CCHR៖ សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា​នៅ​តែ​មាន​ការ​រឹតត្បិត

0:00 / 0:00

ក្នុង​សៀវភៅ​នោះ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​ផ្ដល់​អនុសាសន៍​មួយ​ចំនួន​ដល់​រដ្ឋាភិបាល​ដើម្បី​កែ​លម្អ​បញ្ហា​នេះ។ ប៉ុន្តែ​មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល​ថ្លែង​ថា កម្ពុជា​មាន​សិទ្ធិ​សេរីភាព​គ្រប់គ្រាន់​ក្នុង​ការ​បញ្ចេញ​មតិ។

អ្នក​សម្របសម្រួល​គម្រោង​សេរីភាព​បញ្ចេញ​មតិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា កញ្ញា សន រ៉ាម៉ាណា ថ្លែង​ថា សៀវភៅ​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១០ កុម្ភៈ ជា​គោលនយោបាយ​សង្ខេប​ស្ដីពី​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា និង​ជា​លទ្ធផល​នៃ​គម្រោង​សេរីភាព​បញ្ចេញ​មតិ ដែល​មជ្ឈមណ្ឌល​នេះ ប្រមូល​បាន​ធ្វើ​កិច្ច​ពិភាក្សា​តុ​មូល​ចំនួន ៦​លើក ក្នុង​រយៈ​ពេល ២​ឆ្នាំ​កន្លង​មក។

កញ្ញា សន រ៉ាម៉ាណា បញ្ជាក់​ថា អ្នក​ចូល​រួម​កិច្ច​ពិភាក្សា​តុ​មូល​ទាំង ៦​លើក ដែល​មាន​សិស្ស​និស្សិត​អ្នក​សរសេរ​ប្លុក អ្នក​សារ​ព័ត៌មាន តំណាង​សហគមន៍ អ្នក​ការពារ​សិទ្ធិមនុស្ស តំណាង​អង្គការ​មិន​មែន​រដ្ឋាភិបាល មេធាវី និង​មន្ត្រី​រាជការ សុទ្ធតែ​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ក្នុង​ការ​បញ្ចេញ។

កញ្ញា សន រ៉ាម៉ាណា៖ «គាត់​ភ័យ​ខ្លាច​ដោយសារ​គាត់​អត់​ហ៊ាន​និយាយ​ស្ដី​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល ឬ​អ្នក​មាន​អំណាច ដោយសារ​បន្ទាប់​ពី​គាត់​និយាយ​ស្ដី​រួច បើ​មាន​បញ្ហា គាត់​អត់​មាន​អ្នក​ណា​មួយ​ជា​ខ្នង​បង្អែក ដែល​អាច​រក​ជំនួយ​បាន ហើយ​ក្រុម​អ្នក​សារ​ព័ត៌មាន​វិញ អ្នក​សារ​ព័ត៌មាន​មួយ​ចំនួន គាត់​បារម្ភ​ថា ពេល​ដែល​គាត់​សរសេរ​អី​ត្រង់ៗ​ទៅ ពេល​ដែល​គាត់​រង​ការ​ដៅ​មុខ​សញ្ញា​ឬ​អី​ហ្នឹង ស្ថាប័ន​ព័ត៌មាន​របស់​គាត់​ហ្នឹង​អត់​អាច​មាន​លទ្ធភាព​ជួយ​បាន​ទេ។ គាត់​ប្រៀបធៀប​ស្ថាប័ន​ព័ត៌មាន​ក្នុង​ស្រុក និង​ស្ថាប័ន​ព័ត៌មាន​បរទេស»

