អង្គការ​សិទ្ធិ​មនុស្ស​នឹង​បញ្ចាំង​ភាពយន្ត «អ្នក​ណា​សម្លាប់ ជា វិជ្ជា» នៅ​ថ្ងៃ​សៅរ៍

អង្គការ​ការពារ​សិទ្ធិ​មនុស្ស នឹង​បញ្ចាំង​ខ្សែ​ភាពយន្ត​ដែល​មាន​ចំណង​ជើង​ថា អ្នក​ណា​សម្លាប់ ជា វិជ្ជា នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​២៣ ខែ​វិច្ឆិកា ដែល​ជា​ទិវា​អន្តរជាតិ​បញ្ចប់​និទ្ទណ្ឌភាព។

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​បាន​ចងក្រង​ឯកសារ​ជា​ច្រើន​ពី​ករណី​ឃាតកម្ម​លើ​សកម្មជន​សិទ្ធិ​មនុស្ស និង​អ្នក​សារព័ត៌មាន បាន​សម្រេច​ដាក់​បញ្ចាំង​ភាពយន្ត​ឯកសារ​ដែល​និយាយ​ពី​និទ្ទណ្ឌភាព​លើ​អតីត​អ្នក​ការពារ​សិទ្ធិ​កម្មករ លោក ជា វិជ្ជា នៅ​ការិយាល័យ​អង្គការ​នេះ ដោយ​បើក​ចំហ​អោយ​សាធារណជន​បាន​ចូល​ទស្សនា​ដោយ​សេរី។

ទាក់ទិន​នឹង​និទ្ទណ្ឌភាព​នៅ​កម្ពុជា នេះ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​រក​ឃើញ​ថា និទ្ទណ្ឌភាព​នៅ​តែ​កើត​មាន ហើយ​បន្ត​រីក​រាល​ដាល និង​ធ្វើ​អោយ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​រីក​លូត​លាស់​នៃ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ នោះ​ក៏​ដោយសារ​តែ​ជន​ល្មើស​ដែល​តែង​រួច​ទោស​ភាគ​ច្រើន ជា​បុគ្គល​ដែល​មាន​ទំនាក់​ទំនង​ជិតស្និទ្ធ​នឹង​អ្នក​មាន​អំណាច ហើយ​ធ្វើ​សកម្មភាព​ដៅ​មក​រក​អ្នក​ហ៊ាន​ទាមទារ​សិទ្ធិ។

ខ្សែ​ភាពយន្ត «អ្នក​ណា​សម្លាប់ ជា វិជ្ជា» ជា​ស្នាដៃ​របស់​អ្នក​ស៊ើប​អង្កេត​របស់​ផលិតករ​បរទេស លោក ប្រេដលី ខុក (Bradley cox)។ ខ្សែ​ភាពយន្ត​នេះ​បាន​បង្ហាញ​នូវ​សាក្សី និង​អង្គហេតុ​មួយ​ចំនួន ពាក់ព័ន្ធ​ដល់​ករណី​ឃាតកម្ម​លើ​មេ​ដឹក​នាំ​សហជីព​ដ៏​ល្បីល្បាញ លោក ជា វិជ្ជា។ យ៉ាង​ណា ខ្សែភាពយន្ត​នេះ គឺ​ឋិត​ក្នុង​ចំណោម​ខ្សែ​ភាពយន្ត​ឯកសារ​ជា​ច្រើន​ទៀត ដែល​ពុំ​មាន​រោង​ភាពយន្ត​ណា​ហ៊ាន​ទទួល​បញ្ចាំង​ឡើយ ចំណែក​អាជ្ញាធរ​ក៏​បាន​ហាម​ប្រាម​មិន​អោយ​ចាក់​បញ្ចាំង​នៅ​ទី​សាធារណៈ​ឡើយ។

ក្រៅ​ពី​នេះ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ចងក្រង​ករណី​ជាច្រើន​ទៀត​នៃ​និទ្ទណ្ឌភាព​នៅ​កម្ពុជា ដាក់​បង្ហាញ​ជា​សាធារណៈ​នៅ​លើ​ទំព័រ​អ៊ីនធឺណិត (Internet) តាម​រយៈ​គេហទំព័រ​របស់​ខ្លួន​ដែល​មាន​អាសយដ្ឋាន www.cchrcambodia.org/impunity។ ឯកសារ​ទាំង​នោះ​រួម​មាន​និទ្ទណ្ឌភាព​ក្នុង​ករណី​ឃាតកម្ម​លើ​សកម្មជន​ព្រៃ​ឈើ លោក ឈុត វុទ្ធី អ្នក​កាសែត លោក ហង្ស សេរីឧត្តម យុវជន ម៉ៅ សុខច័ន្ទ ដែល​ត្រូវ​បាញ់​ស្លាប់​នៅ​គល់​ស្ពាន​អាកាស​ក្បាល​ថ្នល់ និង​ករណី​មួយ​ចំនួន​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។