Child Helpline បង្កើន​ការ​អប់រំ​ផ្លូវ​ចិត្ត​កុមារ​និង​យុវវ័យ​២៤​ម៉ោង

អង្គការ​បណ្ដាញ​ទូរស័ព្ទ​ជំនួយ​កុមារ​កម្ពុជា មាន​គោលដៅ​ផ្តល់​ឲ្យ​កុមារ និង​យុវវ័យ និយាយ​អំពី​កង្វល់​របស់​ពួក​គេ​ជាមួយ​បុគ្គលិក​របស់​អង្គការ​នោះ តាម​រយៈ​លេខ​ទូរស័ព្ទ​មិន​គិត​កម្រៃ គឺ​លេខ​១២៨០ ដើម្បី​ឲ្យ​មាន​ការ​ជួយ​គាំទ្រ​ផ្លូវ​ចិត្ត។
ដោយ អ៊ុក សាវបូរី
2013-02-27
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
បណ្ដាញ​ទូរស័ព្ទ​ជំនួយ​កុមារ​កម្ពុជា ៣០៥
២៧-កុម្ភៈ-២០១៣៖ បណ្ដាញ​ទូរស័ព្ទ​ជំនួយ​កុមារ​កម្ពុជា ពិគ្រោះ​យោបល់​តាម​រយៈ​ទូរស័ព្ទ​លេខ​១២៨០ ដោយ​ឥត​គិត​ថ្លៃ។
Photo Courtesy of childhelpline.org.kh

លេខ​ទូរស័ព្ទ​១២៨០ នេះ ត្រូវ​បាន​ក្រសួង​ទូរគមនាគមន៍ សហការ​បើក​ឲ្យ​អង្គការ​នោះ​ប្រើ​ដើម្បី​ជួយ​រួម​ចំណែក​អប់រំ​យុវវ័យ និង​កុមារ ដើម្បី​ដោះស្រាយ​បញ្ហា​ផ្លូវ​ចិត្ត​នានា ដូច​ជា​បង្ការ​កុំ​ឲ្យ​កុមារ និង​យុវវ័យ​គិត​ខ្លី​នូវ​បញ្ហា​អ្វី​មួយ​ដែល​ដោះស្រាយ​មិន​ទាន់​ចេញ ឬ​ចង់​បោះ​បង់​ចោល​ការ​សិក្សា រង​នូវ​អំពើ​ហិង្សា​ពី​គ្រួសារ ឬ​ស្ថាប័ន​ណា​មួយ​ឲ្យ​គេ​ហ៊ាន​និយាយ​ការ​ពិត​ទៅ​មន្ត្រី​អង្គការ​នោះ ហើយ​ស្ថាប័ន​នេះ​នឹង​ជួយ​លាក់ការណ៍​ដោយ​មិន​បញ្ចេញ​ព័ត៌មាន​ទៅ​ខាង​ក្រៅ​នោះ និង​ជួយ​រក​ដំណោះស្រាយ។

អង្គការ​បណ្ដាញ​ទូរស័ព្ទ​ជំនួយ​កុមារ​កម្ពុជា ហៅ​ជា​ភាសា​អង់គ្លេស​ថា ឆាល ហៀបឡាញ (Child Helpline) នឹង​បង្កើន​ការ​អប់រំ​ផ្លូវ​ចិត្ត​កុមារ និង​យុវវ័យ​ចំនួន ២៤​ម៉ោង ក្នុង​១ថ្ងៃ ចាប់​ពី​ថ្ងៃទី១ ខែ​មីនា ឆ្នាំ​២០១៣ ត​ទៅ។

នាយក​ប្រតិបត្តិ​អង្គការ​បណ្ដាញ​ទូរស័ព្ទ​ជំនួយ​កុមារ​កម្ពុជា លោក សៀន សុផៃ អះអាង​នៅ​ថ្ងៃ​អង្គារ ទី២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៣ ថា អង្គការ​នេះ​មាន​គោលដៅ​លើក​កម្ពស់​សិទ្ធិ​កុមារ និង​បង្កើត​ឱកាស​សម្រាប់​ការពារ​កុមារ និង​យុវវ័យ តាម​រយៈ​ការ​ផ្តល់​សេវា​ពិគ្រោះ​យោបល់​ជាមួយ​អ្នក​ជំនាញ​ច្បាស់​លាស់ តាម​រយៈ​ទូរស័ព្ទ​១២៨០ ដែល​ក្រុមហ៊ុន​ទូរស័ព្ទ​ក្នុង​ស្រុក​ទាំង​១០ សហការ​បើក​លេខ​១២៨០ នេះ មិន​គិត​កម្រៃ ក្រោម​ជំនួយ​អន្តរាគមន៍​ពី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ឲ្យ​មាន​សេវា​ព័ត៌មាន​ជាក់​លាក់ និង​សេវា​បញ្ជូន​បន្ត និង​តាម​ដាន​ដែល​សមស្រប​ទៅ​កាន់​ស្ថាប័ន អង្គការ​ដៃគូ​នានា។ លោក​ថា អង្គការ​នេះ​នឹង​ពិគ្រោះ​យោបល់​តាម​ទូរស័ព្ទ​១២៨០ ជា​សេវា​ផ្តល់​ព័ត៌មាន​សម្រាប់​កុមារ និង​យុវវ័យ រហូត​ដល់​អាយុ ២៥​ឆ្នាំ ឲ្យ​ពិភាក្សា​ជាមួយ​បុគ្គលិក​អង្គការ​នោះ នៅ​គ្រា​ដែល​កុមារ និង​យុវវ័យ​មាន​បញ្ហា​វិបត្តិ​នានា​លាក់​ទុក​ក្នុង​ចិត្ត ព្រោះ​គ្មាន​អ្នក​ពិគ្រោះ​យោបល់ ដែល​នាំ​ឲ្យ​កុមារ និង​យុវវ័យ ហ៊ាន​ប្រព្រឹត្ត​នូវ​អំពើ​មិន​គប្បី​ណា​មួយ។