កញ្ញា សន រ៉ាម៉ាណា បញ្ជាក់​ដែរ​ថា អ្នក​សរសេរ​អត្ថបទ​បញ្ចេញ​មតិ​តាម​បណ្ដាញ​អ៊ីនធឺណិត ឬ​ប្លុក​តែង​បារម្ភ​ថា នៅ​ពេល​មាន​បញ្ហា​ក្នុង​ការ​សរសេរ​ពួក​គេ​មិន​អាច​ពឹង​ផ្អែក​លើ​ប្រព័ន្ធ​តុលាការ​បាន​ទេ។
ក្នុង​សេចក្ដី​សង្ខេប​នៃ​សៀវភៅ​គោលនយោបាយ​សង្ខេប​ស្ដីពី​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា សរសេរ​ថា សេរីភាព​បញ្ចេញ​មតិ​មាន​សារសំខាន់​ទាំង​ការ​បង្កើន​ចំណេះ​ដឹង និង​ជា​ឧបករណ៍​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ ហើយ​ការ​រឹត​បន្តឹង​សេរីភាព​នេះ នាំ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ។

មន្ត្រី​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ឆ្លើយ​តប​ទៅ​នឹង​សេចក្ដី​សង្ខេប​គោលនយោបាយ​នៃ​សេរីភាព​បញ្ចេញ​មតិ​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ថា លោក​មិន​ជឿ​លើ​សេចក្ដី​ដែល​បាន​លើក​ឡើង​នេះ​ទេ ហើយ​នោះ​ជា​ការ​ទាមទារ​របស់​សកម្មជន​ឱ្យ​បាន​ច្រើន​ថែម​ទៀត​ប៉ុណ្ណោះ។

លោក ផៃ ស៊ីផាន៖ «គេ​បាន​បាន​ដើរ​នៅ​មុខ​ផ្ទះ​សម្ដេច​អគ្គសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ស្រប​ច្បាប់ គេ​ស្រែក​ជេរ គេ​ស្រែក​ថា គេ​ច្រៀង​តាំង​ពី​ចម្រៀង​ចុះ​ចេញ​ទៅ ខ្ញុំ​មិន​ជឿ​ថា គេ​ភ័យ​ខ្លាច​នោះ​ទេ នេះ​ជា​យោបល់​ខ្ញុំ។ នេះ​ទី​មួយ។ ទី​ពីរ បញ្ហា​ខ្លួន​ឯង​ទេ តើ​សមត្ថភាព និង​យុទ្ធសាស្ត្រ​អ្នក​ព័ត៌មាន​ធ្វើ​យ៉ាង​ម៉េច ដើម្បី​ការពារ​ខ្លួន​ឯង ធ្វើ​យ៉ាង​ម៉េច​ឱ្យ​ព័ត៌មាន​ហ្នឹង​ក្លាយ​ទៅ​ជា​ការ​ពិត​មួយ ដែល​គេ​អាច​ទទួល​យក​បាន មិន​មែន​ព័ត៌មាន​ជ្រោង​យក​តែ​មួយ​ចំហៀង​នោះ​ទេ។ អ្វី​ដែល​អង្គការ​សិទ្ធិ​មនុស្ស​គាត់​លើក​ឡើង គ្រាន់​តែ​ជា​នៅ​ក្នុង​បរិបទ​សកម្មជន​ទេ។ មិន​មែន​ជា​ការ​រស់​នៅ​ពិត​ប្រាកដ​កើត​ឡើង​នៅ​ក្នុង​កម្ពុជា​ទេ»

ទាក់ទង​នឹង​ការ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត និង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) វិញ លោក​ថ្លែង​ថា នៅ​កម្ពុជា​មាន​ភាព​ប្រសើរ​ជាង​នៅ​ប្រទេស​ជិត​ខាង ជា​ពិសេស​ថៃ ដែល​រហូត​ដល់​មាន​អ្នក​ខ្លះ​អាច​បង្កើត​ព័ត៌មាន​មិន​ពិត​ទៀត​ផង។ រីឯ​ការ​ចំណោទ​ដែល​ថា ការ​បង្កើត​ច្បាប់​សម្រាប់​គ្រប់គ្រង​ប្រព័ន្ធ​អ៊ីនធឺណិត ជា​ការ​គំរាម​កំហែង​ដល់​សេរីភាព​បញ្ចេញ​មតិ​នោះ ក៏​ត្រូវ​លោក​បដិសេធ​ដែរ។

