ក្លិប​អ្នក​កាសែត​ថ្កោលទោស​មន្ត្រី​អាវុធហត្ថ​ប្រើ​ហិង្សា​វាយ​ដំ​និង​ចាប់​អ្នក​កាសែត

0:00 / 0:00

ក្លិប​អ្នក​កាសែត​កម្ពុជា ថ្កោលទោស​ចំពោះ​មន្ត្រី​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​បាន​ប្រើ​ហិង្សា​វាយ​ដំ និង​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន​ក្នុង​ពេល​អ្នក​សារព័ត៌មាន បាន​ចុះ​យក​ព័ត៌មាន​ទាក់ទង​នឹង​ការ​រក​ស៊ី​ឈើ​ខុស​ច្បាប់។ អង្គការ​ការពារ​អ្នក​កាសែត​មួយ​នេះ បាន​អំពាវនាវ​ដល់​ស្ថាប័ន​រដ្ឋាភិបាល​ពាក់ព័ន្ធ បើក​ការ​ស៊ើប​អង្កេត និង​នាំ​យក​ជន​បង្ក​ហេតុ មក​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់។

ក្លិប​អ្នក​កាសែត​កម្ពុជា សម្ដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​សុវត្ថិភាព​អ្នក​សារព័ត៌មាន និង​អំពី​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា។ ការ​ព្រួយ​បារម្ភ​នេះ កើត​ឡើង​បន្ទាប់​ពី​ស្ថាប័ន​ការពារ​អ្នក​កាសែត​មួយ​នេះ បាន​កត់​សម្គាល់​ឃើញ​ថា អ្នក​សារព័ត៌មាន​មួយ​ចំនួន​បាន​ប្រឈម​មុខ​ជា​បន្តបន្ទាប់​ជាមួយ​មន្ត្រី​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ខណៈ​ដែល​អ្នក​សារព័ត៌មាន​ទាំង​នោះ​បាន​ចុះ​យក​ព័ត៌មាន ជុំវិញ​សកម្មភាព​ឈ្មួញ​រក​ស៊ី​ឈើ​ខុស​ច្បាប់ ហើយ​ត្រូវ​បាន​សមត្ថកិច្ច និង​ឈ្មួញ​រក​ស៊ី​ឈើ​ខុស​ច្បាប់ ចាប់​ខ្លួន និង​វាយ​ដំ​យ៉ាង​ដំណំ។

កាល​ពី​ថ្ងៃ​ទី​១០ ទី​១១ និង​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០១៤ អ្នក​សារព័ត៌មាន​ចំនួន ៣​នាក់ ត្រូវ​បាន​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ និង​ឈ្មួញ​រក​ស៊ី​ឈើ​ខុស​ច្បាប់​ធ្វើ​បាប ក្នុង​នោះ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន និង ២​នាក់​ផ្សេង​ទៀត ត្រូវ​បាន​សមត្ថកិច្ច និង​ឈ្មួញ​រក​ស៊ី​ឈើ​ខុស​ច្បាប់​វាយ​ដំ​លើ​រូប​រាង​កាយ និង​ដក​យក​ម៉ាស៊ីន​ថត ក្នុង​ពេល​ពួក​គេ​ចុះ​យក​ព័ត៌មាន និង​ថត​សកម្មភាព​រក​ស៊ី​ឈើ​ខុស​ច្បាប់​នៅ​ខេត្ត​ព្រះវិហារ ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កំពង់ចាម ក្នុង​នោះ​ក៏​មាន​ការ​ចូល​រួម​ពី​មេ​បញ្ជាការ​រង​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះវិហារ លោក ឡាយ សុភាព ផង​ដែរ។

