ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​ប្រឈម​នឹង​ការ​គំរាម​កាន់​តែ​ខ្លាំង​បើ​ធៀប​នឹង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ

ដោយ អាស៊ីសេរី
2017-10-03
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ថ្លែង​ក្នុង​សិក្ខាសាលា​បណ្តុះបណ្តាល​ស្ដីពី​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការ​ប្រែប្រួល​អាកាសធាតុ នៅ​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ថ្លែង​ក្នុង​សិក្ខាសាលា​បណ្តុះបណ្តាល​ស្ដីពី​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការ​ប្រែប្រួល​អាកាសធាតុ នៅ​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
RFA

ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​នៅ​កម្ពុជា ត្រូវ​បាន​គេ​រក​ឃើញ​ថា កំពុង​ប្រឈម នឹង​ការ​គំរាមកំហែង និង ការ​បំភិតបំភ័យ ដោយសារតែ​ការ​បំពេញ​វិជ្ជាជីវៈ​ឯករាជ្យ​របស់​ខ្លួន។ ចំពោះ​ស្ថាប័ន​ព័ត៌មាន​ដទៃ​ទៀត​ដែល​មិន​ឯករាជ្យ​នោះ គឺ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អ្នកនយោបាយ​មកពី​គណបក្ស​កាន់​អំណាច ឬ​ជាមួយ​ម្ចាស់​ស្ថានីយ​ទូរទស្សន៍ និង​វិទ្យុ ទាំងនោះ។

មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ហៅថា CCIM បាន​ចេញ​របាយការណ៍​ស្រាវជ្រាវ​របស់​ខ្លួន ដែល​រក​ឃើញ​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា​ប្រឈម ការ​គំរាមកំហែង និង​ការ​បំភិតបំភ័យ​កាន់​តែ​ខ្លាំង​ឡើង ចំពោះ​ស្ថាប័ន​ព័ត៌មាន​ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល និង​អ្នក​មាន​អំណាច។

របាយការណ៍​ចេញ​នៅ​ថ្ងៃ​ទី​៣ តុលា មាន​ចំណងជើង​ថា “ បញ្ហា​ប្រឈម​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ឆ្នាំ​២០១៦” វាយ​តំ​លៃ​ថា កម្ពុជា នៅតែ​បន្ត​មាន​ពិន្ទុ​ទាប​នៅឡើយ លើ​ចំណាត់ថ្នាក់​អន្តរជាតិ​ស្ដីពី​សេរីភាព​សារព័ត៌មាន។

នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ណុប វី មាន​ប្រសាសន៍​ថា នៅ​ក្នុង​ឆ្នាំ​២០១៦​កន្លងទៅ អ្នកសារព័ត៌មាន​ឯករាជ្យ ប្រឈម​កាន់​តែ​ខ្លាំង​និង​បារម្ភ​ពី​សុវត្ថិភាព ពិសេស​ពួកគេ​បាន​រាយការណ៍​ពី​បញ្ហា​ព្រំដែន​វៀតណាម ការ​រាយការណ៍​អំពី​ការប្រព្រឹត្តិ​អំពើពុករលួយ​របស់​មន្ត្រី​រដ្ឋាភិបាល និង​ការ​រាយការណ៍​ព័ត៌មាន​ក្នុង អំឡុង​ពេល​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧។ លោក​បន្ថែម​ថា ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ និង​កាន់តែ​ប្រឈម​សម្រាប់​អ្នក​ព័ត៌មាន​ទៀត​នោះ គឺ​នៅ​ក្រោយ​ពេល​មាន​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី ដែល​ជា​អ្នកវិភាគ​នយោបាយ​ឥត​សំចៃ​មាត់។លោក​បញ្ជាក់​ថា ការ​ស្លាប់​របស់​លោក​កែម ឡី ក៏​ពាក់ព័ន្ធ​នឹង​ការ​ផ្ដល់​ព័ត៌មាន​នេះ​ដែរ ព្រោះថា លោក បណ្ឌិត កែម ឡី ជា​ប្រភព​ព័ត៌មាន​ចម្រុះ​ឥត​រីងស្ងួត ដូច្នេះ​ហើយ ទើប​មានការ​បាញ់សម្លាប់​លោក ដើម្បី​បំបិទ​មាត់៖ «ម្យ៉ាងវិញទៀត ការ​ផ្ដន្ទាទោស និង​ការ​គំរាម​ប្រើ​ផ្លូវច្បាប់​វិញ មាន​ចំណាត់ថ្នាក់​ទី​៤​ក្នុង​ការ​ប្រឈម ទាំងឡាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។ ការ​គំរាម​ប្រើ​វិធានការ​ផ្លូវច្បាប់ គឺ​ជា​មធ្យោបាយ​ទី​១ ដែល​ប្រភព​ទាំងឡាយ​បាន​ប៉ុន​ប៉ុង​ជ្រៀតជ្រែក ក្នុង​ការងារ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ទោះបីជា មិន​មាន​ករណី​អ្នកសារព័ត៌មាន មាន​វិជ្ជាជីវៈ ត្រូវ​គេ​ផ្ដន្ទាទោស​ក្នុង​ឆ្នាំ​២០១៦​ក្ដី»។