លោក សៀន សុផៃ៖ «អារម្មណ៍​មិន​ល្អ ធ្វើ​ឲ្យ​ខ្ញុំ​ចង់​សម្លាប់​ខ្លួន​អីចឹង។ អីចឹង​បើ​ខល (call) មក​ហៀបឡាញ (Help Line) លេខ​១២៨០ គឺ​ថា​បុគ្គលិក​ផ្នែក​ខាង​ហៀបឡាញ ហ្នឹង គាត់​ជួយ​គាំទ្រ​ផ្លូវ​ចិត្ត ធ្វើ​ឲ្យ​គាត់​យ៉ាង​ម៉េច​ឲ្យ​គាត់​មាន​អារម្មណ៍​ល្អ​ប្រសើរ​ឡើង​វិញ កុំ​ឲ្យ​ចង់​សម្លាប់​ខ្លួន​អីចឹង។ ប៉ុន្តែ បើ​ករណី​ផ្សេង ឧទាហរណ៍ ថា​គាត់​ត្រូវ​គេ​ប៉ុនប៉ង​រំលោភ ហើយ​គាត់​ខល មក​១២៨០ ហ្នឹង ដោយ​សារ​ថា​ខល ទៅ ហតឡាញ (Hot line) គាត់​ចាំបាច់​ត្រូវ​មាន​លុយ​ក្នុង​ទូរស័ព្ទ ដល់​ខល មក​១២៨០ ហ្នឹង គឺ​អត់​ចាំបាច់​មាន​លុយ​ទេ។ ខល ចូល​បាន អីចឹង​គាត់​ថា​ត្រូវ​ការ​អន្តរាគមន៍ គាត់​ចង់​ឲ្យ​ខាង​អ៊ិនជីអូ (NGO) អ្នក​អន្តរាគមន៍ ឬ​ក៏​ឲ្យ​ប៉ូលិស​អន្តរាគមន៍ អីចឹង​ខាង​ហៀបឡាញ ហ្នឹង គាត់​ទាក់​ទង​ទៅ​ខាង​អង្គការ​ដៃគូ ឬ​ក៏​ប៉ូលិស ដើម្បី​រាយការណ៍​ពី​រឿង​ហ្នឹង ហើយ​ប្រាប់​ភិនភាគ​ថា​អ្នក​ហ្នឹង​នៅ​ទីណា​អីចឹង ដើម្បី​ចុះ​ទៅ​អន្តរាគមន៍»

លោក​ថា អង្គការ​នេះ​បាន​ចាប់​ដំណើរ​ការ​ពិគ្រោះ​យោបល់​ដើម្បី​គាំទ្រ​ផ្លូវ​ចិត្ត​កុមារ និង​យុវជន តាំង​ពី​ខែ​សីហា ឆ្នាំ​២០១០ ដោយ​ទទួល​បាន​ការ​ហៅ​ចូល​ពី​កុមារ និង​យុវវ័យ ក្នុង ១​ខែ ចន្លោះ​ពី ១​ម៉ឺន ទៅ ១​ម៉ឺន ២​ពាន់​នាក់។ ការ​សាក​ល្បង​ដំបូង អង្គការ​នេះ​ទទួល​ពិគ្រោះ​យោបល់​មាន​កំណត់ គឺ​តែ ៧​ថ្ងៃ​ក្នុង​១សប្តាហ៍ និង​ចាប់​ពី​ម៉ោង ៧​ព្រឹក រហូត​ដល់​ម៉ោង​៨ និង ៣០​នាទី​យប់​ប៉ុណ្ណោះ។ ប៉ុន្តែ​ដោយ​សារ​កុមារ និង​យុវវ័យ​ជាច្រើន បាន​ទំនាក់​ទំនង​ដើម្បី​ពិគ្រោះ​យោបល់ អង្គការ​នេះ​បាន​បង្កើន​ម៉ោង​ពិគ្រោះ​យោបល់​រហូត​ដល់ ២៤​ម៉ោង ក្នុង​១ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី១ ខែ​មីនា ឆ្នាំ​២០១៣ ត​ទៅ។