ប្រធាន​ក្លិប​អ្នក​កាសែត​កម្ពុជា លោក ប៉ែន សមិទ្ធិ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៩ មេសា ថា ជាទូទៅ​សកម្មភាព​ចាប់​ខ្លួន និង​វាយ​ដំ​ទៅ​លើ​អ្នក​សារព័ត៌មាន វា​នឹង​ជះ​ឥទ្ធិពល​អាក្រក់ ឬ​ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ដោយ​ផ្ទាល់​ទៅ​លើ​អារម្មណ៍ និង​កិច្ចការ​របស់​អ្នក​សារព័ត៌មាន។ ប៉ុន្តែ លោក​យល់​ថា បញ្ហា​ទាំងអស់​នេះ គឺ​បង្ក​ឡើង​ដោយ​បុគ្គល​ពាក់ព័ន្ធ​នឹង​ការ​រក​ស៊ី​ឈើ​ខុស​ច្បាប់ វា​មិន​មែន​ជា​ការ​បង្ក្រាប​ធ្វើ​ឡើង​ទូទៅ​ដោយ​សមត្ថកិច្ច ដើម្បី​បំភិតបំភ័យ​អ្នក​សារព័ត៌មាន​ឡើយ៖ «ប្រតិកម្ម​ទាំង​ឡាយ​ដែល​យើង​ពិនិត្យ​មើល​ទៅ វា​ជា​ប្រតិកម្ម​ភ្លាមៗ ដូច្នេះ​វា​មិន​មែន​ជា​គម្រោង​ថា​ត្រូវ​ធ្វើ​អ៊ីចឹង ដើម្បី​កុំ​ឲ្យ​ពួក​លើក​ក្រោយ អ្នក​កាសែត​ក្រោយៗ​ហ៊ាន​ត​ទៅ​ទៀត​អី ខ្ញុំ​មិន​គិត​អ៊ីចឹង​ទេ ខ្ញុំ​គិត​ថា វា​ជា​ប្រតិកម្ម​ភ្លាម​របស់​មនុស្ស​ដែល​គាត់​ធ្វើ​កិច្ច ដែល​មិន​ស្រប​ច្បាប់»

ទោះ​យ៉ាង​ណា​ក្តី ក្លិប​អ្នក​កាសែត​កម្ពុជា ចាត់​ទុក​សកម្មភាព​ចាប់​ខ្លួន និង​វាយ​ដំ​លើ​អ្នក​សារព័ត៌មាន ជា​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ស្មារតី និង​សុវត្ថិភាព​អ្នក​សារព័ត៌មាន និង​ជា​ចេតនា​រារាំង​ដល់​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ព្រម​ទាំង​បន្ទច់បង្អាក់​ដោយ​ផ្ទាល់​ដល់​ដំណើរ​ការ​នៃ​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ អង្គការ​ការពារ និង​បម្រើ​ផល​ប្រយោជន៍​អ្នក​កាសែត​មួយ​នេះ បាន​អំពាវនាវ​ឲ្យ​ស្ថាប័ន​អនុវត្ត​ច្បាប់​នៅ​កម្ពុជា ធ្វើ​ការ​ស៊ើប​អង្កេត និង​វែក​មុខ​ជន​បង្ក​ហេតុ ដើម្បី​នាំ​យក​ពួក​គេ​មក​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់ និង​ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​អ្នក​សារព័ត៌មាន​រងគ្រោះ។

ទាក់ទង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ទទួល​យក​ការ​អំពាវនាវ​នេះ៖ «សូម​ទទួល​នូវ​ក្តី​អំពាវនាវ​នេះ បន្ថែម​ទៅ​លើ​ការ​ស៊ើប​អង្កេត​កន្លង​មក​របស់​សាក្សី ដើម្បី​យើង​ធ្វើ​កិច្ចការ​យ៉ាង​ណា​ឲ្យ​បាន​ស្វែង​រក​ជន​ល្មើស​ដែល​ខុស​ច្បាប់​ហ្នឹង​ទៅ​តុលាការ ព្រោះ​សមត្ថកិច្ច​មិន​ដែល​គិត​ថា អ្នក​ណា​ជា​ខាង​ណា អ្នក​ណា​ជា​ខាង​ណី​ទេ ឲ្យ​តែ​បទ​ល្មើស យើង​គិត​ទៅ​តាម​ច្បាប់​នោះ​ឯង»

ក្លិប​អ្នក​កាសែត​កម្ពុជា អះអាង​ថា នឹង​បន្ត​តាម​ដាន​ដោយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ករណី​នេះ ដើម្បី​ការពារ​សេរីភាព​សារព័ត៌មាន និង​ស្វែង​រក​យុត្តិធម៌​ពិត​ប្រាកដ​ឲ្យ​ដល់​ជន​រងគ្រោះ។

អង្គការ​ការពារ​សេរីភាព​សារព័ត៌មាន​ឈ្មោះ ហ្វ្រីដឹម ហៅស៍ (Freedom House) កាល​ពី​ឆ្នាំ​២០១៣ បាន​ដាក់​ចំណាត់​ថ្នាក់​ខាង​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ស្ថិត​ក្នុង​ប្រភេទ​ប្រទេស​មាន​ពណ៌​ក្រហម មាន​ន័យ​ថា ជា​ប្រទេស​ដែល​គ្មាន​សេរីភាព​សារព័ត៌មាន​ទាំង​ស្រុង។ នៅ​កម្ពុជា ក្នុង​រយៈពេល ២០​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​អ្នក​សារព័ត៌មាន​ប្រមាណ ១០​នាក់​ហើយ ត្រូវ​បាន​គេ​សម្លាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។