CCHR ថ្វាយ​លិខិត​ចំពោះ​ព្រះមហាក្សត្រ​សុំ​ព្រះអង្គ​មាន​ព្រះរាជ​តម្រិះ​លើ​ច្បាប់​អង្គការ

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) ចេញ​លិខិត​ចំហ​មួយ​ថ្វាយ​ព្រះមហាក្សត្រ​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កក្កដា។

លិខិត​ចំហ​ដែល​មាន​អង្គការ សមាគម មិនមែន​រដ្ឋាភិបាល​ជិត ៣០ គាំទ្រ​ផង​នោះ បាន​រាជានុញ្ញាត​ពី​ព្រះមហាក្សត្រ ទ្រង់​មេត្តា​ព្រះ​រាជតម្រិះ​ទៅ​លើ​ការ​ឡាយ​ព្រះហស្តលេខា និង​មាន​ព្រះរាជ​អន្តរាគមន៍​ជា​បន្ទាន់​ចំពោះ​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល។

សេចក្ដី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​រដ្ឋសភា និង​ព្រឹទ្ធសភា​ដែល​មាន​តំណាងរាស្ត្រ​តែ​បក្ស​ម្ខាង​លើកដៃ​អនុម័ត​កាល​ពី​ពេល​ថ្មីៗ​នេះ និង​កំពុង​ស្ថិត​ក្នុង​ដៃ​ក្រុមប្រឹក្សា​ធម្មនុញ្ញ។

ការ​ស្នើ​សុំ​ព្រះអង្គ​មេត្តា​ព្រះ​រាជតម្រិះ គឺ​ដើម្បី​ធានា​ជា​ផ្លូវការ​នូវ​សិទ្ធិ និង​សេរីភាព​របស់​ប្រជាពលរដ្ឋ​ទាំង​អស់​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​កតិកាសញ្ញា​ស្ដីពី​សិទ្ធិមនុស្ស​ដែល​កម្ពុជា ជា​រដ្ឋ​ភាគី។

លិខិត​ដដែល​ទូល​ទ្រង់​ជ្រាប​ទៀត​ថា កន្លង​មក​នេះ​មាន​អង្គការ​សង្គម​ស៊ីវិល​រាប់​រយ និង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស អ្នក​ជំនាញការ​នៅ​អង្គការ​សហប្រជាជាតិ​ផ្សេងៗ សហភាព​អឺរ៉ុប និង​តំណាង​អង្គទូត​ជា​ច្រើន​នៅ​កម្ពុជា បាន​បង្ហាញ​នូវ​ក្តី​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ទៅ​លើ​ច្បាប់​នេះ ដោយសារ​តែ​ច្បាប់​នេះ​ផ្ដល់​អំណាច​ទូលាយ​ទៅ​ដល់​រាជរដ្ឋាភិបាល និង​អាច​ប៉ះពាល់​ដល់​អង្គការ​សង្គម​ស៊ីវិល​ក្នុង​សកម្មភាព​បំពេញ​កិច្ច​របស់​ខ្លួន​មិន​បាន​ត្រឹមត្រូវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។