មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) រកឃើញថា ជម្លោះដីធ្លីដែលកំពុងកើតមានសព្វថ្ងៃនេះកំពុងក្នុងក្លាយជាបន្ទុកធ្ងន់ធ្ងរសម្រាប់ស្ត្រី និងប៉ះពាល់ដល់ការអភិវឌ្ឍសង្គម។ មន្ត្រីរដ្ឋាភិបាលច្រានចោលរកឃើញនេះ ដោយអះអាងថា រដ្ឋាភិបាលបានដោះស្រាយបញ្ហានេះបានច្រើនគួរឲ្យកត់សម្គាល់ក្នុងឆ្នាំ២០១៦ នេះ។
វិបត្តិដីធ្លីបានរុញច្រានឲ្យស្ត្រីធ្លាក់ទៅក្នុងវិបត្តិផ្លូវចិត្តគ្រួសារក្រីក្រ និងកើនឡើងនូវការប្រើប្រាស់កម្លាំងពលកម្មកុមារគួរឲ្យបារម្ភ។ នេះបើតាមការសិក្សាស្រាវជ្រាវរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។
ការសិក្សាស្រាវជ្រាវចេញផ្សាយកាលពីថ្ងៃទី២៧ ខែកញ្ញា ផ្អែកលើការស្ទង់មតិទៅលើស្ត្រីចំនួនជាង ៦០០នាក់ ដែលកំពុងទទួលរងគ្រោះដោយសារមានជម្លោះដីធ្លីចាប់តាំងពីខែឧសភា ដល់ខែមិថុនា ឆ្នាំ២០១៦ ក្នុងសហគមន៍ចំនួន២២ ក្នុង ១២ខេត្តក្រុង និងរាជធានីភ្នំពេញ។ របាយការណ៍បានបង្ហាញនូវហេតុផល និងកង្វល់ជាច្រើនរបស់ស្ត្រីជុំវិញរឿងនេះ។
ស្ត្រីជាង ៣ ភាគ ៤ ឬជិត ៨០ភាគរយដែលត្រូវបានសម្ភាសន៍ឲ្យដឹងថា ស្ថានភាពភាពនៃការកាន់កាប់ដីធ្លីរបស់ពួកគាត់មិនមានសុវត្ថិភាព ហើយស្ត្រីជិតជាង ២៤ភាគរយត្រូវបានបណ្ដេញចេញពីផ្ទះសម្បែងដោយបង្ខំ ឬហិង្សា ហើយបញ្ហានេះធ្វើឲ្យពួកគាត់មានវិបត្តិផ្លូវចិត្តមានអំពើហិង្សាក្នុងគ្រួសារ និងធ្វើឲ្យពលកម្មកុមារកាន់តែកើនឡើងខ្លាំង។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) យល់ថា ឃើញករណីទាំងនេះជាការបង្ហាញនូវការបណ្ដេញចេញកំពុងរីករាលដាល និងជាប្រព័ន្ធនៅក្នុងប្រទេសកម្ពុជា។
អ្នកនាំពាក្យក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត ប្រាប់អាស៊ីសេរី កាលពីម្សិលមិញថា លោកមិនទាន់បានមើលរបាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នោះនៅឡើយទេ ប៉ុន្តែលោកអះអាងថា កន្លងមករបាយការណ៍ដែលចេញដោយសង្គមស៊ីវិលនានា មិនឆ្លុះបញ្ចាំងពីការពិតជាក់ស្ដែងឡើយ។
លោកបន្តថា រដ្ឋាភិបាល ជាពិសេសស្ថាប័នពាក់ព័ន្ធបានព្យាយាមដោះស្រាយជម្លោះដីធ្លីនេះបានច្រើន ហើយគិតមកដល់ឆ្នាំ២០១៦ នេះ នៅសល់ប្រមាណជា ១០ភាគរយប៉ុណ្ណោះដែលក្រសួងកំពុងខិតខំដោះស្រាយបន្តទៀត៖ «ដោយសារវិវាទហ្នឹងចេះតែកើតមានជាបន្តបន្ទាប់ថ្មីខ្លះទៅ ពីមុនខ្លះទៅ រឿងខ្លះតម្រូវឲ្យមានពេលវេលាគ្រប់គ្រាន់ដើម្បីដោះស្រាយ...»។
ទាក់ទងនឹងករណីនេះដែរ អ្នកវិភាគបញ្ហាសង្គម និងនយោបាយមើលឃើញថា ជម្លោះដីធ្លីនៅតែជាបញ្ហាក្ដៅនៅឡើយ ហើយរបាយការណ៍អង្គការសិទ្ធិមនុស្សអាចឆ្លុះបញ្ចាំងការពិតនៅក្នុងសង្គមបច្ចុប្បន្ន។
លោកសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា បានលើកឡើងនូវទិដ្ឋភាពជាក់ស្ដែងមួយចំនួនដែលកើតមាននៅក្នុងសហគមន៍មានជម្លោះដីធ្លី ដូចជានៅតំបន់បឹងកក់ បុរីកីឡា និងសហគមន៍កន្លែងដទៃទៀត គឺមានតែស្ត្រីទេដែលចេញមុខមកតវ៉ារកដំណោះស្រាយ ហើយពេលខ្លះ ស្ត្រីទាំងនោះត្រូវអាជ្ញាធររារាំង និងបណ្ដេញពួកគាត់ចេញពីកន្លែងតវ៉ាដោយហិង្សាទៀតផង៖ «អ្វីដែលជាបញ្ហាចោទនោះឃើញមានការបង្ក្រាប និងចោទប្រកាន់តាមផ្លូវតុលាការជាដើម ទាំងអស់នេះដែលជាចំណែកមួយធ្វើឲ្យប៉ះពាល់ទៅដល់ប្រជាពលរដ្ឋ ជាពិសេសសិទ្ធិស្ត្រី»។
លោកបន្តថា កន្លងមកក៏ឃើញរដ្ឋាភិបាលចេញមុខដោះស្រាយដែរ ប៉ុន្តែដំណោះស្រាយនោះបានតែក្នុងរយៈពេលខ្លី និងពុំសូវមានប្រសិទ្ធភាពខ្ពស់ទេ។
មន្ត្រីសិទ្ធិមនុស្សជំរុញឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះជាបន្ទាន់ ដើម្បីពង្រឹងដល់ការអភិវឌ្ឍសង្គម និងការគោរពសិទ្ធិស្ត្រី និងកុមារដែលធានាដោយច្បាប់ជាតិ និងអន្តរជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
