របាយការណ៍អង្កេតនោះបានលើកចំណុចខ្សោយរបស់តុលាការក្នុងខេត្ត រាជធានីចំនួន ៣ គឺតុលាការភ្នំពេញ ខេត្តបន្ទាយមានជ័យ និងរតនគិរី ក្នុងការធ្វើការជំនុំជម្រះនៅមិនទាន់ត្រឹមត្រូវតាមនីតិវិធីច្បាប់ ត្រឹមត្រូវតាមបទដ្ឋាននៅឡើយ ដែលមានចំណុចមួយចំនួនត្រូវកែទម្រង់ ដូចជា សវនាការមានការគំរាមកំហែង និងប្រើទម្រង់គំរាមកំហែងផ្សេងៗ ដើម្បីទទួលបានចម្លើយសារភាព។
កម្រិតជនជាប់ចោទទទួលបានមេធាវីការពារក្ដីក្នុងករណីបទមជ្ឈិមមានកម្រិតទាបគួរឲ្យព្រួយបារម្ភ។ កម្រិតឃុំខ្លួនបណ្ដោះអាសន្ននៅមានកម្រិតខ្ពស់ពុំអាចទទួលយកបាន ហើយចៅក្រមបន្តឃុំខ្លួនបុគ្គលជាច្រើនក្នុងករណីជាច្រើន។ ចៅក្រមនៅតែប្រើប្រាស់ទូរស័ព្ទដៃរបស់ខ្លួនក្នុងពេលបើកសវនាការ។ ក្រៅពីនេះ ចៅក្រមខកខានមិនបានពន្យល់ប្រាប់សិទ្ធិជនជាប់ចោទ និងសិទ្ធិទទួលបានមេធាវីដែលនៅមានកម្រិតទាបនៅឡើយ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរំលឹកថា សិទ្ធិទទួលបាននូវការជំនុំជម្រះដោយយុត្តិធម៌ គឺជាសិទ្ធិមូលដ្ឋានដែលត្រូវបានទទួលស្គាល់ជាសកល និងស្ថិតក្នុងកម្រិតខ្ពស់បំផុតក្នុងច្បាប់អន្តរជាតិរបស់អង្គការសហប្រជាជាតិ ទាំងនៅក្នុងសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ សិទ្ធិទទួលបាននូវការជំនុំជម្រះ ដោយយុត្តិធម៌ត្រូវបានធានាដោយច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