លោក ផៃ ស៊ីផាន៖ «មិន​មែន​ជា​ការ​គំរាម​កំហែង​ទេ ក៏​ប៉ុន្តែ​យើង​ត្រូវ​មាន​ច្បាប់​មួយ ដែល​ការពារ​សន្តិសុខ​ជាតិ។ ចំណុច​ទី​ពីរ ការពារ​កិត្តិយស​ប្រជាពលរដ្ឋ របស់​បុគ្គល ហើយ​ការពារ​ដល់​សុវត្ថិភាព​នៃ​ក្រុមហ៊ុន​ដទៃ​ទៀត ដែល​គេ​រក​ទទួល​ទាន»

ប៉ុន្តែ​លោក ផៃ ស៊ីផាន បញ្ជាក់​ថា ប្រសិន​បើ​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត ឬ​បណ្ដាញ​ហ្វេសប៊ុក មិន​មាន​វិន័យ នោះ​ច្បាប់​នឹង​អាច​កាត់​បន្ថយ​សេរីភាព​នេះ។

ទោះ​ជា​យ៉ាង​ណា​ក្ដី សេចក្ដី​សង្ខេប​គោលនយោបាយ​នៃ​សេរីភាព​បញ្ចេញ​មតិ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ផ្ដល់​អនុសាសន៍​គោល​មួយ​ចំនួន ទាក់ទង​នឹង​សេរីភាព​បញ្ចេញ​មតិ​នេះ ដែល​មាន​ជាអាទិ៍ ទី​មួយ ការ​រឹត​បន្តឹង​បណ្ដាញ​អ៊ីនធឺណិត ត្រូវ​ស្រប​តាម​ច្បាប់​អន្តរជាតិ គឺ​មាត្រា ១៩ នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ ហើយ​វិធានការ​រឹតត្បិត​នោះ​ឱ្យ​មាន​ភាព​ធូរ​ស្រាល។ ទី​ពី កម្ពុជា​ត្រូវ​ធ្វើ​ច្បាប់​ស្ដីពី​ការ​ទទួល​បាន​ព័ត៌មាន ទាំង​សម្រាប់​អ្នក​សារ​ព័ត៌មាន និង​សាធារណជន ផ្អែក​លើ​គោលការណ៍​បើក​ចំហ​បំផុត។ ទី​បី បទ​បញ្ញត្តិ​នៃ​ច្បាប់​ស្ដីពី​របប​សារ​ព័ត៌មាន​ដែល​ចែង​មិន​ច្បាស់លាស់ គួរ​តែ​ធ្វើ​ឡើង​វិញ។ ទី​បួន លុប​បទ​បរិហារកេរ្តិ៍ ចេញ​ពី​ក្រម​ព្រហ្មទណ្ឌ និង​ធានា​ថា នឹង​មិន​ដាក់​ពន្ធនាគារ​សម្រាប់​បទ​បរិហារកេរ្តិ៍​នេះ​ទេ និង​ទី​ប្រាំ រដ្ឋាភិបាល​ត្រូវ​ធានា​ថា អាជ្ញាធរ​មូលដ្ឋាន​គ្រប់​កម្រិត​អនុវត្ត​ការងារ​ដោយ​គោរព​ច្បាប់ បំពេញ​កាតព្វកិច្ច​ដើម្បី​បម្រើ​ពលរដ្ឋ​កម្ពុជា និង​ឈប់​គំរាម​កំហែង ឬ​យាយី​សកម្មជន​មូលដ្ឋាន ឬ​ប៉ុនប៉ង​រារាំង​ប្រជាពលរដ្ឋ​មិន​ឱ្យ​ការពារ​សិទ្ធិ​របស់​ពួក​គាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។