ក៏ប៉ុន្តែ ការ​ចាប់​សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​អ្នក​រិះគន់​រដ្ឋាភិបាល​ដាក់​ពន្ធនាគារ ដែល​តែងតែ មាន​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ បាន​បង្កើត​ឲ្យ​មាន​ភាព​ជ្រួលច្របល់ ក្នុងចំណោម​អ្នក​សារព័ត៌មាន​ទាំងឡាយ។

ប្រធាន​វេទិកា​អនាគត លោក អ៊ួ វីរៈ ត្រូវ​បាន​គណបក្ស​កាន់​អំណាច​ប្ដឹង​កាលពី​ខែ​មេសា ឆ្នាំ​២០១៦ ដោយសារតែ​ការ​ផ្ដល់​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី រិះគន់​រដ្ឋាភិបាល។ ទន្ទឹម​នឹង​នេះ​ក៏​មាន​សាលក្រម​ជាច្រើន​ផ្ដន្ទាទោស​មនុស្ស​ជាច្រើន ដែល​ធ្វើឡើង​ដោយ​តុលាការ​ប្រឆាំង និង​មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​រិះគន់​រដ្ឋាភិបាល​ដែរ ដោយសារតែ​ការ​និយាយ​ជា​សាធារណៈ ឬ​ការ​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ជាដើម។

អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​បានទេ កាលពី​ថ្ងៃ​ទី​៣ តុលា។

ចំពោះ​អង្គការ​លីកាដូ (Licadho) វិញ បាន​ចេញ​របាយការណ៍​សង្ខេប​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា ២០១៧ ថា ការអនុវត្ត​ច្បាប់​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅលើ​ស្ថានីយ​វិទ្យុ​ដែល​ផ្សាយ​បន្ត​នូវ​ព័ត៌មាន​ឯករាជ្យ​ពី​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) និង​វិទ្យុ​អាស៊ីសេរី ដែល​ជា​សារព័ត៌មាន​មិន​រក​ប្រាក់​ចំណេញ ហើយ​ការ​បិទ​ក្រោម​ហេតុផល​អនុវត្ត​ច្បាប់​នេះ គឺជា​មធ្យោបាយ​បិទ​ទាំងស្រុង​នៅ​លើ​រលកធាតុអាកាស​ផ្សេងទៀត។ អង្គការ​លីកាដូ យល់​ឃើញ​ថា វិទ្យុ​គឺ​ប្រភព​ព័ត៌មាន​ដ៏​សំខាន់​សម្រាប់​ពលរដ្ឋ​កម្ពុជា​ដែល​រស់​នៅ​តាម​ជនបទ ដោយសារ​សេវា​អ៊ីនធឺណិត​នៅ​ទីនោះ​មិន​អំណោយផល។

អង្គការ​លីកាដូ (LICADHO) យល់​ឃើញ​ថា វិធានការ​របស់​រដ្ឋាភិបាល​ដែល​បិទ​សំឡេង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មួយ​ចំនួន ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅដល់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន។ អង្គការ​នេះ​រក​ឃើញ​ថា មាន​វិទ្យុ​ក្នុងស្រុក​ចំនួន ៣២ ស្ថានីយ​ទូទាំង​ប្រទេស ត្រូវ​បង្ខំ​អោយ​បិទ​ការផ្សាយ​ដែល​ស្ថានីយ​ទាំងនោះ​បាន​ផ្សាយ​បន្ត​កម្មវិធី​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី (RFA) វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) និង​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD)។ ប៉ុន្តែ​មន្ត្រី​ក្រសួង​ព័ត៌មាន​ធ្លាប់​ថ្លែង​ការពារ​អំពី​ជំហរ​របស់​ខ្លួន​ថា នេះ​គឺជា​ការ​ពង្រឹង​ច្បាប់ ហើយ​ការ​បិទ​វិទ្យុ​មួយ​ចំនួន​ដោយសារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងនោះ រំលោភ​លើ​ការផ្សាយ​របស់​ខ្លួន។

