាត់នីតិវិធីយ៉ាងម៉េចដើម្បីឲ្យការបញ្ចេញមតិ ឬបាតុកម្មហ្នឹងប្រព្រឹត្តទៅដោយសន្តិវិធី ហើយមិនត្រូវមានការប្រើប្រាស់កម្លាំង ឬក៏អាវុធរហូតប៉ះពាល់ដល់អាយុជីវិតបាតុករ»។
ឆ្លើយតបនឹងរបាយការណ៍នឹងការលើកឡើងរបស់មន្ត្រីសិទ្ធិមនុស្ស លោក ផៃ ស៊ីផាន មានប្រសាសន៍ថា អ្វីដែលក្រុមសិទ្ធិមនុស្សបានលើកឡើងមកនេះ គ្រាន់តែជាជ្រុងមួយដោយមិនទាន់បានឆ្លុះបញ្ចាំងគ្រប់ជ្រុងជ្រោយនៃលទ្ធិប្រជាធិបតេយ្យ និងការទទួលខុសត្រូវរបស់អាជ្ញាធរឡើយ។ លោកបន្តថា ទាំងអស់គ្នាត្រូវស្ថិតនៅក្នុងច្បាប់ ចំណែកការប៉ះទង្គិចគ្នាតែងតែលេចចេញពីការមិនសហការជាមួយអាជ្ញាធរដែលជាអ្នកអនុវត្តច្បាប់។
ទាក់ទងនឹងការបង្ក្រាបបាតុកម្មវិញ លោក ផៃ ស៊ីផាន អះអាងថា កងកម្លាំងសមត្ថកិច្ចរដ្ឋាភិបាលអត់ដែលមានរៀបចំការបង្ក្រាបបាតុករដោយប្រើប្រាស់អាវុធបាញ់ដោយគ្រាប់ពិត ដើម្បីប្រឆាំងនឹងបាតុកម្មនោះទេ៖ «ប៉ុន្តែទោះជាយ៉ាងណាអាជ្ញាធរត្រូវតែមានសម្ភារៈ ដើម្បីការពារជីវិតរបស់អ្នកចុះប្រតិបត្តិការ។ ទីមួយផ្ដល់សេវាកម្មដល់អ្នកបាតុកម្ម ទីពីរ អ្នកធ្វើបាតុកម្មត្រូវស្ថិតក្នុងរង្វង់ច្បាប់ សណ្តាប់ធ្នាប់ និងគោរពអាជ្ញារបស់រដ្ឋ។ នៅពេលបាតុកម្មក្លាយទៅជាបាតុកម្មហិង្សា អាហ្នឹងវាឈប់នៅក្នុងសិទ្ធិធ្វើបាតុកម្មហើយ វាក្លាយទៅជាកុបកម្ម ឬទៅជារូបភាពអ្វីផ្សេងទៀត ដែលអាជ្ញាធរមានសិទ្ធិទប់ស្កាត់ ការពារជីវិតអ្នកប្រតិបត្តិការដើម្បីឆ្លើយតបនឹងសេវាកម្មបាតុកម្មហ្នឹងឯងនៅក្នុងច្បាប់ ជាពិសេសនៅក្នុងច្បាប់ព្រហ្មទណ្ឌបានចែងច្បាស់ណាស់»។
យ៉ាងណាក្តីអ្នកដែលស្ថិតនៅក្នុងព្រឹត្តិការណ៍សមត្ថកិច្ចបង្ក្រាបបាតុកម្មនោះផ្ទាល់ ភាគច្រើនបានអះអាងថា អ្នកស្លាប់ និងអ្នករងរបួសទាំងនោះ គឺបានត្រូវគ្រាប់កាំភ្លើង និងខែល ដំបងឆក់របស់សមត្ថកិច្ច។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក៏បានរំលឹកដល់រដ្ឋាភិបាលថា គ្មាននរណាម្នាក់ត្រូវបានបដិសេធតាមអំពើចិត្តចំពោះសិទ្ធិរស់រានមានជីវិតរបស់ខ្លួន ឬត្រូវទទួលរងនូវការដាក់ទណ្ឌកម្មដែលពុំមានមាត្រានោះទេ។ បន្ថែមលើនេះទៀត រដ្ឋាភិបាលមានភារកិច្ចក្នុងការធានាថា សេរីភាពបញ្ចេញមតិ និងការជួបជុំដោយសន្តិវិធីត្រូវបានគោរពដោយពេញ និងត្រូវធានាថា កងកម្លាំងសន្តិសុខត្រូវគោរពឲ្យបានខ្ជាប់ខ្ជួនចំពោះគោលការណ៍ជាមូលដ្ឋាន ស្ដីពីការប្រើប្រាស់កងកម្លាំង និងអាវុធដោយមន្ត្រីអនុវត្តច្បាប់របស់អង្គការសហប្រជាជាតិ និងក្រមសីលធម៌របស់មន្ត្រីអនុវត្តច្បាប់។
របាយការណ៍មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានេះ បានផ្ញើទៅគ្រប់ស្ថាប័នក្នុងរដ្ឋាភិបាលដែលពាក់ព័ន្ធ ដើម្បីសុំឲ្យពួកគាត់គិតពិចារណាឡើងវិញចំពោះទិដ្ឋភាពនេះ និងបញ្ចៀសកុំឲ្យមានអំពើហិង្សា ការប្រើប្រាស់អាវុធបង្ក្រាប និងត្រូវដោះស្រាយដោយសន្តិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។