មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) នឹងរៀបចំវេទិកាជួបជុំអ្នកប្រើប្រាស់អ៊ីនធឺណិត (Internet) និងកិច្ចពិភាក្សាស្ដីពីអនាគតនៃសិទ្ធិបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី៣០ ខែវិច្ឆិកា។ កិច្ចពិភាក្សានោះផ្ដោតលើទស្សនៈទាក់ទងនឹងការព្រួយបារម្ភនានា ចំពោះសេរីភាពការបញ្ចេញមតិលើប្រព័ន្ធអ៊ីនធឺណិត សុវត្ថិភាព និងសន្តិសុខអ៊ីនធឺណិត នៅកម្ពុជា។
សេចក្ដីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ចេញផ្សាយនៅថ្ងៃទី២៧ វិច្ឆិកា ឲ្យដឹងថា ការរៀបចំវេទិកានេះ ធ្វើឡើងនៅបន្ទាប់ពីមើលឃើញថា វិធានការនៅពេលថ្មីៗរបស់រដ្ឋាភិបាល ដូចជាការចាប់ខ្លួនអ្នកបង្ហោះមតិយោបល់នៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) និងសេចក្ដីស្នើច្បាប់ស្ដីពីឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា។ ករណីទាំងនេះ ជាការរឹតត្បិតសេរីភាពនៃការបញ្ចេញមតិទាក់ទងនឹងបញ្ហានយោបាយនៅលើអ៊ីនធឺណិត និងកំពុងគំរាមកំហែងធ្វើឲ្យឱកាសពិភាក្សា និងមតិជំទាស់លើអ៊ីនធឺណិត កាន់តែរួមតូច។
របាយការណ៍ស្រាវជ្រាវរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បង្ហាញថា ចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិតនៅកម្ពុជា កំពុងកើនឡើងខ្លាំង ដោយកាលពីឆ្នាំ២០១៤ អ្នកប្រើប្រាស់អ៊ីនធឺណិត មានជាង ៣០ភាគរយ ក្នុងចំណោមប្រជាពលរដ្ឋសរុប។ នេះជាតួលេខខ្ពស់មួយបើប្រៀបធៀបទៅនឹងស្ថិតិកាលពីឆ្នាំ២០១០ របស់ធនាគារពិភពលោកបញ្ជាក់ថា ចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិត បានកើនឡើងត្រឹមតែ ១,៣ភាគរយ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សថា នេះជាបញ្ហាសំខាន់ដែលតម្រូវឲ្យមានការចូលរួមពីប្រជាពលរដ្ឋគ្រប់វិស័យទាំងអស់នៅក្នុងសង្គមកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
