អង្គការសង្គមស៊ីវិលសំដែងក្តីបារម្ភស្ដីពីការកើនឡើងនៃពលកម្មកុមារកម្ពុជា ដែលកំពុងធ្វើការងារក្នុងវិស័យផ្សេងៗ ដែលអាចប្រឈមនឹងគ្រោះថ្នាក់ និងជាតិពុល។
មន្ត្រីសង្គមស៊ីវិលអះអាងថា មូលហេតុសំខាន់នៃការកេងប្រវ័ញ្ចពលកម្មកុមារ ដោយសារអាជ្ញាធរមិនទាន់បានអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ ចំណែកឪពុកម្ដាយនៅតែបន្តទាមទារកូនចៅឲ្យជួយធ្វើការងារដើម្បីជួយរកកម្រៃក្នុងគ្រួសារ។
អង្គការការពារសិទ្ធិមនុស្សលីកាដូ នឹងប្រារព្ធទិវាប្រឆាំងពលកម្មកុមារអន្តរជាតិ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១២ មិថុនា នេះ ដោយផ្ដោតលើយុទ្ធនាការលុបបំបាត់ពលកម្មកុមារក្នុងវិស័យកាត់ដេរ និងនេសាទទឹកប្រៃ។ នៅថ្ងៃនេះ សកម្មជនសិទ្ធិមនុស្សប្រមាណ ២០០នាក់ នឹងជួបជុំគ្នានៅខេត្តកោះកុង ដើម្បីធ្វើយុទ្ធនាការអប់រំពលរដ្ឋឲ្យយល់ដឹងពីពលកម្មកុមារ។ ចំណែកនៅថ្ងៃទី១៥ មិថុនា វិញ អង្គការលីកាដូ នឹងជួបជុំសកម្មសិទ្ធិមនុស្ស និងតំណាងមន្ទីរការងារខេត្តប្រមាណ ៥០០នាក់ នៅខេត្តព្រះសីហនុ ដោយដើរជាក្បួន ហើយនឹងបើកវេទិកាសាធារណៈផ្ដោតលើបញ្ហាពលកម្មកុមារនៅកម្ពុជា។
មន្ត្រីសម្របសម្រួលផ្នែកសិទ្ធិកុមារនៃអង្គការលីកាដូ លោក គង់ សុជាតិ បញ្ជាក់ថា មានមូលហេតុជាច្រើនបណ្ដាលឲ្យកុមារកម្ពុជា បន្តរងការកេងប្រវ័ញ្ចផ្នែកពលកម្ម។ មូលហេតុចម្បងៗមួយចំនួនរួមមាន ភាពក្រីក្រ ឪពុកម្ដាយមានជំងឺ ឬជំពាក់បំណុលគេ និងការបាត់បង់ផ្ទះសម្បែង ដោយការបង្ខំបណ្ដេញចេញជាដើម។
អង្គការលីកាដូ រកឃើញថា ការបង្ខំបណ្ដេញចេញបានកើនឡើងជាច្រើនករណី។ ចាប់តាំងពីឆ្នាំ២០០០ មកពលរដ្ឋប្រមាណ ៥សែននាក់ រងផលប៉ះពាល់ដោយសារបញ្ហាដីធ្លី ផ្ដើមចេញពីគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាល។ កុមារជាច្រើនដែលត្រូវបានបង្ខំបណ្ដេញចេញពីផ្ទះសម្បែង បានបោះបង់ចោលការសិក្សា ហើយបានចាប់ផ្ដើមធ្វើការងារជាមួយឪពុកម្ដាយពួកគេ ដើម្បីរកចំណូលបន្ថែមក្នុងគ្រួសារ៖ «ព័ត៌មានដែលយើងទទួលបានឃើញថា ពលកម្មកុមារនៅតែមានបញ្ហាខ្ពស់នៅឡើយ បានន័យថា កុមារមួយចំនួនប្រឈមនឹងពលកម្មកុមារប៉ះពាល់ការរៀនសូត្រ និងរាងកាយ»។
ពលកម្មកុមារកំពុងគំរាមកំហែងសិទ្ធិស្ដីពីការរស់មានជីវិតប្រកបដោយសេចក្ដីថ្លៃថ្នូរ និងការលូតលាស់ផ្នែករាងកាយ និងស្មារតីរបស់កុមារ និងកិច្ចការពារកុមារពីការរំលោភបំពានផ្សេងៗ។
អង្គការលីកាដូ រកឃើញថា កុមារកំពុងធ្វើការងារនៅតាមផ្ទះរោងចក្រកាត់ដេរសំលៀកបំពាក់ រើសសំរាម នេសាទ កសិកម្ម និងឡឥដ្ឋ សំណង់ ព្រមទាំងវិស័យមួយចំនួនទៀត។ ស្ថានភាពការងារទាំងនោះឋិតនៅក្នុងភាពគ្រោះថ្នាក់ និងធ្វើការងារច្រើនម៉ោង មិនអាចឲ្យពួកគេមានឱកាសរៀនសូត្រ និងជួបជុំគ្រួសារ។ ពលកម្មកុមារច្រើនធ្វើឡើងដោយអាថ៌កំបាំង ធ្វើឲ្យសមត្ថកិច្ច និងក្រុមសិទ្ធិមនុស្សជួបផលវិបាកក្នុងការឃ្លាំមើលដើម្បីផ្តល់ការពារសិទ្ធិកុមារ។
លោក គង់ សុជាតិ ទទូចថា អាជ្ញាធរមិនគួរផ្តោតតែលើការព្យាយាមបំបាត់ពលកម្មកុមារតែមួយមុខនោះទេ ប៉ុន្តែមានបញ្ហាជាច្រើនទៀតដែលត្រូវដោះស្រាយ ដើម្បីធានាការពារសិទ្ធិកុមារ រួមមានការត្រួតពិនិត្យ ធានាថា គ្មានកុមារក្រោមអាយុ ១៨ឆ្នាំ ធ្វើការក្នុងលក្ខខណ្ឌគ្រោះថ្នាក់ និងហួសពេលកំណត់។
លោក គង់ សុជាតិ បន្តថា អាជ្ញាធរត្រូវតែដាក់ទោសក្រុមហ៊ុន ឬនិយោជកណាដែលប្រើប្រាស់ពលកម្មកុមារ និងត្រូវបញ្ចប់ការបង្ខំបណ្ដេញចេញពលរដ្ឋពីផ្ទះសម្បែង ដែលអាចបណ្ដាលឲ្យកុមារបាត់បង់ឱកាសសិក្សាដើម្បីស្វែងរកការងារធ្វើ។
ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃពុធទី១១ មិថុនា មិនទាន់ឆ្លើយតបនឹងសំណើអង្គការលីកាដូនៅឡើយទេ។ កាលពីឆ្នាំ២០១២ អង្គការពលកម្មការងារអន្តរជាតិរកឃើញថា កុមារជាង ៧សែន ៥ម៉ឺននាក់ ធ្វើការងារក្នុងវិស័យផ្សេងៗនៅកម្ពុជា។ ក្នុងចំណោមកុមារទាំងនោះ កុមារប្រមាណ ២សែន ៣ម៉ឺននាក់ កំពុងធ្វើការងារក្នុងលក្ខខណ្ឌគ្រោះថ្នាក់ និងរងផលប៉ះពាល់ពីជាតិពុល និងឧបករណ៍គ្រោះថ្នាក់មួយចំនួនទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
