អភិបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យមានពិធីដង្ហែក្បួនគោរពវិញ្ញាណក្ខន្ធ លោក ជា វិជ្ជា នោះទេ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីសម្ពោធសាលាសង្កាត់ និងប៉ុស្តិ៍នគរបាលស្ពានថ្ម ខណ្ឌដង្កោ កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ លោក ប៉ា សុជាតិវង្ស ថា ការសម្ដែងមតិមិនមែនផ្ដោតសំខាន់លើការដង្ហែក្បួនទេ។ លោកបន្តទៀត ការដង្ហែក្បួន អាចធ្វើឲ្យជនឱកាសនិយម ឬបាតដៃទី៣ បង្កបញ្ហាអសន្តិសុខ និងប៉ះពាល់ធ្ងន់ធ្ងរដល់សណ្ដាប់ធ្នាប់សាធារណៈ។
ទោះមិនអនុញ្ញាតឲ្យមានការហែក្បួនក្នុងពិធីគោរពវិញ្ញាណក្ខន្ធ លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មការកម្ពុជា ប៉ុន្តែអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ថា ក្រុមសហជីពអាចធ្វើពិធី ឬការសម្ដែងមតិនៅមុខរូបសំណាក លោក ជា វិជ្ជា នៅកន្លែងតម្កល់រូបសំណាកត្រង់សួនច្បារប៉ែកខាងលិចវិមានឯករាជ្យរាជធានីភ្នំពេញ នៅទីលានប្រជាធិបតេយ្យ ទីស្នាក់ការរបស់សហជីព និងទីតាំងឯកជនមួយចំនួនទៀត។
លោកបន្តទៀតថា ការមិនអនុញ្ញាតឲ្យដង្ហែក្បួននេះ មិនមែនជាការរើសអើងរបស់អាជ្ញាធរនោះទេ ប៉ុន្តែការដង្ហែក្បួន គឺប៉ះពាល់ធ្ងន់ធ្ងរដល់រាជធានីភ្នំពេញ និងពលរដ្ឋផ្សេងទៀត៖ «ខ្ញុំគិតថាការសម្ដែងមតិមិនមែនជាបញ្ហាធំ មិនមែនសម្រាប់តែការដង្ហែក្បួននៅតាមដងផ្លូវទេ កន្លែងណាក៏ធ្វើទៅបាន។ យើងប្រយ័ត្នបំផុតបាតដៃទី៣ ដែលលោតចូលទៅការដង្ហែក្បួនហ្នឹង បើស្រុកខ្មែរងាយណាស់ បើហែក្បួនទៅមានបងប្អូនណាមួយញុះញង់ឲ្យមានចលាចល ហើយរត់ចូលផ្សារបាត់ទៅ តើអ្នកណាជាអ្នកទទួលខុសត្រូវ?»។
លោក ជា វិជ្ជា ជាអតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានឃាតកបាញ់សម្លាប់កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ នៅមុខតូបកាសែតក្បែរវត្តលង្កា រាជធានីភ្នំពេញ។ សហជីពយកថ្ងៃទី២២ ខែមករា ជាថ្ងៃគោរពវិញ្ញាណក្ខន្ធ លោក ជា វិជ្ជា។
ប្រធានសហជីពសេរីកម្មករដែលជាប្អូនប្រុសរបស់ លោក ជា វិជ្ជា គឺលោក ជា មុនី មិនបានបង្ហាញការភ្ញាក់ផ្អើលចំពោះចំណាត់ការរបស់សាលាក្រុងភ្នំពេញនៅពេលនេះទេ ហើយលោកក៏មិនប្រឆាំងការសម្រេចនេះដែរ។ លោកឲ្យដឹងថា ក្នុងពិធីគោរពវិញ្ញាណក្ខន្ធ តំណាងសហជីពជាង ១៥០នាក់ នឹងជួបជុំគ្នានៅមុខរូបសំណាក លោក ជា វិជ្ជា ដើម្បីដាក់កម្រងផ្កា៖ «បើសិនឃាតកនោះជាឃាតកសាមញ្ញ ទៅដល់ណាក៏បានដែរ ប៉ុន្តែឃាតកនោះគេចិញ្ចឹមសម្រាប់បាញ់តារាចម្រៀង ព្រះសង្ឃ បើនិយាយឲ្យចំសម្រាប់បាញ់អ្នកធ្វើការទាមទារ ធ្វើការប្រឆាំងរដ្ឋាភិបាល គេរកមិនដែលឃើញទេ»។
ចាប់តាំងពីមានការបាញ់សម្លាប់ លោក ជា វិជ្ជា ដែលបានកន្លងផុត ១១ឆ្នាំមកហើយនោះ ក្រុមសហជីពតែងតែដើរដង្ហែក្បួនឆ្ពោះទៅកន្លែងដែលឃាតកបាញ់សម្លាប់ នៅមុខតូបលក់កាសែតក្បែរវត្តលង្កា ប៉ុន្តែការដង្ហែក្បួនត្រូវបានផ្អាកនៅឆ្នាំ២០១៥ និងឆ្នាំ២០១៦ ខាងមុខ។
លោក ជា មុនី ថាការបាញ់សម្លាប់បងប្រុសលោក ជារឿងនយោបាយ។ ដូច្នេះលោកគ្មានជំនឿថា សមត្ថកិច្ចអាចវែករកឃាតកឃើញទេ។
ទាក់ទងរឿងនេះដែរ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ថា រដ្ឋាភិបាលដែលគ្រប់គ្រងដោយ លោក ហ៊ុន សែន មិនអាចរកឃាតកឃើញឡើយ។ អ្នកនាំពាក្យគណបក្សប្រឆាំងរូបនេះថា គណបក្សសង្គ្រោះជាតិ នឹងចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ជា វិជ្ជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ ខាងមុខ៖ «២០ឆ្នាំចុងក្រោយនេះ ឃាតកដែលទាក់ទងសម្លាប់បុគ្គលសាធារណៈ អ្នកនយោបាយ រកអត់ឃើញទេ ប្រហែលរដ្ឋាភិបាលថ្មីបានរកឃើញ»។
កាលពីចុងខែមិថុនា ឆ្នាំ២០១៥ លោក ហ៊ុន សែន បានបង្កើតគណៈកម្មការអន្តរក្រសួងពិសេសថ្មីមួយ ដើម្បីធ្វើការស៊ើបអង្កេតករណីឃាតកម្ម លោក ជា វិជ្ជា ដោយបញ្ជាឲ្យរដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការងារ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះតាមតួនាទីរៀងៗខ្លួន ប៉ុន្តែរហូតមកទល់ពេលនេះ គេមិនទាន់ឃើញគណៈកម្មការនេះបង្ហាញអ្វីជាដុំកំភួននៅឡើយទេ។
ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធ លោក ជា វិជ្ជា សាលាក្រុងភ្នំពេញបានសាងសង់រូបសំណាក លោក ជា វិជ្ជា កាលពីខែឧសភា ឆ្នាំ២០១៣ តាមសំណើរបស់ លោក ជា មុនី។
លោក ជា មុនី អះអាងថា ប្រសិនតុលាការកម្ពុជា មានឯករាជភាព និងយុត្តិធម៌ពិតប្រាកដ លោកនឹងដើរចង្អុលមុខឃាតកដែលបាញ់សម្លាប់បងប្រុសរបស់លោកឲ្យសាធារណជនបានដឹង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
