លីកាដូ​ប្រារព្ធ​ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ​នៅ​ខេត្ត​ព្រះសីហនុ

អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ប្រារព្ធ​ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ នៅ​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​មិថុនា។

​ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោកស្រី ពុង ឈីវកេក មាន​ប្រសាសន៍​ថា ពលរដ្ឋ​ជា​អាណាព្យាបាល គ្រូ សិស្ស​និស្សិត និង​អាជ្ញាធរ​មូលដ្ឋាន​ជិត ៥០០​នាក់ បាន​ប្រារព្ធ​ខួប​លើក​ទី​១៣ នៃ​ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ ក្រោម​ប្រធានបទ​ពង្រឹង​កិច្ច​គាំពារ​សង្គម ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ពលកម្ម​កុមារ ក្នុង​គោលបំណង​រួមគ្នា​ដើម្បី​លុបបំបាត់ និង​ប្រឆាំង​ពលកម្ម​កុមារ​គ្រប់​រូបភាព។

​លោកស្រី ពុង ឈីវកេក៖ «រដ្ឋាភិបាល​ក្តី​អាជ្ញាធរ​គ្រប់​វិស័យ​តាំងពី​ថ្នាក់​ជាតិ​រហូត​ដល់​ថ្នាក់​ឃុំ ឲ្យ​លោក​ចាប់​អារម្មណ៍ ហើយ​ចាប់​ដៃ​គ្នា ធ្វើការ​ជាមួយ​សង្គម​ស៊ីវិល ជាមួយ​ប្រព័ន្ធ​ផ្សាយ​ព័ត៌មាន​ដើម្បី​រក​មធ្យោបាយ គ្រប់​មុខ​ទប់ស្កាត់​កុំ​ឲ្យ​មាន​ពលកម្ម​កុមារ​ទៀត ព្រោះ​កុមារ​យើង​ត្រូវ​ថែរក្សា​ឲ្យ​គ្នា​ទៅ​រៀន សំខាន់​បំផុត​ទៅ​រៀន។ ទី​២ ធ្វើ​ម៉េច​ថែរក្សា​សុខភាព​កុមារ​ដើម្បី​ឲ្យ​កុមារ​លូតលាស់​ធំ​ពេញវ័យ​ទៅ​ចូល​ធ្វើ​កិច្ច​ការងារ​ក្នុង​សង្គម បើ​មិន​អ៊ីចឹង​ទេ​យើង​នឹង​ខ្វះ​ធនធាន​មនុស្ស»។

អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ធ្លាប់​បាន​ប្រារព្ធ​ពិធី​ដូច​គ្នា​នេះ​ម្ដង​រួច​ទៅ​ហើយ នៅ​ខេត្ត​កោះកុង ​កាល​ពី​ថ្ងៃ​ទី​១២ មិថុនា ឆ្នាំ​២០១៤ កន្លង​ទៅ។

​តាម​តួលេខ​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) កាល​ពី​ឆ្នាំ​២០១២ រក​ឃើញ​ថា មាន​កុមារ​ជាង ៤​សែន​នាក់ (៤២៩.៣៨០) នៅ​ទូទាំង​ប្រទេស រងគ្រោះ​ដោយសារ​ពលកម្ម​កុមារ។ កុមារ​ទាំង​នោះ​ច្រើន​ធ្វើការ​លើស​ពី ៤៩​ម៉ោង​ក្នុង​មួយ​សប្ដាហ៍។

អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ រក​ឃើញ​ថា កុមារ​នៅតែ​បន្ត​រងគ្រោះ​ដោយ​ការ​ជួញដូរ​ពលកម្ម​កុមារ ការ​នេសាទ ការ​បម្រើ​តាម​ផ្ទះ ការងារ​នៅ​ឡ​ឥដ្ឋ និង​មាន​កុមារ​ខ្លះ​ធ្វើការ​ចំណាកស្រុក​ទៅ​ក្រៅ​ប្រទេស​ដោយ​មាន​ក្រុម​មេខ្យល់​ជា​អ្នក​នាំ។

អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ស្នើ​សុំ​ឲ្យ​រាជរដ្ឋាភិបាល​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​អស់ តាំងពី​ថ្នាក់​ជាតិ​ដល់​ថ្នាក់​មូលដ្ឋាន ត្រូវ​ចាប់អារម្មណ៍​និង​ចាប់ដៃ​សហការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ដើម្បី​រួមគ្នា​ទប់ស្កាត់​និង​ប្រឆាំង​ពលកម្ម​កុមារ​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។