លីកាដូ​បារម្ភ​ចំពោះ​កុមារ​ក្នុង​ពន្ធនាគារ​ប្រឈម​នឹង​ផ្លូវ​ច្បាប់​និង​អំពើ​ហិង្សា

នៅ​ថ្ងៃ​ទី​១ ខែ​មិថុនា រដ្ឋាភិបាល​កម្ពុជា និង​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា ក្នុង​គោល​បំណង​លើក​កម្ពស់ និង​ការ​គោរព​សិទ្ធិ​កុមារ ព្រម​ទាំង​បង្ហាញ​ពី​បញ្ហា​ប្រឈម​នានា​ដែល​កុមារ​កម្ពុជា កំពុង​ជួប​ប្រទះ។

សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​មាន​កម្រាស់ ៣​ទំព័រ ក្រៅ​ពី​លើក​ឡើង​ថា​ខ្លួន​បាន​លើក​កម្ពស់​ក្នុង​កិច្ចការ​សិទ្ធិ​កុមារ សេចក្តី​ថ្លែងការណ៍​នោះ​បង្ហាញ​ថា កុមារ​កម្ពុជា មួយ​ចំនួន កំពុង​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន​ដូចជា អំពើ​ហិង្សា ការ​ប្រើប្រាស់​គ្រឿងញៀន ការ​ជួញ​ដូរ​ពលកម្ម​កុមារ អនីតិជន​ទំនាស់​នឹង​ច្បាប់ និង​ការ​បោះបង់​ចោល​ការ​សិក្សា ជាដើម។

មិន​ខុស​គ្នា​ប៉ុន្មាន​ពី​សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល សេចក្តី​ថ្លែងការណ៍​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ បង្ហាញ​ក្តី​បារម្ភ​ចំពោះ​កុមារ​នៅ​ក្នុង​ពន្ធនាគារ​មួយ​ចំនួន ដែល​កំពុង​ប្រឈម​ផ្លូវ​ច្បាប់ និង​អំពើ​ហិង្សា។ ក្រៅ​ពី​បញ្ជ្រាប​ពី​សិទ្ធិ​ចម្បងៗ​ទាំង​៤ របស់​កុមារ​តាម​បទ​ចម្រៀង​ក្រោម​ចំណង​ជើង​ថា "បក្សី ១ មិថុនា"។

អង្គការ​លីកាដូ ទទូច​ដល់​រដ្ឋាភិបាល​បង្កើត​ប្រព័ន្ធ​យុត្តិធម៌​សម្រាប់​អនីតិជន ដោយ​បញ្ចប់​នូវ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​កុមារ​ទំនាស់​នឹង​ច្បាប់។ ជាង​នេះ​ទៅ​ទៀត អង្គការ​សិទ្ធិ​មនុស្ស​មួយ​នេះ សំណូមពរ​ដល់​ចៅក្រម ពិចារណា​ពី​ផល​អវិជ្ជមាន​រយៈពេល​វែង​របស់​អនីតិជន​ម្នាក់​ដែល​ជាប់​នៅ​ក្នុង​ពន្ធនាគារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។