យុវជន ស្រៀង ជេដ្ឋា អាយុ ២២​ឆ្នាំ រស់នៅ​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា គាត់​មិន​ដែល​បាន​ឮ​បណ្ដាញ​លេខ​ទូរស័ព្ទ​១២៨០ នេះ​ផ្សព្វផ្សាយ​ដល់​ពួក​គេ​ទេ។ នៅ​ពេល​មាន​បញ្ហា​កង្វល់​អ្វី គាត់​ពិគ្រោះ​ជាមួយ​មិត្តភ័ក្ដិ។

យុវតី លីលី អាយុ ២១​ឆ្នាំ ជា​បុគ្គលិក​ទីផ្សារ​ក្រុមហ៊ុន​គ្រឿង​អលង្ការ​នៅ​ភ្នំពេញ ថ្លែង​ដូច​គ្នា​ថា ក្រុម​គាត់​ជា​យុវជន និង​យុវនារី​ច្រើន​នាក់​មិន​ដែល​បាន​ទទួល​ព័ត៌មាន​ពិគ្រោះ​យោបល់​គាំទ្រ​ផ្លូវ​ចិត្ត តាម​រយៈ​ទូរស័ព្ទ​លេខ​១២៨០ នេះ​ឡើយ៖ «អត់​ដែល​ទទួល​ព័ត៌មាន​ពី​រឿង​នេះ​ផង»

បុគ្គលិក​អង្គការ​បណ្ដាញ​ទូរស័ព្ទ​ជំនួយ​កុមារ​កម្ពុជា លោក ទិត្យ ប៊ុណ្ណា ថ្លែង​ថា អង្គការ​នេះ​បាន​ផ្សព្វផ្សាយ​នូវ​លេខ​ទូរស័ព្ទ​១២៨០ តាម​សាលា​រៀន​ឲ្យ​កុមារ និង​យុវជន អាច​ទំនាក់​ទំនង ដើម្បី​ជួយ​កុមារ និង​យុវវ័យ​នៅ​កម្ពុជា ពេល​ធំ​ដឹង​ក្តី​ឡើង ចេះ​គេច​រួច​ពី​អំពើ​ហិង្សា អំពើ​រំលោភ​បំពាន​សិទ្ធិ និង​ផ្លូវ​ភេទ អំពើ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម និង​បាន​ស្គាល់​អំពី​សិទ្ធិ និង​សក្ដានុពល​របស់​ខ្លួន​គេ​ពេញ​លេញ។

លោក សៀន សុផៃ នាយក​ប្រតិបត្តិ​អង្គការ​បណ្ដាញ​ទូរស័ព្ទ​ជំនួយ​កុមារ​កម្ពុជា ថ្លែង​ថា ការ​ពិគ្រោះ​យោបល់​តាម​ទូរស័ព្ទ​លេខ​១២៨០ នេះ មិន​មាន​ឲ្យ​ផ្សាយ​តាម​វិទ្យុ ឬ​ទូរទស្សន៍​ទេ ជា​ការ​ពិភាក្សា​ឯកជន និង​លាក់ការណ៍។ ក្រោយ​ការ​ពិភាក្សា បុគ្គលិក​ទាំង​អស់​មិន​អាច​ទាក់​ទង​កុមារ និង​យុវវ័យ​ហៅ​ចូល​មក​នោះ​ក្រៅ​ម៉ោង​ធ្វើ​ការ​ទេ ព្រោះ​មាន​អ្នក​ចាំ​ត្រួត​ពិនិត្យ​បុគ្គលិក​ទាំង​នោះ​ដោយ​ម៉ត់ចត់ បង្ការ និង​ការពារ​សិទ្ធិ​អ្នក​ហៅ​ចូល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Virak

ពី conroe

ពិតជាល្អ!នរណាមុននឺងចង់ស្លាប់គួរតែមកមើលកម្មវិធីនេះសិន ក្រែងឡូដូរចិត្ត។

Feb 27, 2013 06:07 AM

Annonymous Reader

ពី Phnom Penh

មតិរបស់លោក Virak ហាក់ដូចជាច្របូកច្របល់បន្តិច! ឃ្លាដំបូងសរសើរថាល្អ! ឃ្លាចុងក្រោយ ហាក់បីដូចជា ចំអកទៅវិញ!

Feb 27, 2013 11:55 PM