អ្នក​ជំនាញ​ផ្នែក​សារព័ត៌មាន​យល់​ឃើញ​ថា សារព័ត៌មាន​ឯករាជ្យ​ដើរ​តួនាទី​សំខាន់​ណាស់​ក្រៅពី​ផ្ដល់​ព័ត៌មាន​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន​ហើយ ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ​ក៏​រួមចំណែក​ជំរុញ​ឲ្យ​អង្គភាព​របស់​រដ្ឋ​អនុវត្ត​ច្បាប់​ដោយ​ដោយ​តម្លាភាព និង​មាន​យុត្តិធម៌​សង្គម​ថែម​ទៀត​ផង។

នាយក​វិទ្យាស្ថាន​កម្ពុជា សម្រាប់​ការសិក្សា​សារព័ត៌មាន លោក មឿន ឈានរិទ្ធិ ធ្លាប់​បញ្ជាក់​ថា ការ​បិទ​ការិយាល័យ​របស់​វិទ្យុ​អាស៊ីសេរី​នេះ មិនមែន​តែ​ពលរដ្ឋ​ទេ​ដែល​ត្រូវ​ខាត​ប្រយោជន៍​នោះ សូម្បី​រដ្ឋាភិបាល​ក៏​ត្រូវ​បាត់បង់​ការ​គាំទ្រ​ក៏​មិន​ស្ទើរ​ដែរ​ទេ។

នៅ​ក្នុង​របាយការណ៍​របស់ CCIM ដដែល ក៏បាន​លើក​ឡើង​ថា រដ្ឋាភិបាល​គ្រប់គ្រង​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ភាគច្រើន​ដែរ។ អ្នកសារព័ត៌មាន​ដែល​ស្ទង់​មតិ​ដោយ​ផ្ដល់​ពិន្ទុ​មធ្យម​៣,៦ លើ​៥​ពិន្ទុ​ឲ្យ​ដឹង​ថា វិសាលភាព​នៃ​គ្រប់គ្រង​និង​ឥទ្ធិពល​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​ការ​ប្រឈម​ធំ​ទី​២ របស់​ប្រព័ន្ធ​ផ្សព្វ ផ្សាយ​ឯករាជ្យ​ដែល​នៅ​បន្ទាប់ពី​ប្រាក់ខែ​ទាប។ លើស​ពី​នេះ​ទៀត អាជ្ញាធរ​ក៏​មាន​ឥទ្ធិពល​លើ​ចាង ហ្វាង និង​ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ជា​ប្រភព​ទី​១ នៃ​ការ​ជ្រៀតជ្រែក និង​ឥទ្ធិពល​ដែរ។

ទាក់ទង​និង​បញ្ហា​នេះ លោក ណុប វី មាន​ប្រសាសន៍​ថា កម្ពុជា​មិនទាន់​មាន​ច្បាប់​ស្ដីពី​សេរីភាព​សារព័ត៌មាន​នេះ គឺជា​ឧបសគ្គ​របស់​អ្នកសារព័ត៌មាន​ក្នុង​ការ​រាយការណ៍ និង​ទទួល​ព័ត៌មាន​ពី​មន្ត្រី​រដ្ឋាភិបាល ឬ​ក្រុម​គ្រួសារ​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្តិ​អំពើពុករលួយ​តាម​រូបភាព​ផ្សេងៗ។ ព្រោះថា សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សេរីភាព​សារព័ត៌មាន​ស្ថិត​នៅ​ក្នុង​ការ​ជជែក​ពិភាក្សា​គ្នា​នៅ​ក្រសួង​ព័ត៌មាន ដ៏​ចម្រូង​ច្រាស់​នៅឡើយ។

អ្នកវិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ទោះ​បី​ជា​កម្ពុជា​មិនទាន់​មាន​ច្បាប់ ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ក្ដី ប៉ុន្តែ​រដ្ឋធម្មនុញ្ញ​បាន​ធានា​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ និង​សិទ្ធិ ទទួល​បាន​ព័ត៌មាន។

មាត្រា​៤១​នៃ​រដ្ឋធម្មនុញ្ញ​ចែងថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​សេរីភាព​ខាង​បញ្ចេញមតិ​របស់​ខ្លួន សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ខាង​បោះពុម្ពផ្សាយ និង​សេរីភាព​ខាង​ការប្រជុំ​ជាដើម។

អង្គការ​ហ្វ្រីឌឹម ហៅស៍ (Freedom House) ចាត់​ទុក​សារព័ត៌​មាននៅ​កម្ពុជា​ថា មិន​សេរី។ ចំណែក​អង្គការ​អ្នកយកព័ត៌មាន​គ្មាន​ព្រំដែន (Reporters without borders) ចាត់​ចំណាក់​ថ្នាក់​កម្ពុជា​ក្នុង​លេខ​រៀង​១៣២ ក្នុងចំណោម​បណ្ដា​ប្រទេស​១៨០។ អង្ក​ការ​នេះ​រក​ឃើញ​ថា ការ​រករឿង​របស់​រដ្ឋាភិបាល​ទៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​កើន​ឡើង​នៅ​ក្នុង​ឆ្នាំ​២០១៦។

ប្រទេស​កម្ពុជា​មាន​ស្ថានីយ​វិទ្យុ​ចំនួន​១៧៥ ទូរទស្សន៍​១៨ កាសែត និង​ទស្សនាវដ្ដី​មាន​៤៦០។ នៅ ក្នុង របាយការណ៍​របស់​CCIM លើក​ឡើង​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ឯករាជ្យ​គឺ​វិទ្យុ ហើយ​វិទ្យុ​ទាំង​ន​នោះ មាន​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​ វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក ដែល​មាន​អ្នក​ស្ដាប់​រាប់​លាន​នាក់​។

នៅ​ក្នុង​របាយការណ៍​នេះ បញ្ជាក់​ថា ក្នុង​ឆ្នាំ​២០១៦ ទោះបីជា​មិន​មាន​អ្នកសារព័ត៌មាន​ត្រូវការ​វាយដំ ក្ដី ប៉ុន្តែ​អ្នកសារព័ត៌មាន​ស្ទើរតែ​ទាង​អស់​ដែល​បាន​សម្ភាសន៍​ក្នុង​សម្រាប់​របាយការណ៍​នេះ និយាយ ថា ការ​គំរាមកំហែង​ដោយ​ប្រើ​អំពើ​ហិង្សា ឬ​ការ​បៀតបៀន​រាងកាយ នៅតែ​ជា​បញ្ហា​នៅឡើយ។ ចំណែក​ឯ ចំណាត់ថ្នាក់​វិញ ស្ថិត​នៅ​ក្រោម​គេ​លំដាប់​ទី​២ នៃ​បញ្ជី​ប្រឈម​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ឯករាជ្យ ដែល​ទទួល​បាន​ពិន្ទុ​២,៨ ក្នុង​៥​ពិន្ទុ។

ការ​វាយ​ដ៏​ឃោរឃៅ​ទៅលើ​អ្នកយកព័ត៌មាន​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ ក្នុង​ពេល​មានការ​តវ៉ា កាលពី​ឆ្នាំ​២០១៤ នៅតែ​ធ្វើ​ឲ្យ​អ្នកសារព័ត៌មាន​ព្រួយបារម្ភ​ដដែល។ ឃាតកម្ម​ទៅលើ​អ្នកវិភាគ​នយោបាយ លោក​បណ្ឌិត កែម ឡី កាលពី​ខែ​កក្កដា ឆ្នាំ​២០១៦ និង​ការ​វាយដំ​អ្នកការពារ​សិទ្ធិមនុស្ស​ពីរ​រូប នៅ​ឯ​ការ​តវ៉ា​ដោយ​សន្តិវិធី​មួយ​ក្នុង​ខែ​តុលា ឆ្នាំ​២០១៦ បាន​បង្ក​ឲ្យ​មាន​ភាព​អសន្តិសុខ​សម្រាប់​អ្នកសារព័ត៌មាន​ទូទៅ។ គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣​មក អ្នកសារព័ត៌មាន​ត្រូវ​គេ​សម្លាប់​មាន​ជាង​១០​នាក់ មក​ទល់​ពេល​នេះ រដ្ឋាភិបាល​មិនទាន់​ចាប់​បាន​ឃាតក​យក​មក​ផ្ដន្ទាទោស​នៅឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល